ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​កាត់​ទោស​ខ្មែរក្រហម​កំណត់​វិសាលភាព​សំណុំ​រឿង​០០២​ វគ្គទី២​


អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម ​នួន ​ជានៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម។​
អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម ​នួន ​ជានៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម។​
សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម​បាន​សម្រេច​កំណត់​វិសាល​ភាព​នៃ​បទ​ឧក្រិដ្ឋ​នៃ​សំណុំ​រឿង​០០២​ វគ្គទី២​ ក្រោយ​ពី​មាន​ការ​ស្នើសុំ​ពីភាគី​ពាក់​ព័ន្ធ​នានា។​ ថ្វី​បើ​ការ​សម្រេច​នេះ​ត្រូវ​គេ​គិត​ថា​ ជា​ជំហាន​ជឿនលឿន​ទៅ​មុខ​មែន​ តែ​វា​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​នៅឡើយ ថា​តើ​សំណុំ​រឿងនេះ​អាច​នឹង​ត្រូវ​ដំណើរការ​ទៅ​មុខ​បាន​ដោយ​គ្មាន​ការ​ពន្យារ​ពេល​ឬយ៉ាង​ណា​នោះ​ទេ។​

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​បាន​សម្រេច​កំណត់​ទំហំ​វិសាល​ភាព​នៃ​បទឧក្រិដ្ឋ​នៃ​សំណុំ​រឿង​០០២ ​វគ្គ២​ ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ។​ ការ​សម្រេច​នេះមាន​ការ​ទទួល​យក​សំណើពី​ភាគី​ខ្លះ​និង​ច្រាន​ចោល​សំណើ​ពី​ភាគី​ខ្លះ។​

នៅ​ក្នុង​ការ​សម្រេច​របស់​ខ្លួន​លើ​ដីកា​បំបែក​សំណុំ​រឿង​០០២ ​និង​វិសាល​ភាព​នៃ​សំណុំ​រឿង​០០២​ វគ្គ២ ​កាលពី​សប្តាហ៍​មុន​នេះ​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ សម្រេច​ផ្អែក​ទៅ​លើផ្នែក​ខ្លះ​នៃ​សំណើរបស់​សហ​ព្រះរាជ​អាជ្ញា​ និង​សហ​មេធាវី​និង​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​អង្គតុលាការ​កំពូល​កាលពី​ថ្ងៃទី​២៥ ​ខែ​វិច្ឆិកា​ដែល​ថា ​«វិសាល​ភាព​នៃ​ឧក្រិដ្ឋកម្ម​ជា​មូលដ្ឋាន​នៃ​សំណុំ​រឿង​០០២​ វគ្គ​ទី២​គឺ​មាន​បញ្ចូល​គុក​ទួលស្លែង​ឬ​ស ២១ ​ការដ្ឋាន​ទំនប់​ ១មករា ​សហករណ៍​ត្រាំកក់​ និង​បទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​វៀតណាម​ និង​ជនជាតិ​ចាម ​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់​ មន្ទីរ​សន្តិសុខ​អូរ​កន្សែង​ មន្ទីរ​សន្តិសុខ​ភ្នំក្រោល ការដ្ឋាន​សំណង់​វាល​យន្តហោះ​ខេត្ត​កំពង់​ឆ្នាំង​ សហករណ៍​ទំនប់​ត្រពាំង​ថ្ម ​ការ​បង្ខំ​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​និង​អំពើ​រំលោភ​សេព​សន្ទវៈ​ទូទាំង​ប្រទេស ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​(កម្រិត​ត្រឹម​សហករណ៍​ត្រាំកក់)​ ការ​ប្រព្រឹត្ត​លើ​អ្នក​ រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​(កម្រិត​ត្រឹមតែ​សហករណ៍​ត្រាំកក់​ ការដ្ឋាន​ទំនប់​ ១​មករា ​មន្ទីរ​សន្តិសុខ​ស២១ ​និង​មន្ទីរ​សន្តិសុខ​ ក្រាំងតាចាន់) ​ហើយ​នឹង​ការ​កាប់​សម្លាប់​ផ្ទៃក្នុង»។​

ក៏ប៉ុន្តែ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ច្រានចោល​សំណើ​របស់​សហមេធាវី​របស់​ជន​ជាប់​ចោទ​នួន​ ជា​ជាច្រើន ​ដូចជា​ការ​សុំ​ដាក់​បញ្ចូល​ការ​ជម្លៀស​ពលរដ្ឋ​វគ្គ​បី ​និង​ មន្ទីរ​សន្តិសុខ​ចំនួន​២​គឺ​មន្ទីរ​សន្តិសុខ​វត្ត​គីរីរម្យ​ និង​វត្តធ្លក​ និង​មន្ទីរ​សន្តិ​សុខ​ភូមិ​ភាគ​ខាង​ជើង​និង​បញ្ហា​មួយ​ចំនួន​ទៀត។ ​នេះបើ​តាម​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ជា​ភាសា​អង់គ្លេស​ចំនួន​សរុប​២៥​ទំព័រ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​ប្រធាន ​និល ណុន ​ហើយ​ដែល​វីអូអេ​ទទួល​បាន។​

នៅ​ពេល​សួរ​អំពីការ​សម្រេច​ថ្មីៗ​នេះ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ទៅ​លើ​ វិសាល​ភាព​នៃ​បទ​ឧក្រិដ្ឋ​នៃ​សំណុំ​រឿង​០០២​ វគ្គ២ ​ដែលត្រូវ​គេរំពឹង​ថា​ នឹង​ចាប់​ ផ្តើម​កាត់​ទោស​ជា​បន្ត​ឆាប់ៗ​ខាងមុខ​នោះ​ លោក​ឡុង បញ្ញាវុធ ​មន្ត្រី​ឃ្លាំ​មើល​ សាលាក្តី​ខ្មែរក្រហម​ និង​ជា​មន្ត្រី​កម្មវិធី​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​ បាន​អះ​អាង​ថា ​លោក​ស្វាគមន៍សេចក្តី​សម្រេច​របស់​សាលា​ដំបូង​នោះ​ ទោះជា​វា​មិន​អាច​ឆ្លើយ​តប​នឹង​សំណើនៃ​គ្រប់ភាគី​ដើម្បី​បញ្ចូល​រាល់​បទល្មើស​ និង​ទីតាំង​បទល្មើស ​ដូច​ដែល​ភាគី​នានា​ស្នើសុំក៏​ដោយ។​

«តែ​អ្វី​ដែល​ចៅក្រម​សាលា​ដំបូង​សម្រេច​ផ្តល់​ឲ្យ​នៃ​វិសាលភាព​នៃ​សំណុំ​រឿង​ ០០២​ វគ្គ២​នេះ ​យើង​អាច​ថា​ វា​បាន​បង្ហាញ​នូវ​បទល្មើស​ជា​តំណាង​ដែល​បាន​ កើត​ឡើង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ ​ហើយ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ ដែល​និយាយ​អំពី​ការ​បំបែក​សំណុំ​រឿងនេះ​ អាច​បើក​ផ្លូវឲ្យភាគី​នានា​ក្នុង​ការ​ដាក់ ចេញ​នូវ​បញ្ជី​សាក្សី​ បញ្ជី​ភស្តុតាង ​ដើម​បណ្តឹង​រដ្ឋប្បវេណី។ល។​និង​។ល។ ​ដែល​ខ្លួន​យល់​ឃើញ​ថា ​មាន​ប្រយោជន៍​សម្រាប់​យក​មក​បង្ហាញ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​០០២​ វគ្គ២»។​

ក្រុម​អ្នក​វិភាគខ្លះ​ដែល​វីអូអេ​បាន​ទាក់ទង ​រួមទាំង​លោក​ឡុង បញ្ញាវុធ​ផង ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ពន្យារ​ពេល​អំពី​រឿងនេះ​តាម​លេស​ជាច្រើន។​រឿង​នោះ​គឺ​ចៅក្រម​អាច​អូស​បន្លាយ​សវនាការ​លើ​ភស្តុតាង​មុន​សវនាការ​ពិត​ប្រាកដ​ ដោយ​ទី១​ ជំនុំ​ជម្រះ​បឋម​លើ​បញ្ហា​ភស្តុតាង​ ហើយ​ផ្អាក​រហូត​ដល់​ចុង​ឆ្នាំ​ឬ​ពេល​ណា​មួយ។​ ទី២​គឺ​ពន្យារ​ពេល​រហូត​ដល់​ចុងឆ្នាំ​ទើប​ចាប់​ផ្តើម​កាត់​ទោស។ ​ហើយ​ម្យ៉ាង​ទៀត​ ចៅក្រម​ខ្លះ​ក៏​មិនទាន់​សម្រេច​ថា​ នៅ​បន្ត​ឬ​ក៏​លា​លែង។​ នេះ​ជា​សំណួរ​ដែល​គេ​បាន​សួរ​ ថា​តើ​ចៅក្រម​អង្គជំនុំ​ជម្រះ​គ្រោង​នឹង​យក​សំណុំ​រឿង​០០២​ វគ្គ២​មក​ជំនុំ​ជម្រះ​ឬ​អត់។​

ក៏​ប៉ុន្តែ​បើ​តាម​ឯកសារ​ដែល​វីអូអេ​ទទួល​បាន​នោះ ​លោក​ចៅក្រម​និល ណុន​បាន​ថ្លែង​ថា៖​

«ដោយ​បាន​កំណត់​អំពី​ទំហំ​វិសាលភាព​នៃ​សំណុំ​រឿង​០០២ ​វគ្គ២ ​ភាគី​ពាក់​ព័ន្ធ​ត្រូវ​អញ្ជើញ​ឲ្យដាក់​ពាក្យ​ ជា​បញ្ជី​ឈ្មោះ​សាក្សី​ អ្នក​ជំនាញ​ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី»។​

លោក​បញ្ជាក់​ទៀត​ថា ​ក្រោយ​ពេល​បាន​ទទួល​ពាក្យ​និង​បញ្ជី​នានា​ពី​ភាគី​ពាក់​ព័ន្ធ​ ហើយ ​អង្គជំនុំ​ជម្រះ​នឹង​បន្ត​កិច្ចការ​នេះ។​ តែ​លោក​ពុំ​បាន​បញ្ជាក់​ថា​ ត្រូវ​បើក​ការ​ ជំនុំ​ជម្រះ​ទោស​នៅ​ថ្ងៃណា ​ខែណា​ជាក់​លាក់​ទេ ​លើ​សំណុំ​រឿង​០០២​ វគ្គទី២​ នេះ។​

កាលពី​ថ្ងៃអាទិត្យ​(មុន​សាលាក្តី​ប្រកាស​អំពី​វិសាល​ភាព)​ លោក​នេត្រ ភក្ត្រា ​អ្នក​នាំ​ពាក្យ​សាលាក្តី​ ​បានបដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ទេ ​ដោយ​អះ​អាង​ថា​ លោក​ពុំទាន់​មាន​ព័ត៌មាន​អំពី​ការ​សម្រេច​អំពី​ទំហំ​វិសាលភាព​ឧក្រិដ្ឋ​កម្ម​សំណុំ​រឿង​០០២ ​វគ្គ ​២​ជា​ផ្លូវការ។ ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​ ភាគី​ពាក់ព័ន្ធ​នានា​ ទាំង​ខាង​ជន​ជាប់​ចោទ ​ដូចជា​ នួន ជា ​និង​ខៀវ សំផន ​សហ​ព្រះរាជ​អាជ្ញា ​ជន​រងគ្រោះ​ជាដើម​ បាន​ដាក់​សារណា​នេះ​ជាយូរ​មក​ហើយ ​ដោយ​មាន​ទាំង​សវនាការ​ស្តាប់​ទក្ស្ហីករណ៍​ផ្ទាល់មាត់​លើ​វិសាលភាព​នៃ​សុំណុំ​រឿង​០០២ ​វគ្គ២​ផង​ដែរ ​កាលពី​ខែ​កុម្ភៈ​កន្លង​មក។​

«ពីព្រោះ​ថា ​ភាគី​ពាក់ព័ន្ធ​នានា​មាន​ផល​ប្រយោជន៍​ផ្សេងៗ​គ្នា​សម្រាប់​ព្រះរាជ​ អាជ្ញា ​ក៏ដូចជា​ជន​រងគ្រោះ។​ ពួក​គាត់​គិត​ថា ​ទីតាំង​ឧក្រិដ្ឋ​កម្ម ​ដែល​ស្នើសុំ​ទៅ​ដាក់​បញ្ចូល​ក្នុង​វិសាលភាព​នៃ​សំណុំ​រឿង​ហ្នឹង​ អាច​ជាភស្តុតាង​ដើម្បី​ដាក់​បន្ទុក​បន្ថែម​ទៅ​លើ​ជន​ជាប់​ចោទ។​ ហើយ​សម្រាប់​ជន​ជាប់​ចោទ ​គាត់​គិត​ថា​ ការ​ដាក់​អង្គ​ហេតុ ​ក៏ដូច​ជា​ទីតាំង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ថែម​ទៀត​ វា​អាច​នឹង​ជួយ​ដោះ​បន្ទុក​សម្រាប់​ពួក​គាត់»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​កាត់​ទោស​ចប់​សំណុំ​រឿង​០០២ ​វគ្គ១​ហើយ​ អំពី​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ តែ​គេ​កំពុង​រង់ចាំ​សាលក្រម​ស្ថាពរ​នៃ​សំណុំ​រឿង​នេះ ​ដែល​គេ​រំពឹង​ថា​ នឹង​ចេញ​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ។​ ភាគី​នានា​ចង់​បាន​ការ​កាត់​ទោស​សំណុំ​រឿង​០០២​ វគ្គទី២​ឆាប់ៗ​ខាងមុខ ​ព្រោះ​ជា​សំណុំ​រឿង​សំខាន់​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧​សែន​នាក់ក្នុង​ទសវត្សរ៍​១៩៧០៕
XS
SM
MD
LG