ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរ​ក្រហម​រៀបចំ​ពិធី​សាសនា​ឲ្យ​ខៀវ សំផន និង​នួន ជា


​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម ខៀវ សំផន​(ឆ្វេង) អាយុ​៨២​ឆ្នាំ និង​​នួន ជា (ស្តាំ) អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​អាយុ​៨៧ ឆ្នាំ។
​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម ខៀវ សំផន​(ឆ្វេង) អាយុ​៨២​ឆ្នាំ និង​​នួន ជា (ស្តាំ) អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​អាយុ​៨៧ ឆ្នាំ។
សាលា​ក្តី​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិបានរៀប​ចំ​ពិធី​ចូល​ឆ្នាំ​ថ្មី​ដោយ​សង្ខេប​មួយ​សម្រាប់​ជន​ជាប់​ចោទ​នួន ជា និង​ខៀវ សំផន។

ជន​ជាប់​ចោទ​ទាំង​ពីរ​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​រង្គាល​ប្រជាពល​រដ្ឋ​កម្ពុជា​អស់​ជិត​២​លាន​នាក់​ និង​ការ​ចោទ​ប្រកាន់​ពី​បទ​បំបិទ​សិទ្ធិ​ជំនឿនិង​បំផ្លិច​បំផ្លាញ​សាសនា​នា​នាក្នុង​អំឡុង​ពេល​ដែល​ពួក​ខ្លួន​គ្រប់​គ្រង​អំណាច។

លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ឲ្យដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថាការ​រៀប​ចំ​ពិធី​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​មមី សម្រាប់​នួន ជា អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​អាយុ​៨៧ ឆ្នាំ​និង​សម្រាប់​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម ខៀវ សំផន អាយុ​៨២​ឆ្នាំ​ គឺ​ជា​ពិធី​សាសនា​ដែល​មាន​ការ​និមន្ត​ព្រះសង្ឃ​ចំនួន​ពីរ​បី​អង្គ​ចូល​ទៅ​កាន់​មន្ទីរ​ឃុំ​ឃាំង​បណ្តោះ​អាសន្ននៃ​ជនជាប់​ចោទ​ទាំង​ពីរ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។

សាលា​ក្តី​បាន​រៀបចំ​ពិធី​សាសនា​នេះ​ឡើង​ដប់​ថ្ងៃ​មុន​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ចាប់​ផ្តើម។

«រៀប​ចំ​ពិធី​សាសនា​ដល់​ជនជាប់​ចោទ​ទាំង​ពីរ​រូប​គឺ​លោក នួន ជា និង​លោក ខៀវ សំផន​នៅ​ក្នុងមន្ទីរ​ឃុំឃាំង​របស់​តុលាការ។ នៅក្នុង​នោះ​មាន​ការ​និមន្ត​ព្រះសង្ឃ​ដើម្បី​សូត្រមន្ត​ដើម្បី​លើក​រាសី​ក៏​ដូចជា​សុំ​សេចក្តី​សុខដល់​ជនជាប់​ចោទ​ទាំងពីរ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​មេសា​កន្លង​ទៅ។ មាន​ការអញ្ជើញ​ចូល​រួម​ពី​សមាជិក​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ទាំងពីរ​រួម​ទាំង​សាច់​ញាតិ​ដែល​បាន​ធ្វើ​ពិធីរួម​គ្នា​ក្នុង​នោះ»។

នួន ជា និង​ខៀវ សំផន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បទ​ប្រល័យ​ពូជ​សាសន៍។ ការ​កាត់ទោស​អតីត​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំង​ពីរ​បាន​ចប់​មួយ​វគ្គ​រួច​ទៅ​ហើយ។ សាលា​ក្តី​ខ្មែរ​ក្រហម គ្រោង​នឹង​ចេញ​សាលក្រម​នៅ​ឆ្នាំ​នេះ។

សាលាក្តី​ខ្មែរ​ក្រហម​នឹង​ចាប់​ផ្តើម​កាត់​ទោស​ជន​ជាប់​ចោទ​ទាំង​ពីរ​បន្ត​ទៀត​ក្នុង​ពេល​ខាង​មុខ។ លោក ជុំ មី អតីត​អ្នក​ទោស​គុក​ទួល​ស្លែង​និង​ជា​ប្រធាន​សមាគម​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ឈ្មោះ​ថា សមាគម​ក្សេមក្សាន្ត​បាន​ផ្ទុះ​កំហឹង​ឡើងវិញ​នៅ​ពេល​ដែល​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទាំងពីរ​នេះ​ទទួល​បាន​សិទ្ធិ​គោរព​សាសនា​នៅ​ក្នុង​ពន្ធនាគារ​ផ្ទុយ​ស្រឡះ​ពី​កាលៈ​ទេសៈ​នៃ​ការ​គ្រប់​គ្រង​របស់​ពួក​គេ។

«ខ្ញុំ​ថា​ដូចជា​នួន ជា សុទ្ធតែ​ជា​អ្នកចេះដឹង​ ហេតុ​អី​បានជា​កម្ទេច​សាសនា។ ចឹង​ខ្ញុំ​ខឹង​រហូត​ពួក​មេដឹក​នាំ​ខ្មែរ​ក្រហម​ប៉ុន្មាន​នាក់​ហ្នឹង»។

លោក នេត្រ ភក្ត្រា បញ្ជាក់​ថា បើ​ទោះ​បីជា នួន ជា និង​ខៀវ សំផន កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​និង​ស្ថិត​ក្នុង​ដំណាក់​កាល​កាត់​ទោស​ក៏​ដោយ ក៏​ជនជាប់​ចោទទាំង​ពីរ​នៅ​តែ​មាន​សិទ្ធិ​សេរីភាព​ផ្នែក​ជំនឿ​សាសនា​ដដែល៕
XS
SM
MD
LG