ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​បិទ​ភោជនីយដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19


ភ្ញៀវ​ទេសចរ​បរទេស​ពាក់​ម៉ាស់​ការពារ​ នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ភ្ញៀវ​ទេសចរ​បរទេស​ពាក់​ម៉ាស់​ការពារ​ នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម មាន​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន ៣៩ ករណី ដែល​ភាគ​ច្រើន​គឺ​នាំ​មក​ពី​ទ្វីប​អឺរ៉ុប។ កន្លង​មក ទីក្រុង​នេះ​បាន​បិទ​រោង​ភាពយន្ត ក្លឹប​កម្សាន្ត បារ កន្លែង​ម៉ាស្សា និង​ហាង​ការ៉ាអូខេ​នានា តាំង​ពី​ការ​ឆ្លង​រាលដាល​មេរោគ​នេះ​បាន​ចាប់ផ្ដើម​ឡើង។

រដ្ឋបាល​រដ្ឋធានី​ហូជីមិញ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «រាល់​ភោជនីយដ្ឋាន​ទាំង​អស់​ដែល​អាច​ផ្ទុក​មនុស្ស​លើស​ពី ៣០ នាក់ នៅ​ទូទាំង​សង្កាត់​ទាំង ២៤ ក្នុង​ទីក្រុង​ហូជីមិញ ត្រូវតែ​បិទ​ដំណើរការ​ចាប់​ពី​ម៉ោង ៦ ល្ងាច ថ្ងៃ​ទី ២៤ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​មីនា»។

វិធានការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយសារតែ​អ្នក​ឆ្លង​ជំងឺ​នេះ​មួយ​ចំនួន​បាន​ចម្លង​ជំងឺ​នេះ​នៅ​តាម​ភោជនីយដ្ឋាន និង​បារ​មាន​ប្រជាប្រិយ​នានា​នៅ​ក្នុង​ទីក្រុង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​វៀតណាម។

នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នក​ឆ្លង​មេរោគ​នេះ​ចំនួន ១២៣ នាក់ នៅ​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​នេះ​ទេ ហើយ​មនុស្ស​ជាង ៥ ម៉ឺន​នាក់​កំពុង​ត្រូវ​ដាក់​នៅ​ដាច់​ដោយ​ឡែក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​វៀតណាម៕

XS
SM
MD
LG