មន្រ្តីនគរបាល៨នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលនិងដកមុខតំណែង ក្រោយពិនិត្យឃើញមានសារធាតុញៀន ដែលជាអំពើល្មើសនឹងវិន័យនគរបាល។ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ និងសេចក្តីប្រកាសស្តីពីការបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិចុះថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤។
បើតាមប្រកាសបណ្តេញចេញពីការងារ មន្រ្តីទាំង ៨ នាក់នោះមកពីស្ថាប័នផ្សេងៗគ្នា ហើយអ្នកខ្លះជាមន្រ្តីនៃការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ មកពីផ្នែកគ្រប់គ្រងពលករខ្មែរនៅក្រៅប្រទេសនិងជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនជាដើម។
ជុំវិញបញ្ហានេះ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកទាំង ៨ នាក់នេះត្រូវបានរកឃើញថា ប្រើប្រាស់សារធាតុញៀន ទើបពួកគេត្រូវបានបណ្តេញចេញ។
អ្នកនាំពាក្យរូបនេះបន្ថែមថា បច្ចុប្បន្ននេះ លោក ស សុខា រដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃបានដាក់បទបញ្ជាទៅកាន់រដ្ឋបាលរាជធានីខេត្តឱ្យចាប់ផ្តើមរៀបចំ និងចេញយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្រ្តីរាជការស៊ីវិលនីមួយៗ។
បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃបានបណ្តេញមន្ត្រីនគរបាលប្រមាណ ១០០ នាក់ចេញពីក្របខណ្ឌនគរបាល ក្រោយរកឃើញថា ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន៕
វេទិកាបញ្ចេញមតិ