គេឃើញមានបំណែកសាកសពសត្វជាច្រើនគំនរនៅគ្រប់ទីកន្លែងអំឡុងគ្រោះរាំងស្ងួតមួយក្នុងប្រទេសកេនយ៉ា ដែលបានធ្វើឱ្យមនុស្សជិត៤លាន៥សែននាក់ត្រូវការជំនួយ។
ក្នុងភូមិ Quley (ឃូឡេ) ភាគឦសានប្រទេសកេនយ៉ាក្នុងស្រុក Wajir (វ៉ាជែរ) មានកុមារាអាយុ១១ឆ្នាំម្នាក់ឈ្មោះ Nadir Mohamed និងបងប្អូនពីរនាក់របស់គាត់ក្នុងចំណោមបងប្អូនសរុបប្រាំពីរនាក់ត្រូវបានគ្រួសារឱ្យឈប់រៀនកាលពីខែសីហាដើម្បីមកថែទាំបសុសត្វរបស់គ្រួសារគាត់។
ម្តាយរបស់ពួកគេ គឺអ្នកស្រី Hindiya Abdi និយាយថាគ្រួសារគាត់ត្រូវបានបង្ខំឱ្យផ្លាស់ទៅកន្លែងដែលមានវាលស្មៅអំណោយផលជាង បើមិនដូច្នោះទេសត្វនានានឹងត្រូវស្លាប់ ហើយពួកគេនឹងត្រូវអត់ឃ្លាន។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំចង់ឱ្យកូនៗបន្តរៀនសូត្រ។ ប៉ុន្តែយើងត្រូវការពួកគាត់ជួយដើម្បីយើងរស់រានបាន។»
នៅក្នុងភូមិមួយទៀតគឺ Karu (ខារូ) យុវជន Sadik Dakane អាយុ១៧ឆ្នាំ មកដល់អណ្តូងមួយក្នុងចំណោមអណ្តូងពីរបីដែលមានទឹកក្នុងតំបន់នេះ។
លោកបានដើរអស់រយៈពេលពីរម៉ោងក្រោមពន្លឺថ្ងៃដ៏ក្តៅដើម្បីមកយកទឹកដែលគាត់ត្រូវការខ្លាំង។
យុវជន Sadik Mohamed បាននិយាយថា៖ «ខ្ញុំបានឈប់រៀនពេលដែលគ្រោះរាំងស្ងួតចាប់ផ្តើម។ ឪពុករបស់ខ្ញុំបានផ្លាស់ទីជាមួយហ្វូងគោរបស់គាត់ទៅប្រទេសសូម៉ាលី ទុកឱ្យម្តាយខ្ញុំនិងខ្ញុំនៅទីនេះ។»
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយក្នុងរបាយការណ៍មួយកាលពីខែតុលាថា សិស្សកេនយ៉ាជាង៤សែននាក់ត្រូវបានប៉ះពាល់ដោយគ្រោះរាំងស្ងួត ហើយប្រមាណ៦ម៉ឺន៦ពាន់នាក់បានឈប់រៀនទូទាំងប្រទេស។
ប៉ុន្តែស្ថានភាពសម្រាប់ការអប់រំរបស់កុមារពិតជាអាចនឹងយ៉ាប់យ៉ឺនជាងនេះ។
ប្រភពនានាបានប្រាប់វីអូអេថា ការប៉ាន់ស្មានផ្លូវការដែលមិនទាន់ចេញផ្សាយបង្ហាញថា កុមារ១០ម៉ឺននាក់បានឈប់រៀនគ្រាន់តែក្នុងស្រុកចំនួនបីប៉ុណ្ណោះ ក្នុងប្រទេសកេនយ៉ា គឺស្រុក Garissa ស្រុក Mandera និងស្រុក Wajir។
លោក Hashim Elmoge (អេលម៉ូលហ្គេ) ជាសកម្មជនអភិបាលកិច្ចល្អក្នុងស្រុកម្នាក់ដែលបារម្ភពីផលប៉ះពាល់រយៈពេលវែងលើអនាគតរបស់កុមារ។
លោកបាននិយាយថា៖ «បើសិនជានិន្នាការនេះនៅតែបន្ត យើងនឹងអាចឃើញអត្រាសិស្សឈប់រៀនធំបំផុត។ គឺមួយជំនាន់នេះទាំងមូលនឹងស្ថិតក្នុងហានិភ័យ ហើយអ្នកដឹងហើយថាវាមានន័យថាយ៉ាងដូចម្តេច នៅពេលដែលជំនាន់មួយមិនទទួលបានការអប់រំមានគុណភាព វានឹងបង្កើតជាបន្ទុក[សង្គម]មួយ ដូចជាការប្រើប្រាស់ថ្នាំញៀន អសន្តិសុខ បណ្តាញភេរវកម្ម គំនិតជ្រុលនិយម ហើយប្រទេសជាតិទាំងមូលនឹងស្ថិតក្នុងហានិភ័យ។»
ដើម្បីបន្ធូរផលប៉ះពាល់នៃគ្រោះរាំងស្ងួត រដ្ឋាភិបាលនិងក្រុមជំនួយបានជីកអណ្តូងបន្ថែមទៀត ហើយនិងនាំយកអាហារសង្រ្គោះបន្ទាន់ទៅកាន់ក្រុមអ្នកចិញ្ចឹមសត្វនិងបសុសត្វរបស់ពួកគេ។
ទោះយ៉ាងណាលោក Jilo Roba អ្នកសម្របសម្រួលនៃនាយកដ្ឋានកុមារនៃស្រុក Wajir និយាយថា តម្រូវការគឺធំធេងពេក ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនវត្តមានក្នុងថ្នាក់រៀនក្នុងចំណោមសហគមន៍អ្នកគង្វាលសត្វកំពុងប៉ះពាល់ធ្ងន់ធ្ងរ។
លោក Jilo Roba និយាយថា៖ «ផលវិជ្ជមានដែលយើងទទួលបានកាលពីមុនកំពុងត្រូវប្រែក្រឡាស់ទៅវិញដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៃបាតុភូត ឡា នីញ៉ា (La Nina) បច្ចុប្បន្ន។»
ក្រុមមន្ត្រីនិងសកម្មជនបារម្ភថា បើសិនជាភ្លៀងមិនធ្លាក់ឆាប់ៗនេះទេ គ្រួសារអ្នកគង្វាលសត្វនឹងឱ្យកូនៗពួកគេឈប់រៀន ហើយគេអាចនឹងត្រូវការរយៈពេលយូរខែឬឆ្នាំ ដើម្បីអាចឱ្យពួកគេចូលថ្នាក់រៀនវិញ»៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ