ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋអេហ្ស៊ីបបោះឆ្នោតនៅថ្ងៃដំបូងនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលមានរយៈពេល៣ថ្ងៃ


ស្ត្រីម្នាក់បោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងថ្ងៃទី១ នៃការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប នៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
ស្ត្រីម្នាក់បោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងថ្ងៃទី១ នៃការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប នៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

ប្រជាពលរដ្ឋ​អេហ្ស៊ីប​ជាច្រើន​នាក់​បាន​ធ្វើដំណើរ​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ ទី១០ ខែធ្នូ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដែល​មាន​រយៈពេល​បី​ថ្ងៃ។ នៅក្នុង​ការបោះឆ្នោត​នេះ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​បួន​រូប ដោយ​រួមទាំង​លោក​ប្រធានាធិបតី Abdel Fattah el Sissi ផងដែរ។

លោក Sissi ដែល​បាន​កាន់តំណែង​កំពូល​ចាប់តាំងពី​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ ២០១៤​ នោះ ត្រូវបាន​គេ​រំពឹង​យ៉ាងខ្លាំង​ថា​នឹង​ឈ្នះ។ ការបោះឆ្នោត​នេះ​ត្រូវបាន​ធ្វើ​ឡើង ខណៈ​ដែល​អេហ្ស៊ីប​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​សម្ពាធ​ពី​ខាង​ក្រៅ គឺ​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា។

បរិយាកាស​រីករាយ​បាន​កើតមាន​ឡើង​កាលពី​ថ្ងៃអាទិត្យ នៅពេល​ដែល​អ្នក​រស់នៅ​ក្នុង​តំបន់ Zamalek ដែល​ជា​តំបន់​អ្នកមាន​រស់នៅ​ក្នុង​ទីក្រុង​គែរ បាន​មើល​មនុស្ស​តម្រង់​ជួរ​ដើម្បី​បោះឆ្នោត​នៅ​ខាង​ក្រៅ​ការិយាល័យ​បោះឆ្នោត។ អ្នកសង្កេតការណ៍​មក​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ឈរ​នៅ​ខាង​ក្រៅ​ដើម្បី​ចាំ​មើល​អ្វី​ដែល​កំពុង​កើត​ឡើង។

លោក​នាយក​រដ្ឋមន្ត្រី Mostafa Madbouly បាន​បោះឆ្នោត​នៅក្នុង​ទីក្រុង​រដ្ឋបាល​ថ្មី​របស់​ប្រទេស​អេហ្ស៊ីប​ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។ រដ្ឋាភិបាល​បាន​សាងសង់​ទីក្រុង​រដ្ឋបាល​ថ្មី​នេះ នៅ​ខាងក្រៅ​ទីក្រុង​គែរ ហើយ​កំពុង​ព្យាយាម​រើ​ក្រសួង​និង​ស្ថាប័ន​របស់​ខ្លួន​ទៅ​ទីនោះ។

លោក Madbouly បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាលោក​រីករាយ​ដែល​បាន​បោះឆ្នោត​នៅក្នុង​ទីក្រុង​ដែល​ទើប​សាងសង់​ថ្មី​នេះ ដែល​វា​គ្រាន់តែ​ជា​ «ក្តីស្រមៃ​នៅ​លើ​ផែនទី‍» តែ​ប៉ុណ្ណោះ​ដែល​មិន​យូរ​ឆ្នាំ​កន្លង​ទៅ​នេះ​ប៉ុន្មាន​ទេ។

លោក Madbouly ថ្លែង​ថា​ មនុស្ស​រាប់រយ​នាក់​ដែល​ឈរ​នៅ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​ទីក្រុង​ថ្មី បាន​ប្រើ​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ។ លោក​ថ្លែង​បន្ថែម​ថា៖ «យើង​ទាំងអស់គ្នា​កំពុង​ប្រឹងប្រែង​ដើម្បី​កសាង​អនាគត​ដ៏​ល្អ​សម្រាប់​កូន និង​ចៅ​របស់​យើង»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អេហ្ស៊ីប​បាន​បង្ហាញ​ពី​លោក​ប្រធានាធិបតី Abdel Fattah el Sissi បោះឆ្នោត​នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​ នៅ​ជិត​វិមាន​ប្រធានាធិបតី​ កាលពី​ព្រឹក​ថ្ងៃអាទិត្យ។ លោក Sissi បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ពីរ​អាណត្តិ​ចាប់តាំង​ពី​លោក​បាន​ជាប់ឆ្នោត​ជា​លើក​ដំបូង​ នៅ​ក្នុង​ឆ្នាំ ២០១៤។ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​ ២០១៩ អនុញ្ញាត​ឱ្យ​លោក​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទី​បី។

លោក Khattar Abou Diab ដែល​បង្រៀនវិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ប៉ារីស​បាន​ប្រាប់ VOA ថា បេក្ខជន​បី​នាក់​ដែល​ឈរ​ឈ្មោះ​ប្រកួតប្រជែង​នឹង​លោក​ប្រធានាធិបតី Sissi គឺ​ខ្សោយ។

លោក Diab និយាយថា ​គ្មាន​បេក្ខជន​ណាម្នាក់​ក្នុង​ចំណោម​បេក្ខជន​ដែល​កំពុង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​នឹង​លោក​ប្រធានាធិបតី ជា​បេក្ខជន​ខ្លាំង​នោះ​ទេ ដូច្នេះ​ការបោះឆ្នោត​នេះ​គឺ​ដូចជា​ការធ្វើ​ប្រជាមតិ​លើ​ប្រជាប្រិយភាព​របស់​ប្រធានាធិបតី ហើយ​បើ​គិត​ពី​ស្ថានការណ៍​ក្នុង​តំបន់ និង​អន្តរជាតិ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ្វីៗ​គ្រប់យ៉ាង​ហាក់ដូចជា​គាំទ្រ​លោក Sissi ឱ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​បន្ត​ទៀត។

លោក Diab និយាយ​ទៀត​ថា ​ស្ថិរភាព​នៅ​ប្រទេស​អេហ្ស៊ីប​នៅតែ​មាន​សារៈសំខាន់​សម្រាប់​អនាគត​នៃ​តំបន់ (មជ្ឈិមបូព៌ា) ហើយ​លោក​ថ្លែង​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​ការរំខាន​ណាមួយ​កើតឡើង​នៅក្នុង​ប្រទេស​អេហ្ស៊ីប​នា​ពេល​នេះ​ទេ។

លោក Said Sadek ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ជប៉ុន​នៅទីក្រុង Alexandria ប្រទេស​អេហ្ស៊ីប​បាន​ប្រាប់ VOA ថា​ ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​កំពុង​ធ្វើ​ឱ្យ​បារម្ភដល់អ្នកបោះឆ្នោត​ភាគច្រើន​នៅ​ពេល​នេះ ហើយ​ទំនងជា​នឹង​មាន​ឥទ្ធិពល​លើ​ការសម្រេច​ចិត្ត​របស់​ពួកគេ។

លោក Paul Sullivan អ្នកវិភាគ​អំពី​តំបន់​មជ្ឈិមបូព៌ា​នៃ​ក្រុម​ប្រឹក្សា​តាល្លង់ទិក ​ដែល​មានមូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ប្រាប់ VOA ថា ខណៈពេល​ដែល​វា​ហាក់​ដូចជា «ទំនង​ថា លោក​ប្រធានាធិបតី Sissi នឹង​ឈ្នះ​ការបោះឆ្នោត​នោះ ប្រទេស​នេះ​ស្ថិត​ក្នុង​គ្រា​ដ៏​លំបាក​ផ្នែក​សេដ្ឋកិច្ច (ហើយ) ត្រូវបាន​រង​សំពាធ​ផ្នែក​យុទ្ធសាស្ត្រ ​ដោយសារ​សង្រ្គាម​នៅ​តំបន់​ហ្កាហ្សា និង​អស្ថិរភាព​នៃ​តំបន់​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ប្រទេស​អេហ្ស៊ីប​នៅក្នុង​តំបន់​ដ៏​លំបាក​របស់​ខ្លួន»។

លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ១៨ ខែធ្នូ ខាងមុខ​នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG