ក្រុមមេបញ្ជាការយោធានៃសហគមន៍រដ្ឋប្រទេសអាហ្វ្រិកខាងលិច ដែលមានសេដ្ឋកិច្ចជឿនលឿនឬ ECOWAS បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ និងបន្តទៅថ្ងៃស្អែកទៀត នៅក្នុងប្រទេសហ្គាណា ដើម្បីពិភាក្សាគ្នាពីលទ្ធភាពនៃការធ្វើអន្តរាគមន៍ផ្នែកយោធាមួយ ដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារយោធាកាលពីខែកក្កដាកន្លងទៅ នៅក្នុងប្រទេសនីហ្សេ។
ក្រុមប្រទេស ECOWAS បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ខ្លួនបាន«ចាប់ផ្តើមធ្វើឱ្យសកម្មឡើងវិញនៃកងកម្លាំងត្រៀមខ្លួនរបស់ក្រុមប្រទេស ECOWAS ដើម្បីស្តារនូវសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងសាធារណរដ្ឋនីហ្សេ»។
ប្លុកតំបន់មួយនេះបាននិយាយថា កិច្ចប្រជុំរបស់ខ្លួននៅក្នុងរដ្ឋធានីអាក្រា ប្រទេសហ្គាណា គឺដើម្បីពិនិត្យជាចុងក្រោយនូវផែនការ ដើម្បីដាក់ពង្រាយកម្លាំងត្រៀមខ្លួនទាំងនេះ។
កិច្ចប្រជុំនេះកើតមានឡើង បន្ទាប់ពីមានការវាយប្រហារបះបោរមួយ ដោយរបបសឹកប្រទេសនីហ្សេនិយាយថា ទាហានរបស់ខ្លួនចំនួន ១៧ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ។
ក្រុមមេដឹកនាំរបបសឹកប្រទេសនីហ្សេបាននិយាយថា វាជាការចាំបាច់ដែលប្រធានាធិបតីនីហ្សេ ដែលត្រូវបានទម្លាក់ចេញពីតំណែង ត្រូវឆ្លើយតបទៅនឹងអំពើហិង្សាដោយក្រុមជ្រុលនិយមឥស្លាម។
ក្រុមប្រទេស ECOWAS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយការវាយប្រហារនោះថា ក្រុមមេដឹកនាំរបបសឹកនីហ្សេ ត្រូវស្តារឡើងវិញនូវសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនេះ ដើម្បីផ្តោតលើបញ្ហាសន្តិសុខរបស់ប្រទេស ដែលកំពុងមានសភាពផុយស្រួយកាន់តែខ្លាំងឡើង ចាប់តាំងពីក្រោយរដ្ឋប្រហារយោធាមក៕