អង្គការសង្គមស៊ីវិលយ៉ាងតិចចំនួន២ ដែលធ្វើការឃ្លាំមើលការបោះឆ្នោត បានឱ្យដឹងថា ពួកគេត្រៀមដាក់អ្នកសង្កេតការណ៍នៅតាមមណ្ឌលបោះឆ្នោតទូទាំងប្រទេសសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដាខាងមុខ។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា អង្គការខុមហ្វ្រែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់អ្នកសង្កេតការណ៍នៅតាមមណ្ឌលនានា ក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។ លោកបន្តថា អង្គការខុមហ្វ្រែលនឹងត្រៀមបញ្ជូនឈ្មោះអ្នកសង្កេតការណ៍ប្រមាណ២០០០នាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងខែមេសានេះ ដើម្បីស្នើសុំកាតអ្នកសង្កេតការណ៍។
បើតាមលោក កន សាវាង្ស អង្គការខុមហ្វ្រែលនឹងព្យាយាមធ្វើយ៉ាងណាស្វែងរកអ្នកសង្កេតការណ៍ឱ្យបានចំនួន ១០០០០នាក់ ដើម្បីដាក់ពង្រាយនៅតាមមណ្ឌលបោះឆ្នោត។
លោកថ្លែងថា៖ «យើងប្រឹងប្រែងរក ធ្វើម៉េចឱ្យប្រហែល១០០០០នាក់បាទ ពីព្រោះយើងវាមានបញ្ហាប្រឈមខ្លះដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយគឺថា វាអាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋ ហើយយើងនឹងខំប្រឹងធ្វើ យ៉ាងហោចណាស់ ទៅមើលផែនការដែលអាចនឹងក្រៀរគរបាន១០០០០នាក់បាទ។ ចាំមើល យើងនឹងខិតខំប្រឹង ប៉ុន្តែលទ្ធផលចុងក្រោយប៉ុនណា អាហ្នឹងយើងនឹងពិនិត្យមើលទៀត។ បើទោះបីយ៉ាងណាក៏ដោយ ខែ៤នេះ យើងនឹងដាក់បញ្ជូនឈ្មោះប្រហែល២០០០នាក់ទៅស្ថាប័ន គ.ជ.ប»។
លោកកត់សម្គាល់ថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ហើយ តែបែរជាលាឈប់ទៅវិញ ដោយសារតែភ័យខ្លាច។
លោកថ្លែងថា៖ «អ៊ីចឹងកន្លងមកគឺថា វាមានច្រើនទាក់ទងហ្នឹង ហើយក៏មានអ្នកខ្លះក៏មានការព្រួយបារម្ភ ការភ័យខ្លាចខ្លះដែរ ដោយសារតែការយល់ដឹងរបស់គាត់ ដោយសារតែមានការជ្រៀតជ្រែកផ្នែកនយោបាយខ្លះនៅមូលដ្ឋានហ្នឹង មានកន្លែងខ្លះក៏គាត់ព្រួយបារម្ភអំពីសុវតិ្ថភាព ឬក៏ការទំនាក់ទំនងរបស់គាត់ជាមួយអាជ្ញាធរមូលដ្ឋានអីជាដើម។ អ៊ីចឹងគាត់លាឈប់ លាលែងពីអ្នកសង្កេតការណ៍ផងដែរ។ នេះជាចំណុចមួយដែលយើងទទួលនូវបញ្ហាប្រឈមកន្លងមកហ្នឹង ហើយយើងតែងតែដោះស្រាយអំពីបញ្ហាហ្នឹងជាបន្តបន្ទាប់»។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិច (NICFEC) ដែលឃ្លាំមើលការបោះឆ្នោតដែរ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា អង្គការនិកហ្វិចនឹងដាក់ពង្រាយអ្នកសង្កេតការណ៍ក្នុងដំណើរការណ៍បោះឆ្នោតនាពេលខាងមុខនេះ ដោយមិនកំណត់ថា មានចំនួនប៉ុន្មាននាក់នោះទេ ពោលគឺផ្អែកលើថវិកាដែលអង្គការមាន។
លោកលើកឡើងថា៖ «កាលពីមុន យើងបានលុយពីអិនឌីអាយ [NDI ឬវិទ្យាស្ថានជាតិប្រជាធិបតេយ្យ] កាលពីឆ្នាំ២០១៧។ ឥឡូវអត់មានទេ។ ហើយអ្នកសង្កេតការណ៍ខ្ញុំច្រើនជាអ្នកស្ម័គ្រចិត្តទៀត គ្រាន់តែយើងត្រូវការថវិកាចំណាយលើវគ្គបណ្តុះបណ្តាល អ៊ីចឹងបាទ ហើយថ្លៃសាំងម៉ូតូ ថ្ងៃចុះសង្កេតការណ៍អ៊ីចឹង បាទ»។
វិទ្យាស្ថាន NDI ប្រចាំប្រទេសកម្ពុជា (National Democratic Institute) ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចបិទលែងឱ្យដំណើរការក្នុងប្រទេសកម្ពុជា ហើយថែមទាំងបណ្ដេញបុគ្គលិកបរទេសនៃអង្គការនេះចេញពីប្រទេស កាលពីខែសីហា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ថា អង្គការនេះបានជួយរៀបចំគម្រោងការឱ្យគណបក្សសង្គ្រោះជាតិផ្ដួលរំលំរដ្ឋាភិបាល។
អង្គការ NDI បានដំណើរការនៅកម្ពុជាអស់រយៈពេល២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ដើម្បីលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ដូចជាលើកទឹកចិត្តឱ្យមានតម្លាភាព និងការចូលរួមនយោបាយពីគ្រប់ភាគី និងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ជាដើម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា អង្គការលីកាដូមិនមានដាក់អ្នកសង្កេតការណ៍តាមមណ្ឌលបោះឆ្នោតទេ ប៉ុន្តែការងារស្នូលរបស់អង្គការលីកាដូ គឺនៅតែបន្តឃ្លាំមើលសេរីភាពជាមូលដ្ឋាន ក៏ដូចជាការរំលោភសិទ្ធិមនុស្សជាដើម។
ជាមួយគ្នានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា សមាគមអាដហុកមិនទាន់សម្រេចចិត្តថានឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួននៅតាមមណ្ឌលបោះឆ្នោតនៅឡើយទេ ពីព្រោះសមាគមនេះមើលឃើញបញ្ហាពាក់ព័ន្ធការចាប់ខ្លួន និងចោទប្រកាន់ទៅលើសកម្មជននយោបាយមួយចំនួន។
យ៉ាងណាក្តី អ្នកនាំពាក្យសមាគមរូបនេះបញ្ជាក់ថា សមាគមអាដហុកនឹងបន្តឃ្លាំមើលបន្ថែមចំពោះស្ថានភាពទូទៅនៃការបោះឆ្នោតជាតិនាពេលខាងមុខ។
ទាក់ទងនឹងការរៀបចំអ្នកសង្កេតការណ៍តំណាងគណបក្សនយោបាយវិញ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សភ្លើងទៀនបានរៀបចំអ្នកសង្កេតការណ៍ ហើយកំពុងតែបណ្តុះបណ្តាលពួកគេ។ លោកបន្ថែមថា គណបក្សភ្លើងទៀននឹងពង្រឹងសមត្ថភាពរបស់អ្នកសង្កេតការណ៍បន្ថែមទៀត ដើម្បីឱ្យពួកគេយល់ដឹងកាន់តែច្បាស់អំពីតួនាទីមួយនេះ។
វីអូអេមិនទាន់អាចសុំអត្ថាធិប្បាយពីលោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ដែលជាស្ថាប័នមួយតែងតែឃ្លាំមើលការបោះឆ្នោត បាននៅឡើយ។
កាលពីចុងខែមីនា ស្ថានទូតបរទេសចំនួនពីរក្នុងប្រទេសកម្ពុជា គឺស្ថានទូតជប៉ុន និងបារាំង បានបញ្ជាក់ថា ពួកគេនឹងមិនបញ្ជូនអ្នកសង្កេតការណ៍ផ្លូវការ ដើម្បីចូលរួមតាមដានការបោះឆ្នោតឡើយ។ ពួកគេមិនបានបញ្ជាក់មូលហេតុចំៗឡើយ។ ប៉ុន្តែអ្នកតាមដានមើលឃើញថា ស្ថានភាពនយោបាយ អវត្តមានមេដឹកនាំគណបក្សប្រឆាំង និងការកាត់ទោសមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ២៧ឆ្នាំ កាលពីដើមខែមីនា អាចជាចំណុចដែលនាំឲ្យមានការសម្រេចចិត្តមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលបរិច្ឆេទនៃការដាក់និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា និងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ ចំណែកកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា និងបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕