លោកហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា ការរៃអង្គាសមូលនិធិមាន«ការលំបាកខ្លាំង»ប៉ុន្តែគម្រោងសំណើដែលជនរងគ្រោះបានស្នើឡើងអាចនឹងអនុវត្តបានចំនួន១២ លើកលែងតែគម្រោងទី១ គឺគម្រោងបង្កើតកន្លែងរំលឹកវិញ្ញាណក្ខន្ធសាធារណៈ។
លោកបន្ថែមថា៖ «ថ្វីបើមានការលំបាកតែទីបំផុតយើងអាចរៃអង្គាសថវិកាបានដើម្បីយកមកអនុវត្តគម្រោងទាំង១៣»។
គម្រោងសំណងទាំង១៣ដែលភាគីជនរងគ្រោះ បានស្នើឡើងមាន ១)ទិវាជាតិនៃការចងចាំ ២)បង្កើតកន្លែងរំឭកវិញ្ញាណក្ខន្ធសាធារណៈ ៣)កន្លែងគោរពវិញ្ញាណក្ខន្ធសម្រាប់ជនរងគ្រោះខ្មែរក្រហមសម្រាប់អ្នកដែលលែងនៅទីនេះហើយ ៤)បូជនីយដ្ឋានសម្រាប់ជនរងគ្រោះខ្មែរក្រហមនៅ ប្រទេសបារាំង ៥)ការព្យាបាលតាមសក្ខី ៦)ក្រុមជួយខ្លួនឯងដើម្បីស្តារនីតិសម្បទា ៧)ការតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីការជម្លៀសប្រជាជនដោយបង្ខំនិងទួលពោធិ៍ជ្រៃ ៨)ការតាំងពិព័រណ៌ចល័តស្តីពីការជម្លៀសប្រជាជនដោយបង្ខំនិងទួលពោធិ៍ជ្រៃ ៩)ជំពូកមេរៀនស្តីពីការជម្លៀសប្រជាជនដោយបង្ខំនិងទួលពោធិ៍ជ្រៃសម្រាប់សៀវភៅមគ្គុទេសក៏សម្រាប់គ្រូបង្រៀន ១០)មណ្ឌលសិក្សាដើម្បីសន្តិភាពសហគមន៍នៅសំរោង ១១)សៀវភៅរឿងដើមបណ្តឹងរដ្ឋប្បវេណីដោយមានបង្ហាញរូបភាព ១២)ការបោះពុម្ភនិងចែកចាយសាលក្រមសំណុំរឿង០០២/០១ និង ១៣)ការផ្សាយឈ្មោះដើមបណ្តឹងរដ្ឋប្បវេណីនៅលើគេហទំព័ររបស់សាលាក្តី។
លោកហង្ស វណ្ណៈបានបន្ថែមទៀតថា៖ «គម្រោងទាំងអស់នឹងមានថវិកាគ្រប់គ្រាន់ក្នុងការអនុវត្តប៉ុន្តែអាស្រ័យទៅលើពេលវេលា។ គម្រោងខ្លះដែលយើងគ្រោង៣ឆ្នាំប៉ុន្តែដោយសារថវិកាមានកំណត់អាចអនុវត្តបានមួយឆ្នាំកន្លះឬក៏ពីរឆ្នាំ»។
ការសម្រេចចង់បានសំណងចំនួន១៣គម្រោងនេះធ្វើឡើងដោយមានការពិភាក្សាជាមួយនឹងជនរងគ្រោះ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី។ នេះបើតាមការបញ្ជាក់របស់លោកហុង គឹមសួនមេធាវីដើមបណ្តឹងរដ្ឋប្បវេណី។ លោកក៏បានបញ្ជាក់ថាជនរងគ្រោះខ្លះក៏ចង់បានសំណងជាមន្ទីរព្យាបាលនិងសំណងជាបុគ្គលផងដែរប៉ុន្តែមិនអាចបញ្ជូលបានដោយខុសពីគោលការណ៍របស់សាលាក្តីដែលសងជាសំណងសមូហភាព។
លោកហុង គឹមសួនបានបន្ថែមថា៖ «បើសិនជាយើងរកបានថវិកាដូចក្នុងគម្រោងទាំង១៣នេះគឺប្រសើរខ្លាំងមែនទែន ទោះបីជាមិនប្រសើរខ្លាំងបំផុតក៏ដោយ»។
តុលាការខ្មែរក្រហមបានធ្វើសវនាការលើសំណុំរឿង០០២/០១ចប់សព្វគ្រប់ហើយគ្រោងនឹងប្រកាសសាលក្រមនៅខែកក្កដាខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីតុលាការដែលមានការគាំទ្រពីអង្គការសហប្រជាជាតិមួយនេះ។
មានជនជាប់ចោទតែពីរនាក់គត់គឺនួន ជា អតីតប្រធានសភានិងជាមេមនោគមវិជ្ជា និងខៀវ សំផនអតីតប្រមុខរដ្ឋដែលមានតែឈ្មោះនៅរង់ចាំស្តាប់សាលក្រមនេះ៕
កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានកែសម្រួល