ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden អំពាវនាវ​ឲ្យ​ដោះលែង​ប្រធានាធិបតី​នីហ្សេ ក្រោយ​រដ្ឋប្រហារ


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងសុន្ទរកថាមួយ នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងសុន្ទរកថាមួយ នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អំពាវនាវ​ឲ្យ​ដោះលែង​ជាបន្ទាន់ ប្រធានាធិបតី​នីហ្សេ លោក Mohamed Bazoum ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​មួយ​កាល​ពី​សប្តាហ៍​មុន។

លោក Biden បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ប្រទេស​នីហ្សេ «កំពុង​ប្រឈមនឹង​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ខ្លួន»។

លោក​ Biden ​និយាយ​ថា៖ ​«ពលរដ្ឋ​នីហ្សេ មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន។​ ពួកគេ​បាន​សម្តែង​ឆន្ទៈ​តាម​រយៈ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ហើយ​គេ​ត្រូវ​តែ​គោរព​ឆន្ទៈ​នោះ»។

បណ្តា​ប្រមុខ​ការពារ​ជាតិ​មកពី​ប្លុក​ប្រទេស​ ១៥ ​ក្នុង​ទ្វីប​អាហ្វ្រិក​ខាងលិច ហៅកាត់​ថា​ ECOWAS គ្រោង​នឹង​បញ្ចប់​ការចរចា​នៅ​ថ្ងៃ​ទី ២ ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ដែល​នៅ​ជាប់ខាង​នីហ្សេ​អំពី​ស្ថានការណ៍​រដ្ឋប្រហារ​នេះ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​រដ្ឋប្រហារ សហគមន៍ ECOWAS បាន​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​រដ្ឋប្រហារ ​ហើយ​បាន​កំណត់​កាលបរិច្ឆេទ​ត្រឹម​ថ្ងៃ​អាទិត្យ​ ឲ្យ​លើក​លោក Bazoum ធ្វើ​ជា​ប្រធានាធិបតី​ឡើងវិញ បើ​មិន​ដូច្នោះ​ទេ អាច​នឹង​មាន​ការប្រើប្រាស់​កម្លាំង​យោធា។

លោកនាយឧត្តម​សេនីយ៍ Abdourahamane Tchiani​ ដែល​បាន​ប្រកាស​ខ្លួនឯង​ថា​ជា​ប្រមុខរដ្ឋ​ថ្មី បាន​ថ្លែង​ផ្សាយ​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​ក្រុម​យោធា​«ទាត់​ចោល​ទណ្ឌកម្ម ​ទាំង​ស្រុង​ ហើយ​បដិសេធ​មិន​ចុះញ៉ម​នឹង​ការគំរាម​ណាមួយ​ទេ មិន​ថាវា​មក​ពីណា​ក៏ដោយ។ យើង​បដិសេធ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​នីហ្សេ»។

ក្រុមបាតុករកាន់ទង់ជាតិនីហ្សេ ក្នុងអំឡុងបាតុកម្មមួយនៅថ្ងៃឯករាជ្យជាតិ ក្នុងទីក្រុង Niamey ប្រទេសនីហ្សេ កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។
ក្រុមបាតុករកាន់ទង់ជាតិនីហ្សេ ក្នុងអំឡុងបាតុកម្មមួយនៅថ្ងៃឯករាជ្យជាតិ ក្នុងទីក្រុង Niamey ប្រទេសនីហ្សេ កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

លោក Abdel-Fatau Musah ស្នងការ​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ សន្តិភាព និង​សន្តិសុខ​នៃ​សហគមន៍ ECOWAS បាន​ប្រាប់​ក្រុមអ្នក​យកព័ត៌មានក្នុង​ទីក្រុង​អាប៊ូហ្សា​កាល​ពី​ថ្ងៃ​ពុធ​ថា ​ជម្រើស​យោធា​គឺជា «ជម្រើស​ចុងក្រោយ»​ សម្រាប់​ប្លុក​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ខាង​លិច​នេះ។ តែ​លោក Musah និយាយ​ថា ​គេ​ត្រូវ​តែ​ត្រៀម​សម្រាប់​លទ្ធភាព​នៃ​ការប្រើ​យោធា។

ប្រទេស​អង់គ្លេស បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ខ្លួន​បាន​កាត់​បន្ថយ​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​ក្នុង​រដ្ឋធានី​នីញ៉ាម៉េ​ ប្រទេស​នីហ្សេ ជា​បណ្តោះអាសន្ន​ ដោយសារ​បារម្ភ​ពី​សន្តិសុខ។

កាល​ពី​ថ្ងៃ​ពុធ សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ​ខ្លួនបាន​បញ្ជា​ឲ្យ​ «បុគ្គលិក​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​គ្មាន​កាតព្វកិច្ច​បន្ទាន់ និង​សមាជិក​គ្រួសារ​របស់​ពួកគេ​ដែល​ត្រូវ​លក្ខណៈ​សម្បត្តិ​ ចាកចេញ​ពី​ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី​នីញ៉ាម៉េ​ជា​បណ្តោះ​អាសន្ន»។ សហរដ្ឋ​អាមេរិក​ក៏​បាន​ដំឡើងកម្រិត​ហានិភ័យ​នៃ​ការធ្វើ​ដំណើរ​ដល់​កម្រិត​ ៤ ឬ​កុំធ្វើ​ដំណើរ​ ទៅ​កាន់​ប្រទេស​នីហ្សេ៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តីរាយការណ៍​នេះ មាន​ប្រភពពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters

XS
SM
MD
LG