ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក គ្រោង​ផ្ដល់​ជំនួយ​​មានលក្ខខណ្ឌជិត​៨០​លាន​ដុល្លារ​​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧


គណៈកម្មាធិការ​​ថវិកា​នៃ​​​​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក
គណៈកម្មាធិការ​​ថវិកា​នៃ​​​​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក

សំណើ​ថវិកា​សម្រាប់​ប្រទេស​កម្ពុជា​នេះ ក៏​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខខណ្ឌ​​ផង​ដែរ ពោល​គឺ​​កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​នេះ ​លុះត្រាតែ «រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​​បញ្ឈប់​អំពើ​ហិង្សា និង​ការ​យាយី​អង្គការ​សង្គម​ស៊ីវិល ​និង​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា»។

សហរដ្ឋ​អាមេរិក គ្រោង​នឹង​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​សរុប​ជាង​៧៧,៨លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ក្រោយ ដើម្បី​ជួយ​កម្ពុជា​ ដោះស្រាយ​បញ្ហា​ផ្សេងៗ រួម​មាន​បញ្ហា​សុខាភិបាល បញ្ហា​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ ព្រម​ទាំង​ ​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាដើម។ នេះ​បើ​យោង​តាម​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​សម្រាប់ឆ្នាំ​សារពើពន្ធ​ ២០១៧របស់ព្រឹទ្ធសភា​អាមេរិកាំង​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ចុង​ខែ​មិថុនា​។

គណៈកម្មាធិការថវិកា​នៃព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក (Senate Committee of Appropriations) បាន​ធ្វើ​សេចក្ដី​ព្រាងច្បាប់ថវិកា​នេះ ដើម្បី​ដាក់​ជូន​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​ព្រឹទ្ធសភា ដើម្បី​អនុម័ត សម្រាប់​កិច្ច​ប្រតិបត្តិការ​ក្នុង និង​ក្រៅ​ប្រទេស (State and Foreign Operations Appropriations Bill)​ ​របស់​សហរដ្ឋ​អាមេរិក។

សេចក្ដី​ព្រាង​ច្បាប់ថវិកា ដែល​គ្រោងទឹក​ប្រាក់​សរុប​ជាង​៥២​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​ទៅ​លើ​កិច្ច​ប្រតិបត្តិការ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេសរបស់​សហរដ្ឋអាមេរិក ​រួម​មាន ការ​ពង្រឹង​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ក្រុម​ភេរវកម្ម ​ការ​ពង្រឹង​វិស័យ​សុខាភិបាល​ពិភព​លោក និង​ការពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ។

សម្រាប់​ប្រទេស​កម្ពុជា ថវិកាជិត៨០លាន​ដុល្លារ​នេះ នឹង​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រទេស​នេះ ​ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​សុខាភិបាល សេដ្ឋកិច្ច ប្រឆាំង​ភេរវកម្ម ការ​ដោះ​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ ហើយ​និង​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​នៃ​របប​ខ្មែរក្រហម​ក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្តែ សំណើ​ថវិកា​សម្រាប់​ប្រទេស​កម្ពុជា​នេះ ក៏​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខខណ្ឌផង​ដែរ ពោល​គឺកម្ពុជា​នឹង​ទទួល​បាន​ជំនួយ​នេះ ​លុះត្រាតែ «រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជាបញ្ឈប់​អំពើ​ហិង្សា និង​ការ​យាយី​អង្គការ​សង្គម​ស៊ីវិល ​និង​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា»។

ជាមួយ​គ្នា​នេះ​ដែរ ប្រាក់​ជំនួយ​សហរដ្ឋអាមេរិកដែល​ផ្ដល់​ជូន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (ECCC) ​ក្នុង​ឆ្នាំ​២០១៧​នេះ គឺ​សម្រាប់​តែ​ដំណើរ​ការ​ក្នុង​សំណុំ​រឿង​លេខ​ ០០៣​ តែ​ប៉ុណ្ណោះ។

ការ​រួម​វិភាគ​ទាន​របស់​អាមេរិក​ចំនួន​១,៥​លាន​ដុល្លារ​ ដល់​សា​លា​ក្តី​ខ្មែរ​ក្រហម នឹង​ត្រូវ​បញ្ចប់ ប្រសិន​បើ​តុលាការ​ចេញ​ដីកា​សន្និដ្ឋាន សម្រាប់​សំណុំ​រឿង​លេខ​០០៣​នេះ។

​ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង​ក្តី​លេខ០០៣នេះ គឺ​ឈ្មោះ មាស មុត ដែល​ជា​អតីតមេបញ្ជាការ​កងទ័ព​ជើង​ទឹកក្នុង​របប​ខ្មែរ​ក្រហម ដែល​ត្រូវ​បាន​ដាក់​ការ​សង្ស័យ​ថា​ពាក់ព័ន្ធ​ទៅ​នឹង​ឧបទ្ទវហេតុ​បាញ់​កប៉ាល់ ឈ្មោះ Mayaguez របស់​អាមេរិក​ដោយ​ក្រុម​ខ្មែរក្រហម កាល​ពី​ឆ្នាំ១៩៧៥៕

XS
SM
MD
LG