តំណាងក្រុមថៅកែរោងចក្រនៅមិនទាន់ប្រាកដនៅឡើយថាតើអាចរក្សាការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA ក្រោយពីបានជួបចរចាដោយផ្ទាល់ជាមួយក្រុមសមាជិកសភាអឺរ៉ុបកាលពីសប្តាហ៍ទី១នៃខែតុលានេះ។
កាលពីថ្ងៃទី៥ខែតុលា លោកវ៉ាន់ ស៊ូអ៊ាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅថា GMAC និងលោកខេន លូ អគ្គលេខាធិការនៃសមាគមនេះ បានធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបដើម្បីព្យាយាមបញ្ចុះបញ្ចូលឲ្យសហភាពអឺរ៉ុបកុំឲ្យដកEBA ពីកម្ពុជា។
សហភាពអឺរ៉ុបដែលបានព្រមានថានឹងដកការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅកាន់ប្លុករបស់ខ្លួនប្រសិនបើកម្ពុជាមិនធ្វើឲ្យប្រសើរឡើងវិញផ្នែកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ។
កាលពីខែសីហា សហភាពអឺរ៉ុបបានបញ្ចប់ការសិក្សារយៈពេលប្រាំមូយខែ ស្តីពីលទ្ធភាពព្យួរ EBA នេះដោយរង់ចាំធ្វើការសម្រេចជាចុងក្រោយនៅថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២០ខាងមុខ។
ប្រសិនបើបាត់បង់ EBA កម្ពុជាអាចនឹងខាតបង់ប្រាក់ចំណូលប្រមាណ៦០០លានដុល្លារក្នុងមួយឆ្នាំ។
លោក Ken Loo អគ្គលេខាធិការ(GMAC) ប្រាប់ VOA នៅថ្ងៃចន្ទនេះថា លោកមិនទាន់អាចសន្និដ្ឋានបានថាតើសហភាពអឺរ៉ុបនឹងដកថយពីការព្យួរ EBA ដល់កម្ពុជាឬយ៉ាងណា ក្រោយពីជំនួបជាមួយក្រុមអ្នកច្បាប់នៅអឺរ៉ុបនិងតំណាងប្រទេសសមាជិកអឺរ៉ុបចំនួន១៤ប្រទេសក្នុងចំណោមសមាជិកអឺរ៉ុបសរុបចំនួន២៨ប្រទេស។
លោកបញ្ជាក់ថាប្រតិភូសមាគមរោងចក្រកាត់ដេរមិនទទួលបានការធានាណាមួយជាផ្លូវការនោះទេ។
«យើងអត់ទាន់ដឹងបាន អត់ទាន់បានដឹង ទាល់តែចាំដល់ខែ២»។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាធ្លាប់បានទទូចឲ្យអឺរ៉ុបរក្សាការអនុគ្រោះពន្ធEBA នេះដល់កម្ពុជាក្នុងសប្តាហ៍កន្លងទៅ។
ប៉ុន្តែ លោក Blaise Kilian នាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា មិនមានការអធិប្បាយណាមួយទៅលើ ជំហររបស់សហភាពអឺរ៉ុប ទាក់ទិនការរក្សាទុក ឬមិនរក្សាទុកប្រព័ន្ធអនុគ្រោះ EBA ដល់ប្រទេសកម្ពុជានោះទេ។
យ៉ាងណាក៏ដោយ លោក Blaise Kilian គិតថា EBA មានសារៈសំខាន់សម្រាប់កម្ពុជា។«យើងចង់ឃើញ EBA ត្រូវបានគេរក្សាទុក ដែលជាលទ្ធផល អ្នកគាំទ្រអាច រួមចំណែកបន្ថែមទៀត ទៅលើការជឿនលឿនដ៏សម្បើមខាងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលបាននាំមកជូនប្រជាជនកម្ពុជាក្នុងទសវត្សរិ៍ជាច្រើនកន្លងមកនោះ»។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានខិតខំ កែលម្អស្ថានភាពសិទ្ធិការងារបានច្រើនមកហើយដើម្បីបំពេញទៅតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធទៅនឹងការទទួលបានប្រព័ន្ធឋានៈអនុគ្រោះ EBA នេះ។ តែលោកថា រដ្ឋាភិបាលនៅមិនទាន់អាចរកច្រកដោះស្រាយបាន ចំពោះការបំពេញទៅតាមការចង់បានរបស់សហភាពអឺរ៉ុប ទាក់ទិននឹងសិទ្ធិនយោបាយ គ្រាការដែលបង្ក្រាបលើក្រុមអតីតសមាជិក និងមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយចោលបន្តកើនឡើងខ្លាំង។
ចំណែកលោកឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) យល់ថា ពេលវេលារបស់កម្ពុជាក្នុងការឆ្លើយតបទៅកាន់អ្វីដែលជាចង់បានរបស់សហភាពអឺរ៉ុប កំពុងតែខើយខ្លីទៅហើយ។
លោកមើលឃើញថា ការបង្ក្រាបខាងនយោបាយដែលមិនចេះចប់ទៅលើ ក្រុមគណបក្សប្រឆាំងដែលត្រូវបានគេផាត់ចេញពីការបោះឆ្នោតនៅឆ្នាំ២០១៨នោះ នឹងមិនជារឿងល្អទេ សម្រាប់ការរក្សាទុកប្រព័ន្ធអនុគ្រោះ EBA នោះ។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេនៅថ្ងៃចន្ទនេះ។
ទោះជាយ៉ាងណា លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលបន្តពិភាក្សាជាមួយភាគីសហភាពអឺរ៉ុបអំពី EBA នេះនៅឡើយ តែលោកមិនដឹងថាតើលទ្ធផលនឹងទៅជាយ៉ាងណានោះទេ។
នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តើមទស្សនកិច្ចនៅសាធារណរដ្ឋឆែក ហើយលោកនឹងបន្តទស្សនកិច្ចនៅប្រទេសហុងគ្រី និងប៊ុលហ្គារី ទៀតក្នុងក្របខណ្ឌ័នៃដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃនៅទ្វីបអឺរ៉ុបនេះ។ មានការវាយតម្លៃមួយចំនួនថាលោកនាយករដ្ឋមន្ត្រីខ្មែរអាចនឹងព្យាយាមបញ្ចុះបញ្ចូលប្រទេសសមាជិកអឺរ៉ុបមួយចំនួនដើម្បីផលប្រយោជន៍ EBA ផងដែរ៕