អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ ECCC នឹងបន្តដំណើរការសវនាការរបស់ខ្លួនឡើងវិញនាថ្ងៃច័ន្ទខាងមុខ បន្ទាប់ពីតុលាការកូនកាត់មួយនេះ ផ្អាកដំណើរការ អស់ជិតមួយសប្តាហ៍។ នេះបើតាមការឲ្យដឹងរបស់ អ្នកនាំពាក្យសាលាក្ដី។
លោកនេត្រ ភ័ត្រ្តា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម បានប្រាប់ VOA ថា ដោយសារតែការភ្លៀងធ្លាក់ជាបន្តបន្ទាប់នាសប្តាហ៍នេះបណ្តាលឲ្យទឹកលិចជុំវិញ បរិវេណសាលាក្ដីខ្មែរក្រហម ហើយ រំខានដល់ការធ្វើដំណើររបស់មន្រ្តីបុគ្គលិក នៃសាលាក្ដីខ្មែរក្រហម ក្នុងការបំពេញការងាររបស់ពួកគេ។ យ៉ាងណាក៏ដោយ លោកថា សាលាក្ដីកំពុងរៀបចំសាងសង់ស្ពានឈើសម្រាប់ប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីបន្តដំណើរការកាត់ទោសមេដឹកខ្មែរក្រហម។
លោក នេត្រ ភ័ត្ត្រាបន្តថា៖ «សាលាក្ដីមានកម្រិតទឹកខ្ពស់ឡើងខ្លាំងដែលរំខានការធ្វើដំណើរដល់មន្រ្តីបុគ្គលិកនៅសាលាក្ដីខ្មែរក្រហមចូលមកបំពេញការងារដែលលិចទឹកតាំងពីថ្ងៃទី២៩ ខែ៩មក។ហើយតាំងពីឈប់សម្រាកបុណ្យភ្ជុំបិណ្ឌមក មន្រ្តីបុគ្គលិកត្រូវមកធ្វើការវិញតាំងពីថ្ងៃទី០៤មកម៉្លេះ ក៏ប៉ុន្តែដោយសារកម្រិតទឹកនេះមិនទាន់ថយចុះ ហើយភ្លៀងមានជាបន្តបន្ទាប់ធ្វើឲ្យដំណើរការតុលាការត្រូវបានអាកខាន។ ហើយសំណុំរឿង០០២ វគ្គពីរក៏ត្រូវផ្អាកតាមហ្នឹងដែរ»។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានផ្អាកដំណើរការលើសំណុំរឿង០០២/០២ ចាប់តាំងពីថ្ងៃទី២៩ខែកញ្ញាមកម្ល៉េះ ពោលគឺចាប់តាំងពីពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដោយសារតែជំនន់ទឹកភ្លៀងដែលមានកម្រិតខ្ពស់។ សំណុំរឿង០០២/០២ ដែលកំពុងដំណើរក្នុងសាលាក្តីខ្មែរក្រហម គឺផ្តោតលើការរៀបការដោយបង្ខំ ការរំលោភផ្លូវភេទ និងប្រល័យពូជសាសន៍លើជនជាតិវៀតណាមនិងជនជាតិចាមជាដើម។ សព្វថ្ងៃនេះមានតែ អតីតមេដឹកនាំរបបខ្មែរក្រហម វ័យជរាពីររូបតែប៉ុណ្ណោះ ដែលប្រឈមនឹងការកាត់ទោស គឺនួន ជា អតីតប្រធានរដ្ឋសភា និងខៀវ សំផនប្រមុខរដ្ឋនៃរបបខ្មៅងងឹតនោះ។
ការផ្អាកដំណើរការនៃអង្គជំនុំជម្រះក្តីរបស់តុលាការកូនកាត់នេះ បានធ្វើឲ្យអ្នកឃ្លាំមើល តុលាការកាត់ទោសសាលាក្ដីខ្មែរក្រហមនិងតំណាងដើមបណ្ដឹងរដ្ឋប្បវេណី មានការបារម្ភ ចំពោះភាពយឺតយ៉ាវនៃការរកយុត្តិធម៌ជួនជនរងគ្រោះក្នុងរបបដ៏ឃោឃៅនេះ។
លោក ឡាត់ គី មន្ត្រីអង្គការអាដហុក ដែលឃ្លាំមើលការកាត់ទោសនៅសាលាក្ដីខ្មែរក្រហម ទទួលស្គាល់ថា បញ្ហាទឹកជំនន់នេះ គឺជាហានិភ័យមួយរំខានដល់ដំណើរការតុលាការ ស្ដង់ដារអន្តរជាតិនេះ។ ក៏ប៉ុន្តែលោក ឡាត់ គី ទទូចឲ្យមានការពន្លឿនដំណើរការ និងនីតិវិធីនៃសំណុំរឿងនេះ ដោយសារតែលោកយល់ថា ដំណើរការតុលាការហាក់មានភាពយឺតយ៉ាវខ្លាំង។
«ដូចដឹងស្រាប់ហើយ ដំបូងសាលាក្ដីបានកំណត់ផែនការយុទ្ធសាស្រ្តរបស់ខ្លួនត្រឹមតែរយៈពេលបីឆ្នាំប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះវាជាង១០ឆ្នាំហើយ នៅតែសាលាក្ដីមិនអាចពន្យាពេលក៏ធ្វើឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក៏ដូចជាជនរងគ្រោះភាគច្រើនគាត់រង់ចាំ គេហៅថា ការបញ្ចប់សាលាក្ដីនេះទៅ គាត់ហាក់បីដូចជា ពន្យាពេលហ្នឹង ចេះតែយូរទៅៗ ជាចេតនាអវិជ្ជមាន នេះជាការរិះគន់ពីមហាជន ប៉ុន្តែសម្រាប់យើងខ្ញុំ ខ្ញុំយល់ឃើញថា ជាចំណែកមួយខ្លះទេ ប៉ុន្តែសម្រាប់ដំណើរការនីតិវិធីទើបជាអ្វីមួយដែលយើងចង់បាន»។
ដូចគ្នានេះដែរ លោកប៊ូ ម៉េង ជាជនរងគ្រោះ និងជាដើមបណ្ដឹងនៃសំណុំរឿង០០២/០២ ក៏បង្ហាញពី ក្តីកង្វល់របស់លោក ចំពោះភាពយឺតយ៉ាវនៃដំណើរការកាត់ក្ដីនេះ។
«បាទ! បារម្ភតែអារឿងរដិបរដុប រទេរតូត មើលទៅ វាមិនរលួនសោះហ្នឹងហ្មង៎។ មើលទៅផ្លូវយើងដូចជារលាក់ណាស់។ បាទ ខ្ញុំវាចាស់ណាស់ហើយ ហើយអ្នកដែលជនត្រូវចោទក៏វាចាស់ហើយហ្នឹង។អ្នករងគ្រោះក៏សុទ្ធតែចាស់ៗ»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោកនេត្រ ភ័ត្រ្តា អះអាងថា តុលាការបានខិតខំប្រឹងប្រែងដើម្បីបំពេញការងារ របស់ខ្លួន ក៏ប៉ុន្តែលោកថា ដំណើរការរបស់តុលាការត្រូវធ្វើឡើងទៅតាមនីតិវិធីច្បាប់។
«អ្វីដែលតុលាការបានធ្វើ គឺយើងមានផែនការសកម្មភាពរបស់ខ្លួន។ អ្វីដែលពួកគាត់លើកឡើងគឺជាអ្វីដែលតុលាការកំពុងធ្វើ។ ហើយតុលាការ នឹងពន្លឿននីតិវិធីរបស់ខ្លួន។ យើងយល់អំពីការទន្ទឹងរង់ចាំយុត្តិធម៌របស់ជនរងគ្រោះ និងការជំនុំជម្រះក្តីឲ្យបានឆាប់រហ័សរបស់ជនជាប់ចោទ ដែលជាការចង់បានពីគ្រប់ភាគី។ ការដំណើរការយើងធ្វើឲ្យបានលឿន ក៏ប៉ុន្តែត្រូវគោរពនីតិវិធីច្បាប់»។
របបខ្មែរក្រហមត្រូវបានគេស្តីបន្ទោសថា បានសម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ សាលាក្តីកូនកាត់មួយនេះ ទើបតែកាត់ទោសបានជនជាប់ចោទម្នាក់ដែលជាអតីតប្រធានគុកទួលស្លែងគឺ កាំង ហ្កេកអ៊ាវ ហៅឌុច។ រីឯជនជាប់ចោទដទៃទៀតបានស្លាប់ មុនការកាត់ទោសជាបន្តបន្ទាប់។ ហើយសព្វថ្ងៃនៅសល់តែមេដឹកនាំរបបនេះ តែពីររូបតែប៉ុណ្ណោះ ដែលប្រឈមនឹងការកាត់ទោស គឺ នួន ជា អតីតបងធំទី២ និង ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម ដែលស្ថិតក្នុងសំណុំរឿង០០២។
នាពេលបច្ចុប្បន្ននេះ សាលាក្ដីកំពុងដំណើរការសំណុំរឿង ០០២/០១ ផ្តោតសំខាន់ទៅលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ រីឯក្នុងសំណុំរឿង០០២/០២ បានកាត់ទោសលើជនជាប់ចោទដដែល ពីបទការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ។ សាលាក្តីខ្មែរក្រហម ក៏កំពុងតែធ្វើការសំណុំរឿង០០៣ និង០០៤ប្រឆាំងនឹងមេដឹកនាំថ្នាក់ក្រោម ឬថ្នាក់តំបន់នៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរ៕