ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ចកម្ពុជា​ចាប់​បាន​គ្រឿងញៀន​ជាង​១តោន​កន្លះ​​ដែលគ្រោងដឹកទៅកោះតៃវ៉ាន់តាមផ្លូវ​ទឹក


មន្ត្រី​ប្រចាំ​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​បង្ហាញ​គ្រឿងញៀន​ដែល​រឹបអូសបាន​និង​ឧក្រិដ្ឋជន​ចំនួន​ ៥នាក់ នៅ​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (Facebook/Anti-Drug Department)
មន្ត្រី​ប្រចាំ​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​បង្ហាញ​គ្រឿងញៀន​ដែល​រឹបអូសបាន​និង​ឧក្រិដ្ឋជន​ចំនួន​ ៥នាក់ នៅ​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (Facebook/Anti-Drug Department)

សមត្ថ​កិច្ច​កម្ពុជា​ដែល​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ចាប់​បាន​គ្រឿង​ញៀន​ប្រមាណ ​១​តោន​កន្លះ កាល​ពី​ថ្ងៃ​ចន្ទ ​ដែល​ឧក្រិដ្ឋ​ជន​នាំ​ចូល​ពី​ប្រទេស​ឡាវ​ គ្រោង​ដឹក​ជញ្ជូន​ទៅ​កោះ​តៃវ៉ាន់។ ​នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​គ្រឿង​ញៀន។​

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ លោក ​ឃឹម សារ៉ាត់ ​នាយក​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ លើក​ឡើង​ថា​ គ្រឿង​ញៀន​ទាំង​នោះ​ គឺ​ដឹក​ចេញ​ពី​តំបន់​ត្រីកោណ​មាស​ ប្រទេស​ឡាវ ​ទៅ​កាន់​ដែន​កោះ​តៃវ៉ាន់ ​ដោយ​ឆ្លង​កាត់​ប្រទេស​កម្ពុជា។ ​លោក​បន្ថែម​ថា​ មុន​នឹង​ចេញ​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន ​កាល​ពី​ថ្ងៃទី​ ២២ ​ខែ​មករា​ ឆ្នាំ​ ២០២៤​ ក្រុម​ឧក្រិដ្ឋ​ជន​ទាំង​នោះ​បាន​ត្រៀម​ខ្លួន​រហូត​ដល់​ពីរសប្តាហ៍​ទៅ​ហើយ ​ដើម្បី​ដឹក​គ្រឿង​ញៀន​តាម​ទូក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ចេញ​ទៅ​កោះ​តៃវ៉ាន់។​

លោក​ថ្លែង​ថា៖​«ថ្ងៃទី​៣ ទី​៤ ទី​៥ ទី​៦​ វា​ចេញ​ធ្វើ​សកម្មភាព។ ​រហូត​ដល់​យប់​ថ្ងៃទី​២២​នេះ​ វា​ធ្វើ​សកម្ម​ភាព​បាន ​ដោយ​សារ​យើង​សង្ស័យ​ខ្លាំង​មែន​ទែន។ ​វា​ជួល​មនុស្ស។​ វា​ជួល​គ្នា​វា​អី​ ឱ្យ​ត្រៀម​ចាំ​ហើយ​ស្រេច​ ពេល​វា​ដឹក​អីវ៉ាន់​ទៅ​លំហ​សមុទ្រ ​បាន​ន័យ​ថា​ ទៅ​លំហ​សមុទ្រ​អន្តរ​ជាតិ​ ដើម្បី​ផ្ទេរ​គឺ​យើង​ដឹង​សកម្ម​ភាព​ទាន់​គឺ​យើង​កាក់​ជាប់​ជាមួយ​នឹង​វរៈ​ព្រំដែន​ទឹក​ជាមួយ​នឹង​ស្នងការ​ខេត្ត​ព្រះ​សីហនុ​បាន​ជោគ​ជ័យ​តែ​ម្តង»។​

លោក​ ឃឹម សារ៉ាត់ ​បន្ថែម​ថា​ មក​ទល់​ពេលនេះ​ សមត្ថ​កិច្ច​ចាប់​ឧក្រិដ្ឋ​ជន​បាន​ចំនួន​ ៦​នាក់​ជា​ជន​បរទេស ​ខណៈ​កំពុង​តែ​ស្វែង​រក​មេ​ខ្លោង ​១​នាក់​ទៀត ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះ​សីហនុ។​ បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​រូប​នោះ ​សមត្ថ​កិច្ច​បាន​តាម​ដាន​និង​ស៊ើប​អង្កេត​ករណី​នេះ ​អស់​រយៈ​ពេល​មួយឆ្នាំ​មក​ហើយ។​

វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ លោក ​ធុច បញ្ចសន្តិភាព ​បាន​នៅ​ឡើយ​ទេ។​

បើ​តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ​អាជ្ញាធរ​បាន​ស្រាវជ្រាវ​ស៊ើប​អង្កេត ​ឃ្លាំ​មើល​មុខ​សញ្ញា​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន ​ពី​ប្រទេស​ឡាវ​ឆ្លង​កាត់​កម្ពុជា​តាម​ផ្លូវ​គោក​ រួច​ដឹក​ចេញ​តាម​ផ្លូវ​សមុទ្រ ​ទៅ​ដែន​កោះ​តៃវ៉ាន់។ ​ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​នៅ​ទីតាំង​៣​ផ្សេងៗ​គ្នា។​ ទី១ ​កំពង់​ផែ​កំពេញ​ស្ទឹងហាវ ​ស្រុក​ស្ទឹង​ហាវ ​ខេត្ត​ព្រះសីហនុ។ ​ទី២ ​ផ្ទះ​ជួល​គ្មាន​លេខ ​ផ្លូវ​ទំនប់​រលក ​ភូមិ​៣ ​សង្កាត់​លេខ១ ​ក្រុង​ព្រះ​សីហនុ។​ ទី៣​ ផ្ទះ​លេខ​១៥៦​ ផ្លូវ​២៣​ បុរី​មួយ​កន្លែង​ ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ​ខណ្ឌ​កំបូល ​រាជធានី​ភ្នំពេញ។​

បើ​តាម​មន្ទីរ​ប្រឆាំង​គ្រឿង​ញឿន ​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំង​នោះ​មាន​សញ្ជាតិ​ជា​ជន​ជាតិ​ចិន​ ក្នុង​នោះ​មាន​ចិន​តៃវ៉ាន់​ផង​ដែរ ​និង​ជន​ជាតិ​សិង្ហ​បុរី​ម្នាក់។ ​វត្ថុតាង​ដែល​ចាប់​យក​បាន​រួម​មាន​គ្រឿង​ញៀន​ប្រភេទ​កេតាមីន​ (Ketamine) ​ចំនួន​១០០០​ដុំ ស្មើ​ ៩៨០​គីឡូក្រាម ​និង​ ៨០០​ក្រាម ​និង​គ្រឿង​ញៀន​មេតំហ្វេតាមីន ​(ICE) ​ចំនួន ​៥៣៤​ដុំ​ ស្មើ​ ៥៣២​គីឡូក្រាម ​និង ​៦០៩,៦០​ក្រាម។ គ្រឿង​ញៀន​សរុប​មាន​ចំនួន​ ១៥៣០​ដុំ​ ស្មើ​ ១​តោន​ ៥១៣​គីឡូក្រាម។ ​សមត្ថកិច្ច​កម្ពុជា​ក៏​ចាប់​បាន​ទូក​នេសាទ​ចំនួន ​២​គ្រឿង ​ រថយន្ត ១​គ្រឿង ​ម៉ូតូ១​គ្រឿង ​និង​ទូរសព្ទ​ដៃ​ចំនួន​ ៨​គ្រឿង។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត ​លើក​ឡើង​ថា ​កន្លង​មក​មាន​ច្រើន​ករណី​ដែល​កម្ពុជា​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋ​ជន​ប្រើប្រាស់​ជា​កន្លែង​ឆ្លង​កាត់ ​ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​ញៀន។​ លោក​បន្ថែម​ថា​ ការ​ឆ្លង​កាត់​និង​ចែក​ចាយ​នេះ​ក៏​ប៉ះ​ពាល់​ដល់​កម្ពុជា​ដែរ​ ដោយ​សារតែ​កម្ពុជា​ក៏​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ផង​ដែរ។​

លោក​បន្ថែម​ថា៖​ «អាហ្នឹង​វា​ជា​ចំណុច​មួយ​ដែល​កម្ពុជា​យើង​នៅ​តែ​មិន​សូវ​មាន​ឈ្មោះ​ល្អ​ បើ​សិន​ជា​មាន​ការ​ឆ្លង​កាត់​ច្រើន។ ​អ៊ីចឹង​ហើយ​បាន​ទាមទារ​ឱ្យ​កម្ពុជា​យើង​ពង្រឹង​បន្ថែម​នូវ​ក្នុង​ការ​ទប់​ស្កាត់​ និង​ការ​បង្ក្រាប​ទៅ​លើ​បញ្ហា​គ្រឿង​ញៀន​ ទោះ​បី​ជា​ឆ្លង​កាត់​ក៏​ដោយ​ លំហូរ​ចូល​មក​កម្ពុជា​ក៏​ដោយ»។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ ​កម្លាំង​កង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រះ​វិហារ​បាន​រក​ឃើញ​គ្រឿង​ញៀន​ជាង​មួយ​តោន​ នាំ​ចូល​ពី​ប្រទេស​ឡាវ​ ដែល​សមត្ថ​កិច្ច​អះអាង​ថា ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋ​ជន​យក​មក​ផ្លុង​ចោល​នៅ​ទីតាំង​មួយ​ក្នុង​ខេត្ត​នេះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG