ប្រធានាធិបតីហ្វីលីពីនកំពុងតែគំរាមប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសរបស់ខ្លួន។ ថ្លែងទៅកាន់សមាជិកនៃសភាពាណិជ្ជកម្មនៅទីក្រុង Davao កាលពីថ្ងៃសៅរ៍ លោក Rodrigo Duterte បានមានប្រសាសន៍ថា ប្រសិនបើសង្គ្រាមថ្នាំញៀនក្លាយទៅជាសកម្មភាពដែលកាចសាហាវខ្លាំង នោះលោកនឹងប្រកាសប្រើច្បាប់អាជ្ញាសឹក។
លោកថ្លែងថា៖ «គ្មាននរណាម្នាក់អាចបញ្ឈប់ខ្ញុំបានទេ»។ លោកបានបន្ថែមថា គោលបំណងនៃវិធានការនេះគឺដើម្បីការពារប្រជាពលរដ្ឋនិងយុវជនហ្វីលីពីននៅក្នុងទឹកដីរបស់ខ្លួន។
ប្រធានាធិបតីដ៏ចម្រូងចម្រាសរូបនេះបានប្តេជ្ញាថានឹងបោសសម្អាតថ្នាំញៀនខុសច្បាប់។ ក្នុងរយៈពេល៦ខែដំបូងនៃការបង្ក្រាបថ្នាំញៀនរបស់លោក មនុស្សជិត៦ពាន់នាក់ត្រូវបានសម្លាប់ដោយប៉ូលិសនិងក្រុមការពារសណ្តាប់ធ្នាប់ ដែលរងការរិះគន់ពីអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងពីប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ។
លោក Duterte បានប្តេជ្ញាថានឹងមិនខ្វល់នឹងការរិះគន់នោះទេ ហើយនៅតែបន្តបង្ក្រាបតទៅទៀត។ លោកក៏ហ៊ានឲ្យអ្នកប្រឆាំងនឹងលោកទម្លាក់លោកចេញពីតំណែងផងដែរ។
ប្រទេសហ្វីលីពីនបានប្រើប្រាស់ច្បាប់អាជ្ញាសឹកក្នុងអំឡុងពេលនៃរបបផ្តាច់ការរបស់ លោក Ferdinand Marcos។
លោក Duterte បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានបញ្ជាឲ្យយោធារបស់លោកសម្លាប់ពួកជ្រុលនិយមណាដែលរត់គេចខ្លួនជាមួយនឹងចំណាប់ខ្មាំង។
នៅពេលសួរអំពីចំណាប់ខ្មាំង លោកប្រធានាធិបតីបានឆ្លើយថា៖ «សុំអភ័យទោសចំពោះគ្រោះថ្នាក់ទៅលើជនស្លូតត្រង់»។ ហើយនៅពេលសួរអំពីយោបល់របស់លោកទៅលើជនរងគ្រោះដែលប្រឈមនឹងគ្រោះថ្នាក់ លោកបានឆ្លើយថា «ការពារខ្លួនកុំឲ្យទៅធ្លាក់ជាចំណាប់ខ្មាំង»៕