ការជួបជុំនយោបាយប្រឆាំងគ្នាពីរក្រុមដែលស្ថិតនៅចម្ងាយ ២ រយម៉ែត្រពីគ្នាតែប៉ុណ្ណោះ នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក បានកើតឡើងកាលពីថ្ងៃចន្ទម្សិលមិញ ពាក់ព័ន្ធនឹងរឿងសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក។
លោកប្រធានាធិបតី Donald Trump បានប្រកាសប្រាប់ក្រុមអ្នកគាំទ្ររបស់លោកថា៖ «ថ្ងៃនេះ យើងបានចាប់ផ្ដើមសាងសង់ជញ្ជាំងព្រំដែនដ៏ធំនិងស្រស់ស្អាតមួយនៅចំពីលើទន្លេ Rio Grande»។ លោក Trump ថ្លែងដូច្នេះចង់សំដៅលើជញ្ជាំងព្រំដែនដែលកំពុងសាងសង់ឡើងនៅតាមដងទន្លេ Rio Grande ដែលបែងចែកប្រទេសម៉ិកស៊ិកពីសហរដ្ឋអាមេរិក។
ស្របពេលលោក Trump ថ្លែងនៅឯកន្លែងសម្ដែងសិល្បៈឬកីឡានៃស្រុក El Paso លោក Beto O'Rourke អតីតសមាជិករដ្ឋសភា ដែលឥឡូវនេះកំពុងលេចមុខនៅក្នុងជួរគណបក្សប្រជាធិបតេយ្យ បានថ្លែងនៅក្នុងការជួបជុំនយោបាយមួយដើម្បីប្រឆាំងនឹងគម្រោងជញ្ជាំងព្រំដែនរបស់លោក Trump នៅមិនឆ្ងាយប៉ុន្មានពីការជួបជុំរបស់លោក Trump។
លោក Beto O'Rourke និយាយដូច្នេះថា៖ «ជញ្ជាំងព្រំដែនមិនអាចជួយសង្គ្រោះជីវិតបានទេ។ ប៉ុន្តែ វាជាការបញ្ចប់ជីវិតទៅវិញទេ។ នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ មានកុមារ ស្ត្រី និងបុរសជាង ៤ ពាន់នាក់ បានស្លាប់នៅពេលព្យាយាមឆ្លងចូលសហរដ្ឋអាមេរិក»។
លោក Trump បាននិយាយថា មនុស្ស ៦ ម៉ឺន ៩ ពាន់នាក់បានចូលរួមនៅក្នុងការជួបជុំរបស់លោក ប៉ុន្តែមានតែមនុស្ស ១ ម៉ឺននាក់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យចូលរួមនៅខាងក្នុងកន្លែងជួបជុំនោះ ចំណែកឯមនុស្សរាប់ពាន់នាក់ទៀតមើលការជួបជុំនេះតាមការផ្សាយផ្ទាល់តាមអេក្រង់វីដេអូដ៏ធំ។
ការជួបជុំនយោបាយប្រឆាំងគ្នាទាំងពីរក្រុមនេះបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលកាលបរិច្ឆេទកំណត់មកដល់នៅថ្ងៃសុក្រ ដែលតម្រូវឲ្យសភាឯកភាពគ្នាលើគម្រោងសន្តិសុខព្រំដែន ដើម្បីបញ្ចៀសមិនឲ្យមានការបិទរដ្ឋាភិបាលមួយផ្នែកម្ដងទៀត៕