ពលករខ្មែរធ្វើការនៅប្រទេសថៃចំនួន៨នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីសប្តាហ៍មុន ខណៈអ្នកមួយចំនួនទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើយោងតាមសាររំលែកទុក្ខរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ។
បើតាមសាររំលែកទុក្ខ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់នេះបានកើតឡើង កាលពីថ្ងៃទី៨ ខែមេសា នៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ដោយមានការបុកគ្នារវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ។
សាររំលែកទុក្ខដដែលបញ្ជាក់ថា៖ «ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃសូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយ ក្រុមគ្រួសារ សាច់ញាតិនៃសព»។
យោងតាមសារព័ត៌មាន Pattaya News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ពលករខ្មែរចំនួន៨នាក់បានស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលធ្វើដំណើរមកខេត្តឈុនបុរី ដើម្បីពន្យារបណ្ណការងារ។
បើតាមសារព័ត៌មានដដែល អ្នកដំណើរចំនួន៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ៤នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យ ព្រមទាំងមួយចំនួនទៀតបានរងរបួស។ បើតាមសារព័ត៌មានមួយនេះ គ្រោះថ្នាក់កើតឡើងអាចបណ្តាលមកពីអ្នកបើករថយន្តកុងតឺន័រងងុយគេង។
ប្រជាពលរដ្ឋខ្មែរប្រមាណមួយលាន ២០ម៉ឺននាក់ កំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា ពួកគេច្រើនគួរសមគឺជាពលករមិនស្របច្បាប់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា បញ្ហាដែលពលករខ្មែរប្រឈម ពេលធ្វើការនៅប្រទេសថៃ មានដូចជាការរស់នៅ ភាសា ការងារងន់មានប្រាក់ខែទាបជាដើម។ លោកជំរុឱ្យអាជ្ញាធរកម្ពុជាយកចិត្តទុកដាក់លើពួកគេបន្ថែមទៀត។
លោកថ្លែងថា៖«អ្វីដែលសំខាន់នោះគឺការត្រួតពិនិត្យ ការពិនិត្យមើលទៅលើស្ថានភាពពលករខ្មែរ និងការជួយពលករខ្មែរឱ្យទាន់ពេលវេលាពីស្ថានទូតឬក៏អាជ្ញាធរកុងស៊ុលនៅក្នុងប្រទេសថៃ អាហ្នឹងជារឿងមួយល្អ»។
យោងតាមរបាយការណ៍របស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ឆ្នាំ២០១៩ មួយភាគបីនៃពលករចំណាកស្រុកដែលត្រូវបានគេសាកសួរព័ត៌មាន ពុំមានការងារធ្វើក្នុងស្រុក មុនពេលពួកគេចេញពីកម្ពុជា។ ជិតពាក់កណ្តាល គឺគ្មានចំណូល និងប្រហែលពីរភាគបីបានសម្រេចចិត្តទៅប្រទេសថៃ ដើម្បីស្វែងរកការងារដោយសារពុំមានឱកាសការងារនៅក្នុងស្រុក និងដោយសារចង់បានចំណូលប្រសើរជាងមុន។
របាយការណ៍បង្ហាញថា ចំនួនពាក់កណ្តាលនៃអ្នកដែលត្រូវបានសម្ភាសបានផ្ញើប្រាក់ត្រឡប់ទៅស្រុកកំណើតប្រមាណ ១២២៨ដុល្លារក្នុងមួយឆ្នាំ ហើយថាប្រាក់ទាំងនេះ គឺជាប្រាក់ចំណូលចម្បងសម្រាប់ទំនុកបម្រុងគ្រួសារនៅប្រទេសកម្ពុជាឬក៏ដើម្បីប្រើប្រាស់ធ្វើឲ្យជីវភាពប្រសើរឡើង។
ក្នុងពេលចូលរួមពិធីសង្រ្កាន្តនៅប្រទេសថៃ កាលពីថ្ងៃទី៩ ខែមេសា រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានលើកឡើងថាពលករខ្មែរ១លាន២សែននាក់ក្នុងប្រទេសថៃ ក្នុងម្នាក់បានផ្ញើប្រាក់ទៅផ្ទះចំនួន១៦៧ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើយោងតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់ក្រសួងការងារចេញផ្សាយកាលពីថ្ងៃចន្ទ៕