ក្នុងយុទ្ធនាការឃោសនាសម្រាប់តំណែងប្រធានាធិបតី លោក Donald Trump បានសន្យាការពារវិស័យឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ដែលលោកបាននិយាយថា ឧស្សាហកម្មអាមេរិកត្រូវបានបំផ្លាញដោយផលិតផលថោកៗនាំចូលពីបរទេស។ ខណៈដែលរដ្ឋបាលលោក Trump រៀបចំធ្វើតាមការសន្យានេះ ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកសច្ចាថានិងសងសឹកវិញ។
ការនាំចេញអាលុយមីញ៉ូមរបស់ប្រទេសចិន បានកើនឡើងច្រើនជាង ២៥ ភាគរយ ក្នុងពីរខែដំបូងនៃឆ្នាំ ២០១៨ នេះ។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានបន្ថែមពន្ធថ្មីលើទំនិញនាំចូល។
រដ្ឋមន្ត្រីការបរទេសចិន Wang Yi ថ្លែងថា៖
«វានឹងប៉ះពាល់ដល់ភាគីទាំងពីរ ហើយប្រទេសចិនប្រាកដជានឹងធ្វើការឆ្លើយតបដែលចាំបាច់និងសមហេតុផលមួយ»។
ប្រទេសក្នុងទ្វីបអឺរ៉ុបក៏បានព្រមានដាក់វិធានការតទល់ សំដៅលើការនាំចេញទំនិញអាមេរិកផងដែរ។
លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបថ្លែងថា៖
«ផលិតផលដែកថែប ដែលរាប់បញ្ចូលផលិតផលឧស្សាហកម្មនិងផលិតផលកសិកម្ម ហើយប្រភេទស្រាវីស្គី Bourbon មួយចំនួន ក៏ដូចជាផលិតផលផ្សេងៗទៀតដូចជាប៊ឺធ្វើពីសណ្ដែកដី ផ្លែ Cranberries ទឹកក្រូចច្របាច់ គឺពិតជាស្ថិតក្នុងបញ្ជីដំឡើងពន្ធនេះ»។
ប្រធានាធិបតី Trump អះអាងថា ឧស្សាហកម្មដែកថែបនិងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក មានសារៈសំខាន់សម្រាប់វិស័យការពារជាតិ ដូច្នេះហើយពន្ធទាំងឡាយលើទំនិញទាំងនេះ គឺចាំបាច់ដើម្បីការពារសន្តិសុខជាតិ។
អ្នកវិភាគ លោកសាស្ត្រាចារ្យ Ken Shadlen និយាយថា អង្គការពាណិជ្ជកម្មពិភពលោក WTO អាចជួបប្រទះនិងការសម្រេចចិត្តដ៏ពិបាកមួយ។ លោកពន្យល់ថា៖
«អង្គការពាណិជ្ជកម្មពិភពលោក អាចនិយាយថា សហរដ្ឋអាមេរិកអាចដំឡើងពន្ធបានក្នុងលក្ខខណ្ឌលើកលែង លើករណីសន្តិសុខជាតិ។ ហើយបើរឿងនេះកើតឡើង ប្រព័ន្ធរបស់អង្គការទាំងមូលគឺត្រូវខូច។ ពីព្រោះសំខាន់ អ្នកអាចធ្វើអ្វីក៏បានដែរ ក្រោមហេតុផលសន្តិសុខជាតិ»។
លោកសាស្ត្រាចារ្យ Shadlen និយាយថា ប្រទេសកំពុងអភិវឌ្ឍជាច្រើន បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ១៩៩៤ ដោយយល់ថា ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក មានការកំណត់តឹងរ៉ឹងអំពីការដំឡើងពន្ធ ដែលគេហៅថា ពន្ធមានកំណត់ព្រំដែន។
លោកបញ្ជាក់ថា៖ «ប្រទេសខ្លះពេញចិត្តនឹងកិច្ចព្រមព្រៀងទាំងនោះ។ ប្រទេសខ្លះទៀតមិនពេញចិត្តផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងទាំងនោះ។ អ្នកព្រមទទួលយកអ្វីដែលអ្នកមិនចង់ធ្វើ ដើម្បីទទួលបានសម្បទានអ្វីមួយ។ ហើយសម្បទានមួយក្នុងចំណោមសម្បទានផ្សេងទៀត គឺពន្ធរបស់សហរដ្ឋអាមេរិកដែលកំណត់ព្រំដែនក្នុងអត្រាដែលទាបសមរម្យមួយ។ ហើយនេះជាលក្ខខណ្ឌព្រមព្រៀងគ្នាក្នុងឆ្នាំ ១៩៩៤។ ដូច្នេះឥឡូវនេះ ២៥ឆ្នាំក្រោយមក បើសិនសហរដ្ឋអាមេរិកអាចលុបបំបាត់ការកំណត់ព្រំដែនពន្ធនេះយ៉ាងងាយស្រួល វាពិតជាមានបញ្ហាធ្ងន់ធ្ងរណាស់»។
ប្រទេសក្នុងទ្វីបអឺរ៉ុប និយាយថា គេកំពុងសម្របសម្រួលការខំប្រឹងប្រែងមួយជាមួយប្រទេសដទៃទៀតក្នុងពិភពលោក ដើម្បីត្រៀមខ្លួនប្រឈមនឹងពន្ធរបស់សហរដ្ឋអាមេរិក។ ស្រមោលនៃសង្គ្រាមពាណិជ្ជកម្មកំពុងលេចឡើង ហើយគ្រប់គ្នាខ្លាចថានឹងមានការខាតបង់សេដ្ឋកិច្ចចំពោះគ្រប់ភាគីទាំងអស់៕
ប្រែសម្រួលដោយ ចាប ចិត្រា