ពួកទេសចររុស្ស៊ីកំពុងរត់ទៅកាន់ប្រទេសថៃដើម្បីគេចចេញពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនឬស្វែងផ្លាស់ទីលំនៅទៅកាន់ប្រទេសនៅតំបន់អាគ្នេយ៍មួយនេះ។
ប្រទេសថៃបានក្លាយជាកន្លែងជ្រកពួនសម្រាប់អ្នកទេសចររុស្ស៊ីដែលកំពុងព្យាយាមគេចខ្លួនពីសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែនដែលឥឡូវនេះបានចូលឆ្នាំទី២ហើយ។
ចាប់តាំងពីថៃបានបើកឡើងវិញយ៉ាងពេញទំហឹងនូវព្រំដែនរបស់ខ្លួនហើយបានលប់ចោលការរឹតត្បិតជំងឺកូវីដ១៩កាលពីខែតុលាឆ្នាំទៅមក ការមកដល់របស់ជនជាតិរុស្ស៊ីបានក្លាយជាភ្ញៀវទេសចរលំដាប់ទី៣បន្ទាប់ពីម៉ាឡេស៊ីនិងឥណ្ឌា។ នេះបើតាមទិន្ន័យរបស់រដ្ឋាភិបាលថៃ។
ឥឡូវនេះ ជនជាតិរុស្ស៊ីរាប់ពាន់នាក់កំពុងស្វែងរកទីកន្លែងរស់នៅថ្មីដោយការភ័យខ្លាចបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ីនិងកំណែនយោធាពីព្រោះតែសង្គ្រាមរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រទេសថៃជាទីដៅឈប់សម្រាកដ៏មានប្រជាប្រីយភាពសម្រាប់ទេសចររុស្ស៊ីជាយូរមកហើយ។ ថៃនិងរុស្ស៊ីជាដៃគូពាណិជ្ជកម្មដ៏ជិតស្និទ្ធហើយកាលពីឆ្នាំ២០១៩ រុស្ស៊ីជាទីផ្សារធំទី៧សម្រាប់វិស័យទេចរណ៍របស់ថៃ។ ថៃមិនបានធ្វើតាមប្រទេសលោកខាងលិច ដែលហាមឃាត់ពួកទេសចររុស្ស៊ីនោះទេ។
ពួកទេសចររុស្ស៊ីបានឆ្លៀតយកឱកាសនេះ។ នៅខែតុលា វិច្ឆិកានិងខែធ្នូ ជនជាតិរុស្ស៊ីជាង ៣៣១០០០នាក់ បានធ្វើដំណើរទៅប្រទេសថៃ។ នេះបើតាមទិន្ន័យដែលបានចេញផ្សាយដោយក្រសួងកីឡានិងទេសចរណ៍ថៃ។
ក្នុងចំណោមអ្នកទាំងនោះ មានរាប់ពាន់នាក់ក៏បានវិនិយោគនៅក្នុងប្រទេសថៃដែរដូចជាបានទិញផ្ទះសម្បែងឬជួលផ្ទះសម្បែងរយៈពេលយូរ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យកែនទ័ពកាលពីខែកញ្ញា ដូច្នេះសម្រាប់ពួកអ្នកមានរុស្ស៊ីជាច្រើន ឆ្នេរសមុទ្រដែលមានកម្តៅថ្ងៃនៃប្រទេសថៃជាកន្លែងផ្លាស់ប្តូរទីលំនៅដ៏ងាយស្រួលដើម្បីគេចចេញពីកំណែនយោធានៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ពលរដ្ឋភេទប្រុសទាំងអស់នៅក្នុងប្រទេសរុស្ស៊ីដែលមានអាយុពី១៨ទៅ២៧ឆ្នាំត្រូវជាប់កំណែនកាតព្វកិច្ចយោធារយៈពេលមួយឆ្នាំ។
រុស្ស៊ីបាននិយាយថាខ្លួនបានកែនពលរដ្ឋយ៉ាងតិច២សែននាក់ឱ្យចូលក្នុងកងទ័ពរុស្ស៊ីចាប់តាំងពីលោក Puitn បានបញ្ជាឱ្យមានកំណែនកងទ័ពមួយផ្នែកនៅខែកញ្ញាមក។
លោកAmin Ettayeb ជាអ្នកចាត់ចែងការលក់មកពីទីក្រុងមូស្គូសម្រាប់ក្រុមហ៊ុន InDreamsPhuket ដែលជាទីភ្នាក់ងារអចលនៈទ្រព្យនៅកោះលំហែកាយ Phuket នៃប្រទេសថៃ។
លោកបានប្រាប់VOAថា«អតិថិជនជាង៩០ភាគរយរបស់យើងជាជនជាតិរុស្ស៊ី។ កាលពីខែវិច្ឆិកាឆ្នាំទៅ នៅពេលដែលវាជារដូវដែលភ្ញៀវយ៉ាងច្រើនបានមក ភ្ញៀវទាំងនោះបានទិញអ្វីៗទាំងអស់។
ទីភ្នាក់ងារអចលនៈទ្រព្យដែលគ្រប់គ្រងដោយគ្រួសារនេះបានឃើញការទិញកើន ឡើង១០ភាគរយចាប់តាំងពីខែវិច្ឆិកាមក។ លោក Ettayebបាននិយាយទៀតថា ចំពោះទីផ្សារសម្រាប់ជួលវិញ ផ្ទះវីឡាដែលកាលពីពេលមុនជួលតិចជាង ៩ពាន់ ដុល្លារក្នុងមួយខែ ឥឡូវនេះឡើងដល់ជាង២៨០០០ដុល្លារក្នុងមួយខែ។
លោកថា«ការជួលឥឡូវនេះបានស្ថិតក្នុងភាពច្របូកច្របល់។ ឈ្នួលផ្ទះវីឡាកាលពីពេលមុនមានតម្លៃ៣សែនបាតក្នុងមួយខែ។ ឥឡូវឈ្នួលផ្ទះវីឡាខ្លះមានតម្លៃជាង១លានបាតក្នុងមួយខែ ក៏ប៉ុន្តែនៅតែមានមនុស្សជួល»។
ក៏ប៉ុន្តែថ្វីបើប្រាក់មិនមែនជាបញ្ហាសម្រាប់មនុស្សខ្លះក៏ដោយ លោក Ettayebបាននិយាយថា មិនមែនអតិថិជនរបស់លោកទាំងអស់កំពុងចង់ស្នាក់នៅក្នុងប្រទេសថៃរយៈពេលយូរនោះទេ។
លោកថា«មិនមែនមនុស្សជាច្រើនចង់ចាកចេញពីប្រទេសរុស្ស៊ីជារៀងរហូតនោះទេ ពួកគេគ្រាន់តែចង់ធ្វើឱ្យប្រាកដថាពួកគេមិនចាំបាច់ទៅធ្វើសង្គ្រាមតែប៉ុណ្ណោះ។ នៅពេលដែលអ្វីៗវិលត្រឡប់ទៅកាន់ភាពធម្មតាវិញ ពួកគេច្បាស់ជានឹងវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញហើយ»។
នៅចន្លោះថ្ងៃទី១ ខែវិច្ឆិកានិងថ្ងៃទី២១ ខែមករា ជនជាតិរុស្ស៊ីជាង២៣៣០០០នាក់បានមកដល់កោះ Phuket ។ នេះបើតាមទិន្ន័យមកពីអាកាសយានដ្ឋានអន្តរជាតិ Phuket។ កាលពីឆ្នាំទៅ ជនជាតិរុស្ស៊ីបានទិញ Condo ជិត៤០ភាគរយដែលបានលក់ឱ្យជនបរទេសនៅកោះ Phuket។ នេះបើតាមមជ្ឈមណ្ឌលព័ត៌មានអចលនៈទ្រព្យរបស់ថៃហើយត្រូវបានរាយការណ៍ដោយទូរទស្សន៍ Al Jazeera។
លោក Emil Saliani ដែលមកពីប្រទេសអ៊ុយក្រែនបានរស់នៅក្នុងប្រទេសថៃអស់ប៉ុន្មានឆ្នាំមកហើយ។ លោកជាភ្នាក់ងារលក់អចលនៈទ្រព្យនិងជាដៃគូអភិវឌ្ឍរបស់ក្រុមហ៊ុន Wyndham Grandនិង Natai Beach Resortនៅកោះ Phuket។
លោក Salianiបាននិយាយថា«យើងមានសណ្ឋាគារថ្មីមួយនិងសណ្ឋាគារនៅមាត់សមុទ្រមួយទៀត ហើយបន្ទប់នៅសណ្ឋាគារទាំងនោះត្រូវបានគេជួលជិត ១០០ភាគរយ។ ឥឡូវនេះ យើងមានភ្ញៀវរុស្ស៊ីជាង៥០ភាគរយដែលកំពុងស្នាក់នៅរយៈពេល១០ទៅ១៤ថ្ងៃ»។
លោកបានហៅទិដ្ឋភាពវិនិយោគអចលនៈទ្រព្យថាជាសង្គ្រាមទីផ្សារមួយដែលកំពុងតែវឹកវរ។
លោកថ្លែងថា«ការលក់ដែលត្រូវបានព្យាករណ៍នៅទីផ្សាររុស្ស៊ីមានភាព ឆ្កួតលីលានៅពេលឥឡូវនេះ។ ខែវិច្ឆិកា ធ្នូ មករាជារដូវលក់ដូរខ្លាំងបំផុត។ ពួកគេបានលក់ដាច់ជាង១០ឆ្នាំចុងក្រោយនេះ។ សង្គ្រាមទីផ្សារមានភាពឆ្កួតលីលាហើយតម្លៃនៃការលក់កំពុងឡើងថ្លៃពី១០ទៅ២០ភាគរយ។ ការជួលវិញតម្លៃខ្លះបានឡើងថ្លៃពី៣ទៅ៤ដង»។
ការដាក់ទណ្ឌកម្ម
នៅពេលនេះកាលពីឆ្នាំទៅ ពួកទេសចររុស្ស៊ីរាប់ពាន់នាក់បានជាប់គាំងនៅក្នុងប្រទេសថៃបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចផ្សេងទៀត«បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
ការផ្អាកសេវាកម្មប័ណ្ណឥណទាន Visa និងMasterCardរួមជាមួយការដកធនាគាររុស្ស៊ីចេញពីបណ្តាញហិរញ្ញវត្ថុ SWIFT បាននាំឱ្យជនជាតិរុស្ស៊ីមិនអាចប្រើប្រាស់ថវិកានៅពេលដែលប្រាក់រូបរបស់រុស្ស៊ីដួលរលំ។
ឥឡូវនេះ រុស្ស៊ីនៅតែប្រឈមការដាក់ទណ្ឌកម្មយ៉ាងខ្លាំងនៅឡើយនៅពេលដែលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននៅបន្ត។
លោក Salianiបាននិយាយថា«មូលហេតុសម្រាប់ការវិនិយោគទុននេះពីព្រោះតែពួកគេចង់យកប្រាក់ចេញពីប្រទេសរុស្ស៊ី។ វាជាស្ថានភាពអាក្រក់មួយ។ ពួកគេព្រួយបារម្ភអំពីរូបិយវត្ថុ»។
លោក Salianiបានបន្ថែមទៀតថាផ្សារអចលនៈទ្រព្យនៅកោះPhuket បានរីកធំខ្លាំងរហូតដល់ថាឥឡូវនេះថែមទាំងមានភ្នាក់ងារដែលគ្មានអាជ្ញាប័ណ្ណ កំពុងព្យាយាមរកប្រាក់ដែរ។
លោកនិយាយថា«ឥឡូវនេះ នរណាក៏អាចក្លាយជាភ្នាក់ងារលក់ឬជួលអចលនៈទ្រព្យដែរ ហើយរកបានលុយច្រើនលើសមុនរាប់រយដង។ វាមិនគួរឱ្យជឿ។ វាដូចជាទីផ្សារព្រៃដែលគ្មាននរណាអាចត្រួតត្រាបាន»។
បណ្តាញព័ត៌មាននៅក្នុងប្រទេសថៃបានរាយការណ៍ថាភ្ញៀវទេសចររុស្ស៊ីខ្លះក៏កំពុងធ្វើការខុសច្បាប់ជាមគ្គុទេសក៍ទេសចរណ៍និងអ្នកបើកបរតាក់ស៊ីនៅកោះPhuket ដែរ។
លោក Bhummikitti Ruktaengam ដែលជាអតីតប្រធានសមាគមទេសចរណ៍កោះPhuket បានអំពាវនាវដល់ពួកមន្ត្រីឱ្យស៊ើបអង្កេតអំពីស្ថានភាពនៃការធ្វើការខុសច្បាប់របស់ជនជាតិរុស្ស៊ីនៅក្នុងប្រទេសថៃនៅក្នុងការចុះផ្សាយតាមFacebookនៅខែនេះ។
កោះ Phuket មិនមែនតែជាកន្លែងតែមួយដែលជនជាតិរុស្ស៊ីកំពុងនាំគ្នាសម្រុកទៅទិញឬទៅជួលនោះទេ។ ចាប់តាំងពីប្រទេសថៃបើកព្រំដែនរបស់ខ្លួនឡើងវិញ កោះ Phangan ក៏បានក្លាយជាជម្រើសដ៏មានប្រជាប្រីយ៌ភាពក្នុងចំណោមភ្ញៀវទេសចររុស្ស៊ីដែលព្យាយាមគេចពីសង្គ្រាមដែរ។
អ្នកស្រី Kimberley Baka ជាអ្នកផ្តល់ការប្រឹក្សាមកពីប្រទេសអាហ្វ្រិកខាងត្បូងដែលមានទីតាំងនៅលើកោះនោះបាននិយាយថាវាមានអារម្មណ៍ដូចជាមានការចូលកាន់កាប់ក្នុងប៉ុន្មានខែថ្មីៗនេះ។
ក្រៅពីប្រជាប្រិយភាពនៃការជប់លៀងពេលព្រះចន្ទពេញវង់តាមឆ្នេរសមុទ្ររៀងរាល់ខែ នៅលើកោះ Phangan ភ្ញៀវទេសចរដែលមកទីនេះ ថែមទាំងចូលចិត្តសហគមន៍ទេសចរនៅលើកោះនេះ និងចូលចិត្តតម្លៃសមរម្យនៅទីនេះផងដែរ។
អ្នកស្រី Baka និយាយថាតម្លៃឈ្នួលឡើងថ្លៃកំពុងបង្ខំឱ្យពលរដ្ឋថៃចាកចេញពីកោះនោះ។
អ្នកស្រីនិយាយថា«យើងបានផ្ញើសារទៅសួរកន្លែងផ្សេងៗគ្នាចំនួន៣០។ កន្លែងទាំងនោះភាគច្រើន ត្រូវបានគេកក់សម្រាប់ពេល១ឆ្នាំពេញ។ ខ្ញុំបានសាកសួរផ្ទះប្រហែល៤ដែលផ្ទះនិមួយៗមានតម្លៃប្រហែល១២០០០បាត ឬ៣៤៥ដុល្លារក្នុងមួយខែ។ ស្ត្រីរុស្ស៊ីម្នាក់មានកិច្ចសន្យាជួលបន្តផ្ទះទាំងអស់នោះសម្រាប់រយៈពេលមួយឆ្នាំ។ គាត់បានយកថ្លៃឈ្នួល១៣០០បាតឬ៣៧ដុល្លារក្នុងមួយថ្ងៃ ដូច្នេះមានន័យថាក្នុងមួយខែ គាត់ជួលបានដល់ទៅ ៤ម៉ឺនបាត ឬ ១១៥០ដុល្លារ សម្រាប់ផ្ទះមួយ។ ពលរដ្ឋថៃមិនអាចជួលថ្លៃដល់ថ្នាក់ហ្នឹងទេ។ ហើយមនុស្សជាច្រើនដែលបានរស់នៅលើកោះPhangan អស់ពេលជាច្រើនឆ្នាំមកហើយនោះ កំពុងនាំគ្នាចាកចេញ»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន