ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា និង​ហុងគ្រី ជជែកពី​កង្វល់ ​EBA


លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចាប់​រលាក់ដៃ​ជាមួយ​លោក ជេណូស អាឌឺ (Janos Ader) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុងគ្រី​​​នៅ​វិមាន​ប្រធានាធិបតី Sándor Palace ក្នុង​ទីក្រុង​​ Budapest ​នៅ​ថ្ងៃ​អង្គារទី ១៥ ខែតុលា ឆ្នាំ២០១៩។ (Facebook/Samdech Hun Sen, Cambodian Prime Minister)
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចាប់​រលាក់ដៃ​ជាមួយ​លោក ជេណូស អាឌឺ (Janos Ader) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុងគ្រី​​​នៅ​វិមាន​ប្រធានាធិបតី Sándor Palace ក្នុង​ទីក្រុង​​ Budapest ​នៅ​ថ្ងៃ​អង្គារទី ១៥ ខែតុលា ឆ្នាំ២០១៩។ (Facebook/Samdech Hun Sen, Cambodian Prime Minister)

លោក ហ៊ុន សែន បានផ្តើម​ពិភាក្សា​អំពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប EBA ជាមួយ​សមភាគី​របស់​លោក​នៅ​​ហុងគ្រី គ្រាដែល​លោក​​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ខាង​កើត។ តែ​​សង្គម​ស៊ីវិល យល់ថា​ប្រទេស​អឺរ៉ុប​ខាង​កើត​មិន​សូវ​មាន​ឥទ្ធិពល​ក្នុង​ការ​សម្រេចលើ EBA សម្រាប់​កម្ពុជា​ទេ។

ក្នុង​ជំនួប​ជាមួយលោក ជេណូស អាឌឺ (Janos Ader) ប្រធានាធិបតី នៃ សាធារណរដ្ឋហុងគ្រី​នៅ​វិមាន​ប្រធានាធិបតី​ Sándor Palace ក្នុង​ទីក្រុង Budapest ​កាល​ពីថ្ងៃ​អង្គារ លោក ហ៊ុន សែន​ បាន​ស្នើ​ឲ្យលោក​ប្រធានាធិបតី​ហុង​គ្រី​ «បន្ត​គាំទ្រ​ដល់​កម្ពុជា​ ជាមួយ​នឹងសហភាពអឺរ៉ុប»​ទាក់​ទង​នឹងការ​អនុគ្រោះ​ពន្ធ​នាំទំនិញ​ពី​កម្ពុជា​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប​ ឬ EBA។

លោក ​ហ៊ុន សែន គូស​បញ្ជាក់​ចំពោះ​មុខ​ដៃគូ​សន្ទនា​របស់​ខ្លួន​ថា​ កម្ពុជា​ចង់ឲ្យ​សហភាព​អឺរ៉ុបដោះ​ស្រាយ​ និង​សម្រេច​លើ​ EBA ​«ដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា»​។

នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​យប់​ថ្ងៃ​អង្គារ។

យោង​តាម​ប្រភព​ព័ត៌មាន​ដដែល លោក​ប្រធានាធិបតី​ហុងគ្រី​អះអាង​ថា​ នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា​ជា​បន្តទៀត​។ ប៉ុន្តែ​ប្រភព​នេះ​មិនមានការ​បញ្ជាក់​លម្អិត​ថា​តើ​ប្រទេសហុងគ្រី​នឹង​គាំទ្រ​កម្ពុជា​ ដោយ​វិធីណានោះទេ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល​ប្រាំថ្ងៃ​នៅ​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុបខាង​កើត។​ ក្នុង​នោះ​មាន​សាធារណរដ្ឋ​ឆេក ប្រទេស​ហុង​គ្រី និង​ប្រទេស​ប៊ុលហ្គារី។ ដំណើរ​ទស្សកិច្ច​ក្នុង​គោល​ដៅ​រឹត​ចំណង​កិច្ច​សហការ​លើឆាក​អន្តរជាតិ ប៉ុន្តែក៏ជាផ្នែក​មួយ​នៃ​ការ​ព្យាយាម​តាមរយៈ​ការ​ទូត​ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ​«អ្វីៗ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​»​ ឬ ​EBA។

ប៉ុន្តែលោក​ឃុន​ ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central)​ បាន​ប្រាប់ VOA​ ថា ប្រទេស​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​កំពុង​បំពេញ​ទស្សនកិច្ច​នេះ​មិន​មាន​ឥទ្ធិពល​នោះ​ឡើយ។

«ខ្ញុំ​គិត​ថា​ ប្រទេស​ទាំង​អស់​ហ្នឹង​ សុទ្ធសឹង​តែ​ជា​ប្រទេស​ដែល​មិនមាន​ឥទ្ធិពល​អី​ក្នុង​ការ​សម្រេច​គោល​នយោបាយ​ធំៗ​របស់​ សហភាព​អឺរ៉ុប​ទេ»។

សហ​ភាព​អឺរ៉ុប​បាន​បញ្ចប់ការ​សិក្សារយៈ​ពេល​ប្រាំមួយ​ខែ​របស់​ខ្លួន​លើ​លទ្ធភាព​ត្រូវដក​ឬ​រក្សា​ទុក​ EBA ឲ្យ​កម្ពុជា​ឬយ៉ាងណា ដោយ​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ធ្វើ​ឲ្យ​ប្រសើរឡើងវិញ​នូវ​លទ្ធិប្រជា​ធិបតេយ្យ ​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិនយោបាយ។

ក៏ប៉ុន្តែ​រដ្ឋាភិបាល​ធ្លាប់​បាន​អះអាងថា ​ខ្លួន​នឹង​មិន​ឱន​ក្បាល​ចំពោះ​លក្ខខណ្ឌ​ទាំង​នោះ​ទេ ដោយ​បាន​ពន្យល់​ថា​ ជំហរ​តឹងរ៉ឹង​របស់​ខ្លួន​គឺជា​ផ្នែក​មួយ​នៃ​ការ«រក្សា​អធិបតេយ្យភាព»​របស់​កម្ពុជា។

លោក​អាត់​ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​លើក​ឡើង​ថា​ ប្រសិន​បើ​កម្ពុជា​បាត់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBAនោះ កម្ពុជា​នៅ​ប្រឈម​នឹង​ផល​វិបាក​មួយ​ទៀត​ក្នុង​ការ​នាំ​ទំនិញ​ចូល​ទៅ​កាន់​ប្រទេស​សមាជិក​និមួយៗ​របស់​សហភាព​អឺរ៉ុប។​

អ្នកការពារ​សិទ្ធិ​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​រូប​នេះ​ ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​យ៉ាង​ណា​បញ្ចៀស​ឲ្យបាន​កុំ​ឲ្យបាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ EBA។

កាល​ពី​សប្តាហ៍​ទី​មួយ​នៃ​ខែ​តុលា​នេះ ប្រតិភូ​មួយ​ក្រុម​របស់​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅថា GMAC បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហភាព​អឺរ៉ុប​ដើម្បី​ព្យាយាមបញ្ចុះ​បញ្ចូល​ប្រទេស​ជា​សមាជិក​ឲ្យរក្សា​ EBA សម្រាប់​កម្ពុជា។ ប៉ុន្តែ​ក្រោយ​ពី​ជំនួប​ជាមួយ​តំណាង​ប្រទេស​ចំនួន​១៤ ក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​សរុប​ចំនួន​២៨ ប្រតិភូ​ GMAC មិន​ទាន់​ទទួល​បាន​ចម្លើយ​ជា​វិជ្ជមាន​ណាមួយ​នៅឡើយ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ចុង​ក្រោយ​របស់​ខ្លួន​ស្តីពី EBA សម្រាប់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ។

សូម​បញ្ជាក់​ថា​នាយក​រដ្ឋ​មន្ត្រី​លោក​ហ៊ុន សែន​ នាពេលនេះ​ កំពុងស្ថិតក្នុងប្រទេស​ប៊ុលហ្គារី។ ក្នុង​ដំណើរ​ទស្សកិច្ច​របស់​លោក​នៅ​សាធារណរដ្ឋ​ឆេក កាល​ពីថ្ងៃចន្ទ ​លោក​គ្រោង​នឹង​ទិញ​យន្តហោះ​ស៊ើបការណ៍​និង​គ្រឿង​សព្វាវុធមួយ​ចំនួន​ពីអតីត​ប្រទេស​កម្មុយនិស្ត​មួយ​នេះ៕

XS
SM
MD
LG