ការនាំជ្រូករស់ពីប្រទេសជិតខាងចូលមកផ្គត់ផ្គង់តម្រូវការក្នុងប្រទេសកម្ពុជា និងយន្តការនៃការដាក់ឲ្យដេញថ្លៃនាំ ឲ្យមានការខ្វែងគំនិតគ្នារវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលជាក្រសួងសាមី ហើយមានបំណងផ្អាកការនាំជ្រូកពីក្រៅចូលក្នុងប្រទេសដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក។
ការខ្វែងគំនិតនេះកើតឡើងក្រោយមានការបដិសេធរបស់ក្រសួងសេដ្ឋកិច្ចទៅនឹងសំណើរបស់ក្រសួងកសិកម្ម ដែលស្នើផ្អាកការផ្តួចផ្តើមលើការរៀបចំនីតិវិធីដេញថ្លៃជ្រូករស់សម្រាប់នាំចូលកម្ពុជា បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានដាក់សំណើមួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ជាការឆ្លើយតប ក្រសួងសេដ្ឋកិច្ចបានចេញលិខិតមួយច្បាប់ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយច្រានចោលសំណើរបស់ក្រសួងកសិកម្ម ដោយលើកឡើងថា យន្តការនេះនឹងជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាពក្នុងអាជីវកម្មនាំជ្រូករស់ចូលក្នុងប្រទេសនិងធានាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់ជ្រូកនៅលើទីផ្សារក្នុងស្រុក។
លិខិតរបស់ក្រសួងសេដ្ឋកិច្ចត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានFresh Newsកាលពីថ្ងៃពុធ។ គេមិនទាន់ដឹងនៅឡើយទេថា តើហេតុអ្វីបានជាមានការបញ្ចេញលិខិតរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មនេះ។
ក្រោយមានការផ្សព្វផ្សាយលិខិតរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា ការមិននាំជ្រូកចូល និងការគ្រប់គ្រងការនាំជ្រូកពីបរទេសចូលមកផ្គត់ផ្គង់ទីផ្សារកម្ពុជានេះ គឺដើម្បីទប់ស្កាត់ជំងឺឆ្លង ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ប៉ះពាល់សេដ្ឋកិច្ចជាតិ និងទប់ស្កាត់ការនាំជ្រូករស់ចូលក្នុងប្រទេសលើសតម្រូវការ ដែលប៉ះពាល់អ្នកចិញ្ចឹម និងធានាស្ថិរភាពតម្លៃជ្រូករស់លើទីផ្សារកម្ពុជា។
ក្រសួងកសិកម្មបញ្ជាក់ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១០ ខែកុម្ភៈនេះថា ការលើកឡើងថា«ការឡើងថ្លៃជ្រូករស់ ដោយសារកង្វះយន្តការប្រកួតប្រជែង» នេះគឺខុសពីការណ៍ពិត និងមិនមានមូលដ្ឋានច្បាស់លាស់។ ក្រសួងកសិកម្មបានលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់ស្ថាប័នសារព័ត៌មានមួយចំនួនអំពីលិខិតរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច។
ក្រសួងកសិកម្មឲ្យដឹងថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានខិតខំប្រឹងប្រែងជំរុញ លើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ ដែលមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយថែមទាំងទទួលបានការសាទរ និងគាំទ្រពីប្រជាកសិករ និងអ្នកចិញ្ចឹមសត្វក្នុងប្រទេស និងព្រមទាំងមានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបោះទុនវិនិយោគបន្ថែមទៀតលើការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មកាន់តែធំ និងទំនើប។
ទោះជាយ៉ាងណា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ក្នុងលិខិតរបស់លោកថា កង្វះយន្តការប្រកួតប្រជែងនេះបានធ្វើឲ្យតម្លៃសាច់ជ្រូកលើទីផ្សារឆ្នាំ២០២១ កើនដល់ជិត១ម៉ឺនរៀលក្នុងមួយគីឡូក្រាម បើប្រៀបធៀបឆ្នាំ២០១៩ និងឆ្នាំ២០២០ ។ ក្នុងឆ្នាំ២០២១ សាច់ជ្រូកមានតម្លៃរហូតពី២៥.០០០រៀលទៅ២៦.០០០រៀលក្នុងមួយគីឡូក្រាម បើប្រៀបធៀបឆ្នាំ២០១៩ និង២០២០ មានតម្លៃត្រឹមតែ១៦.៥០០រៀលទៅ១៧.០០០រៀលតែប៉ុណ្ណោះ។
លោកបន្ថែមថា តាមការសិក្សារបស់អគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធ ការកើនឡើងថ្លៃសាច់ជ្រូកនៅលើទីផ្សារ ក៏ដោយសារបញ្ហានៃការកើនឡើងថ្លៃដើមនៃការចិញ្ចឹមជ្រូក រួមមានថ្លៃអគ្គិសនី ចំណី ពូជ ជីវសុវត្ថិភាពជាដើម ដែលទាមទារឲ្យមានអន្តរាគមន៍ជួយដោះស្រាយពីរដ្ឋាភិបាលកម្ពុជាផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា យន្តការដេញថ្លៃនាំជ្រូករស់ចូលក្នុងប្រទេស គឺប្រើនៅពេលមានកង្វះការផ្គត់ផ្គង់ជ្រូកក្នុងស្រុកតែប៉ុណ្ណោះ ដែលមិនអនុវត្តជាប្រចាំឡើយ។ ហើយការបើប្រាស់វិធីសាស្រ្តដេញថ្លៃចុះ ត្រូវកំណត់កម្រិតមួយ ដើម្បីធានាមិនឲ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងថ្លៃក្នុងទីផ្សាររបស់អ្នកចិញ្ចឹមក្នុងស្រុក។
កាលពីខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុនចំនួន៤ ដែលរកស៊ីខាងនាំជ្រូកចូលមកកម្ពុជា បានដាក់លិខិតមួយច្បាប់ទៅក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម ដោយស្នើសុំគោលការណ៍អនុញ្ញាត ដើម្បីដាក់ដេញថ្លៃគោលការណ៍នាំសត្វជ្រូករស់ចូលមកផ្គត់ផ្គង់បំពេញតម្រូវការខ្វះខាតក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងនោះបានចោទថា ក្រសួងកសិកម្ម«បានចេញគោលការណ៍អនុញ្ញាតឲ្យនាំសត្វជ្រូករស់ចូលក្នុងប្រទេសសម្រាប់យកមកបំពេញសេចក្តីត្រូវការលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លាភាពទេ ដែល ធ្វើឲ្យឈ្នួញដែលនាំចូលមានលក្ខណៈផ្តាច់មុខនោះ គ្រប់គ្រងទីផ្សារ ធ្វើឲ្យឈ្មួញដំឡើងតម្លៃសាច់ជ្រូកលើទីផ្សារឡើងថ្លៃខ្ពស់ស្រេចតែចិត្ត»។
ក្រុមហ៊ុនបញ្ជាក់ថា កត្តានេះធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងសិទ្ធិធ្វើពាណិជ្ជកម្មដោយសេរីរបស់ក្រុមហ៊ុនស្របច្បាប់នានាដែលបានចុះបញ្ជីពាណិជ្ជកម្ម។ ក្រុមហ៊ុនស្នើឲ្យដាក់ដេញថ្លៃគោលការណ៍នាំសត្វជ្រូករស់ចូលទីផ្សារក្នុងប្រទេស ដោយអះអាងថា វាអាចផ្តល់ចំណូលចូលថវិកាជាតិជាង៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ពួកគេថា ការណ៍នេះក៏នឹងជួយប្រជាពលរដ្ឋបានហូបសាច់ជ្រូកក្នុងតម្លៃមួយសមរម្យ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចក៏បានពន្យល់ទៅរដ្ឋមន្រ្តីក្រសួងកសិកម្មថា ការសម្រេចរបស់ក្រសួងសេដ្ឋកិច្ចមិនមែនផ្អែកលើសំណើរបស់ក្រុមហ៊ុនទាំង៤នោះឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី និងអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម លោក តាន់ ផាន់ណារ៉ា បាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក មាស សុខ សេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានដែរ។
លោកឧកញ៉ា ម៉ុង ឫទ្ធី ជាអ្នកជំនួញខាងកសិកម្មនិងជាសមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា យល់ឃើញថា ក្នុងសំណើរបស់ក្រសួងកសិកម្មសុំផ្អាកការរៀបចំយន្តការដេញថ្លៃជ្រូករស់សម្រាប់នាំចូលកម្ពុជា នោះ រដ្ឋមន្ត្រីក្រសួងកសិកម្មទំនងជាចង់គាំទ្រឱ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ឬកសិករខ្នាតតូច ខ្នាតមធ្យម ខ្នាតធំនៅក្នុងស្រុក មានដំណើរការល្អ និងអាចទៅមុខរួចក្នុងការប្រកបរបរនេះ។ លោកបន្តថាការនាំសត្វពីប្រទេសជិតខាងចូលមក មិនមែនងាយស្រួល ដូចការនាំស្រូវអង្ករ ឬទំនិញផ្សេងៗទេ ខណៈសត្វរស់ តែងតែមានជំងឺ ដែលអាចចម្លងជំងឺ ឬរោគដល់សត្វក្នុងស្រុក ជាពិសេសជំងឺប៉េស្តអាហ្វ្រិក។
លោកប្រាប់វីអូអេថា៖ «បញ្ហាវានាំមេរោគយកមកចម្លងទៀត។ យើងមិនដឹងថា ជ្រូកហ្នឹង វាឈឺអីយ៉ាងម៉េច ហើយចេះតែដឹកយកមក ហើយថា បានពិនិត្យហើយ។ ពិនិត្យវាគ្មានទៅដឹងខ្មោចយក៍អីទេ យកមកឆ្លងរោគរាល់ដងហ្នឹង!»
លោកបន្តថា៖ «បើនិយាយថា យកមកពីថៃ[គឺ]ថៃងាប់អស់ស្ទើរតែ៥០% ដោយសារតែ[ជំងឺ] ប៉េស្តអាហ្វ្រិក ដែលទប់ទល់អត់បាន។ ហើយវៀតណាមក៏ងាប់ អស់ច្រើនដែរ ហើយដល់ខ្មែរនេះក៏មានដែរ ប៉ុន្តែបើយកមកទៀត កសិករខ្នាតតូច មធ្យម និងធំខ្មែរហ្នឹង ប្រាកដជារងទុក្ខវេទនាមួយសាទៀតហើយ ដោយសារតែជំងឺឆ្លងហ្នឹង»។
លោកឲ្យដឹងដែរថា ការនាំជ្រូកពីប្រទេសជិតខាងចូលមកនេះ ធ្វើឲ្យប៉ះពាល់មុខមាត់ កិត្តិយសកម្ពុជា ដែលត្រូវចំណាយលុយទៅទិញជ្រូកពីគេយកមកហូប ដែលលោកថាតម្លៃជ្រូកលក់លើទីផ្សារមិនខុសគ្នាប៉ុន្មាន ពីប្រទេសជិតខាងនោះទេ។ លោកបន្ថែមថា ប្រទេសកម្ពុជា ដូចជាមិនខ្វះខាតសាច់ជ្រូកធ្ងន់ធរសម្រាប់ឲ្យប្រជាពលរដ្ឋបរិភោគនោះទេ។ លោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់មាន់ ត្រី ឬសាច់ផ្សេងៗជំនួសមួយរយៈ ពេលខ្វះខាតសាច់ជ្រូក។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លោក ស្រ៊ុន ពៅ ចង់ឲ្យក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាលគាំទ្រវិស័យចិញ្ចឹមសត្វនៅក្នុងស្រុក។ លោកបន្តថា ជ្រូករស់ក្នុងស្រុកផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែតម្លៃលក់លើទីផ្សារ មិនស្មើតម្លៃដើមផលិតដែលត្រូវចំណាយ។
លោកថ្លែងថា៖ «ខ្ញុំគ្រាន់តែសួរថា ឥឡូវហ្នឹង ថា ចុះការចេញថ្លៃហ្នឹងឲ្យនាំមកម៉េច ? ប្រុងឲ្យលក់ប៉ុន្មាន ? អីប៉ុន្មាន? យ៉ាងម៉េច ?ឬក៏យើងគួរតែនាំគ្នាជំរុញគាំទ្រផលិតផលក្នុងស្រុកឬក៏យើងនាំគ្នាគាំទ្រការនាំចូលហ្នឹងវិញ? អានេះខ្ញុំសួរទៅវិញ ពីព្រោះខ្ញុំវាអត់សូវយល់ដែរ ថ្វីដ្បិតអីកំពុងតែលក់[ជ្រូក]អត់ចេញផង [ហើយ]មកដេញថ្លៃនាំចូលអី! ខ្ញុំអត់យល់ដែរដល់អ៊ីចឹង»។
លោក យ៉ង់ សាំងកុមារ អ្នកជំនាញខាងកសិកម្មមួយរូប ហើយបច្ចុប្បន្នជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់វីអូអេថា ក្រសួងពាក់ព័ន្ធត្រូវរៀបចំផែនការមេសម្រាប់គាំទ្រការផលិតក្នុងស្រុក ហើយបើករណីសាច់ជ្រូកលើទីផ្សារឡើងថ្លៃ គួរតែគ្រប់គ្រងយន្តការនាំចូលឲ្យបានច្បាស់លាស់។
លោកបញ្ជាក់ថា៖ «ក្នុងករណីសាច់ជ្រូកឡើងថ្លៃ យើងគួរមានយន្តការនាំចូលខ្លះក្នុងបរិមាណ និងរយៈពេលកំណត់មួយ តែយើងត្រូវមានផែនការមេសម្រាប់គាំទ្រការផលិតក្នុងស្រុករួមទាំងការផលិតពូជ ចំណី និងការការពារអ្នកផលិតក្នុងស្រុក។ កន្លងមក កម្ពុជាគ្មានផែនការមេ និងការអនុវត្តដែលតម្រង់ទៅរកការលើកស្ទួយផលិតផលក្នុងស្រុកទេ។ តើរដ្ឋាភិបាលបានធ្វើអ្វីខ្លះក្នុងការគាំទ្រវិស័យចិញ្ចឹមជ្រូកនៅកម្ពុជា?»
គួរបញ្ជាក់ថាចាប់តាំងពីខែតុលា ឆ្នាំ២០២១មក កម្ពុជាមិនមានការនាំជ្រូករស់ចូលមកបំពេញបន្ថែមនោះទេ រហូតមកដល់បច្ចុប្បន្ននេះ។ កាលពីដើមឡើយមានការនាំជ្រូករស់ចូលប្រមាណ២៥០០ក្បាលក្នុងមួយថ្ងៃ។ នេះបើយោងតាមក្រសួងកសិកម្ម៕