ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ គ.ជ.ប ​ថា ​ការ​បិទ​ទ្វារ​ការិយាល័យ​ដើម្បី​រាប់​សន្លឹក​ឆ្នោត ជា​«ឆន្ទានុ​សិទ្ធិ»​របស់​ប្រធាន​មណ្ឌល


រូបឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតម្នាក់បង្ហាញសន្លឹកឆ្នោត ពេលរាប់សន្លឹកឆ្នោត ក្នុងអំឡុងការបោះឆ្នាតជាតិ​អាណត្តិទី ៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតម្នាក់បង្ហាញសន្លឹកឆ្នោត ពេលរាប់សន្លឹកឆ្នោត ក្នុងអំឡុងការបោះឆ្នាតជាតិ​អាណត្តិទី ៦ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។

លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅកាត់​ថា​(គ.ជ.ប) លើក​ឡើងថា ​ប្រធាន​មណ្ឌល​បោះ​ឆ្នោត​មាន​សិទ្ធិ​ក្នុង​ការ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ក្នុង​មណ្ឌល​បោះ​ឆ្នោត ហើយ​អាច​បិទ​ទ្វារ​បង្អួច​ ពេល​រាប់​សន្លឹក​ឆ្នោត​ ក្នុង​ករណី​មាន​ភ្លៀង​ខ្យល់​ដែល​បង្ក​ការ​រំខាន។ ក៏​ប៉ុន្តែ ប្រធាន​គណបក្ស​មួយ​ចំនួន​យល់​ថា​ចំណាត់​ការ​នេះ​មិន​ស្រប​តាម​នីតិវិធី និង​មិន​មាន​តម្លាភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឡើយ។

អ្នកនាំ​ពាក្យ​ស្ថាប័ន គ.ជ.ប ប្រាប់​វីអូអេ​ថា ​ប្រធាន​មណ្ឌល ឬ​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ​មាន «ឆន្ទានុ​សិទ្ធិ»​ ក្នុង​ការ​សម្រេច​ឱ្យ​ប្រជាពលរដ្ឋ​ចូល ​ឬ​មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​មណ្ឌល​បោះ​ឆ្នោត ដើម្បី​បញ្ចៀស​ការ​រំខាន​នានា​ដែល​អាច​កើត​ឡើង។ លោក​បន្ថែម​ថា ​ប្រធាន​មណ្ឌល​ក៏​មាន​សិទ្ធិ​បិទ​ទ្វារ​បង្អួច​ផង​ដែរ​ ក្នុង​ករណី​មាន​ភ្លៀង​ខ្យល់ ដែល​អាច​បង្ក​ការ​រំខាន​ដល់​ដំណើរ​ការ​បោះ​ឆ្នោត។

លោក​ថ្លែង​ថា៖ «បាន​ឬ​ក៏​មិន​បាន អាស្រ័យ​ទៅ​លើ​ឆន្ទានុសិទ្ធិ​របស់​ប្រធាន​មណ្ឌល ​ឬ​ការិយាល័យ​នោះ​បាទ។ ខ្ញុំ​ឧទាហរណ៍​ថា​ ការ​បោះ​ឆ្នោត​កន្លង​មក​មាន​ក្រុម​ខ្លះ​ចាំ​តែ​ឈរ​ស្រែក​ថា​ អា​នេះ​មិន​មែន​ខ្មែរ។ ឧទាហរណ៍​អ៊ឹចឹង! ស្រែក​ចុះ​ស្រែក​ឡើង​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​ចំពោះ​សេចក្ដី​រំខាន​ អ៊ឹចឹង​គេ​នឹង​មិន​ឱ្យ​ឈរ​ជិត​ទេ ប៉ុន្ដែ​[បើ]​សកម្មភាព​នោះ​ប្រក្រតី ពេល​នោះ​ប្រធាន​មណ្ឌល​គេ​មាន​ឆន្ទានុ​សិទ្ធិ​ចង់​ឈរ​មើល​តាម​បង្អួច ក៏​ឈរ​ទៅ»។

រូបឯកសារ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅទីស្តីការ គ.ជ.ប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅទីស្តីការ គ.ជ.ប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ខែ​មិថុនា ឆ្នាំ​ ២០២២ គណបក្ស​ភ្លើងទៀន​ធ្លាប់​បាន​អះអាង​ថា​ ស្ទើរ​គ្រប់​មណ្ឌល​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​បាន​បិទ​ទ្វារ​ចាក់​សោ​របង ចាប់​ពី​ម៉ោង​ ៣ រសៀល ហើយ​មាន​ការ​បណ្ដាញ​ពលរដ្ឋ​ចេញ​មិន​ឱ្យ​តាម​ដាន​ការ​រាប់​សន្លឹក​ឆ្នោត។ គណបក្ស​បន្ថែម​ថា​ ក៏​មាន​ការ​បណ្ដេញ​ភ្នាក់​ងារ​មក​ពី​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចេញពី​ការិយាល័យ​បោះ​ឆ្នោត​ផង​ដែរ។

គណបក្ស​ភ្លើង​ទៀន ​ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ​នៅ​កម្ពុជា ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នា​ខែកក្កដា​ខាង​មុខ​នេះ​ឡើយ ដោយ​សារ​កង្វះ​លិខិត​ស្នាម​ដើម្បី​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​របស់​គណបក្ស​នយោបាយ។

សហស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា​ លោក​ អ៊ូ ច័ន្ទរ័ត្ន ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រសិន​បើ​ប្រធាន​មណ្ឌល​មាន​និន្នាការ​គាំទ្រ​ការពារ​គណបក្ស​ណា​មួយ​ នោះ​វា​មាន​ផល​ប៉ះ​ពាល់​ដល់​សិទ្ធិ​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក​ថ្លែង​ថា៖ «ព្រោះ​ជួន​កាល គាត់​យល់​ហើយ ពេល​ណា​គួរ​បិទ​ទ្វារ​ ពេល​ណា​មិន​បិទ​ទ្វារ​ ពេល​ណា​រំខាន​ពេល​ណា​មិន​រំខាន។ ប៉ុន្ដែ​ប្រសិន​ជា​បុគ្គល​ដែល​ពាក់ព័ន្ធ​និន្នាការ​នយោបាយ​ ឬ​ក៏​គាំទ្រ​គណបក្ស​នយោបាយ ហើយ​មាន​អំណាច​ធ្វើ​អ្វី ដើម្បី​រារាំង ដើម្បី​បម្រើ​របស់​ខ្លួន​ អាហ្នឹង​អាច​នឹង​ធ្វើ​ទៅ​តាម​គំនិត ដែល​ខ្លួន​ចង់​ការពារ​គណបក្ស​របស់​ខ្លួន​ហ្នឹង​ អាហ្នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ហើយ»។

លោក​ជំរុញ​ឱ្យស្ថាប័ន​ គ.ជ.ប ធានា​តម្លាភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ដើម្បី​បង្កើតទំនុក​ចិត្ត​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ។

ចំណែក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក​ យ៉េង វីរៈ លើក​ឡើង​ថា​នីតិវិធី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​មិន​តម្រូវ​ឱ្យ​មាន​ការ​បិទ​ទ្វារ​នោះ​ទេ។ លោក​ថា ​មន្ត្រី​អាជ្ញាធរ​តាម​មណ្ឌល​មាន​សិទ្ធិ​បណ្ដេញ​បុគ្គល​ណា​ដែល​រំខាន​ដល់​ដំណើរ​ការ​បោះឆ្នោត ប៉ុន្តែ​មិន​បាច់​បិទ​ទ្វារ​បង្អួច​ឡើយ។

លោក​ថ្លែង​ថា៖ «បើ​ពិត​ជា​មាន​ភ្លៀង​ខ្យល់ ខ្យល់​ប៉ើង​អី​មែន​អាហ្នឹងវា​បិទ ប៉ុន្ដែ​កុំ​ឱ្យ​បិទ​គ្រប់​តែ​កន្លែង​ អត់​មាន​ភ្លៀង​ខ្យល់​ផង​ បញ្ហា​នៅ​កន្លែង​ហ្នឹង​កន្លង​មក​ហ្នឹង»។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ ឆ្នោត​និចហ្វិក (Nicfec) លោក សំ គន្ធាមី ប្រាប់​វីអូអេ​ថា​ លោក​យល់​ស្របទៅ​នឹង​ការ​លើក​ឡើង​របស់​ គ.ជ.ប ក្នុង​ការ​បិទ​ទ្វារ​បង្អួច ប្រសិន​បើ​មាន​ភ្លៀង​ខ្យល់​ដែល​រំខាន​ដល់​ការ​រាប់​សន្លឹក។

សមាគម​អាដហុក​ក៏​ធ្លាប់​បាន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ជុំវិញ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដូច​ជាវត្តមាន​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ក្នុង​បរិវេណ ​និង​ក្រៅ​ការិយាល័យ ដើម្បី​កត់​ឈ្មោះ​ប្រជា​ពលរដ្ឋ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត។ ហើយ​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយា​ល័យ​មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ការ​បិទ​ច្រក​ទីតាំង​ការិយាល័យ​ និង​បិទ​ទ្វារ​បង្អួច​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ ដោយ​មិន​អនុញ្ញាត​ឱ្យប្រជា​ពលរដ្ឋ​មើល​ការ​រាប់​សន្លឹក​ឆ្នោត​ផង​ដែរ៕

XS
SM
MD
LG