កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស-២១ ឬ គុកទួលស្លែងក្នុងរបបខ្មែរក្រហម បានអះអាងសារជាថ្មីថា នួន ជា បងធំទី២ នៃរបបខ្មៅងងឹតនេះ គឺជាអ្នកដែលបញ្ជារូបខ្លួនឲ្យសាកសួរនិងធ្វើទារុណកម្ម លើជនណាដែលនាំមកកាន់គុកដ៏សាហាវនេះ។ ឆ្លើយចំពោះមុខចៅក្រមនិងអង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម ឌុចបញ្ជាក់ពីការភ្ញាក់ផ្អើលចំពោះការបដិសេធរបស់ នួន ជា ហើយហៅ «ការបដិសេធនេះគឺវាមិនមានន័យ»។
ឆ្លើយតបចំពោះមុខសហព្រះរាជអាជ្ញារងអន្តរជាតិ និងអង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមនៅក្នុងថ្ងៃអង្គារនេះ ឌុចបញ្ជាក់ពីការភ្ញាក់ផ្អើលចំពោះការបដិសេធរបស់ នួន ជា ថា ខ្លួនមិនបានពាក់ព័ន្ធនឹងបញ្ជាចំពោះមន្ទីរស-២១នោះ។ ឌុចបន្តថា រាល់សកម្មភាពក្នុងមន្ទីរសន្តិសុខស-២១ ឬ មន្ត្រីប៉ូសីសផ្សេងទៀតក្នុងប្រទេស គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត។
ឌុច ថ្លែងក្នុងសម្តីដើមថា៖
«ការបដិសេធរបស់ពូនួន វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំមិនស្មានថាវាដល់អញ្ចឹងសោះ។ មន្ទីរស២១ក៏ដូចជាមន្ទីរនគរបាលទាំងអស់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នៅក្នុងបក្សកុម្មុយនីស្តកម្ពុជា វាស្ថិតនៅក្រោមការដឹកនាំរបស់បក្ស»។
ឌុច ដែលស្ថិតក្នុងវ័យ៧៤ឆ្នាំ បានបន្តថា៖
«បងនួន ពូនួន គាត់បដិសេធនេះ គឺខុសហើយ។ ក្នុងបក្សកុម្មុយនីស្តកម្ពុជាអ្នកមិនគោរពបក្ស អ្នកណាដែលធ្វើការងារអីក្រៅពីលេខា និងអនុលេខាបក្សសម្រេច។ នេះគឺជាការចាត់តាំងរបស់បក្សកុម្មុយនីស្តកម្ពុជា គឺវាអញ្ចឹង។ ដូច្នេះ ការបដិសេធរបស់ពូនួនគឺវាគ្មានន័យ»។
ការលើកឡើងរបស់ទណ្ឌិត កាំង ហ្កេកអ៊ាវ គឺធ្វើឡើងក្នុងនាមសាក្សីនៃសំណុំរឿង០០២ វគ្គ២ ដែលកំពុងតែដំណើរការក្នុងការសាកសួរ។ ឌុច ឬ កាំង ហ្កេកអ៊ាវ អតីតប្រធានមន្ទីរស-២១ ឬ ទួលស្លែងក្នុងរបបខ្មែរក្រហមត្រូវតុលាការកាត់ទោសខ្មែរក្រហម ឬ ECCC ដាក់ទោសអស់មួយជីវិតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ នាព្រឹកថ្ងៃអង្គារនេះឌុចត្រូវបានកោះហៅឲ្យធ្វើជាសាក្សីក្នុងសំណុំរឿង០០២ វគ្គ ០២ ប្រធានបទទី៤ ដែលពាក់ព័ន្ធមន្ទីរសន្តិសុខនឹងការបោសសំអាតផ្ទៃក្នុង។ នេះគឺជាលើកទី២ហើយដែលឌុច បានបង្ហាញខ្លួនក្នុងនាមសាក្សី ក្នុងសំណុំរឿង ០០២ប្រឆាំងនឹង នួន ជា និង ខៀវ សំផន។
ក្នុងការផ្តល់សក្ខីកម្មរបស់ខ្លួននាថ្ងៃអង្គារនេះទណ្ឌិត កាំង ហ្កេកអ៊ាវ បានបង្ហាញបញ្ជាក់ដដែលៗថា នួន ជា បានបញ្ជាមកដល់ខ្លួនទាំងប្រយោលនឹងដោយផ្ទាល់ក្នុងអំឡុងពេលដែល សុន សេន ទទួលបញ្ជាទៅកាន់កាប់សមរភូមិនាឆ្នាំ១៩៧៧។
ទណ្ឌិតរូបនេះបញ្ជាក់ថា៖
«ការណ៍ដែលមេ ហៅខ្ញុំទៅធ្វើការ ទំាងបង សុន សេន ទាំងបង នួន ជា ខ្ញុំទៅជួបតែពីរនាក់ទេ មួយទល់នឹងមួយ។ ខ្ញុំមានសៀវភៅកំណត់ហេតុ មួយទៅ សម្រាប់ចារ កត់ត្រានូវអ្វីដែលគាត់ណែរនាំ របៀបវីរៈដែលគាត់ប្រជុំគ្នានឹងខ្ញុំនាថ្ងៃនោះ ហើយនឹងស្អីដែលគាត់ណែនាំ ខ្ញុំចារ ខ្លីៗទៅ ហើយយកទៅអនុវត្តន៍»។
យ៉ាងណាក៏ដោយ ឌុច ថា ខ្លួនមិនបានពាក់ព័ន្ធនឹងការចាប់បញ្ជូនទាហាន លន់ នល់ និងជាអ្នកដែលសង្ស័យជាខ្មាំងអង្គការទៅមន្ទីររបស់ខ្លួននោះទេ។
លោក ច្រេស ភី ដែលពីខេត្តកំពង់ស្ពឺស្រុកឧត្តុង្គ។ ក្រោយពីបានមកស្តាប់សក្ខីកម្មរបស់ ឌុច កសិករវ័យ៦៣ឆ្នាំរូបបានបង្ហាញភាពមិនសប្បាយចិត្តចំពោះការឆ្លើយមិនច្បាស់លាស់របស់ ឌុច និងការដាក់បន្ទុកលើគ្នាទៅវិញទៅមករបស់អតីតក្រុមក្បាលម៉ាស៊ីនក្នុងរបបខ្មែរក្រហមនេះ។
«ឌុចឆ្លើយហ្នឹងដូចជាមិនត្រឹមត្រូវ វាឆ្លើយឲ្យច្បាស់ទៅ ថាវាកាន់ពីនេះ ទៅដល់នោះទៅ។ បើឆ្លើយឲ្យច្បាស់ទៅប្រជាពលរដ្ឋគឺអស់ចិត្តហើយ»។
យ៉ាងណាក៏ដោយលោក ច្រេស ភីដែលបាត់បង់ បងប្អូនបង្កើតពីររូបក្នុងរបបខ្មៅងងឹតនេះក៏បានទទូចឲ្យពន្លឿនការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលនៅសេសសល់និងវែកមុខរកមូលហេតុនៃការសម្លាប់រង្គាលក្នុងរបបនោះផងដែរ។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានប្រាប់ VOA ថា ឌុចឬ កាំង ហ្កេកអ៊ាវ នឹងបន្តផ្តល់សក្ខីកម្មរយៈពេល៨ថ្ងៃបន្តរទៀតចំពោះប្រធានបទទី៤ដែលពាក់ព័ន្ធមន្ទីរសន្តិសុខ នឹងការបោសសំអាតផ្ទៃក្នុង។ ក្នុងនេះដែរតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ក៏កោះហៅសាក្សី ជនរងគ្រោះក្នុងមន្ទីរ ស២១ និងភាគីដើមបណ្តឹងផងដែរ សម្រាប់សវនាការ នាថ្ងៃបន្តបន្ទាប់ទៀត។
របបខ្មែរក្រហមត្រូវបានគេស្តីបន្ទោសថា បានកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ សាលាក្តីនេះទើបតែកាត់ទោសបានជនជាប់ចោទម្នាក់ដែលជាប្រធានគុកទួលស្លែង គឺ កាំង ហ្កេកអ៊ាវ ហៅឌុច តែជនជាប់ចោទដទៃទៀតបានស្លាប់ មុនការកាត់ទោស ហើយសព្វថ្ងៃនៅសល់តែមេដឹកនាំរបបនេះ តែពីររូបតែប៉ុណ្ណោះ ដែលប្រឈមនឹងការកាត់ទោស គឺ នួន ជា អតីតបងធំទី២ និង ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម ដែលស្ថិតក្នុងសំណុំរឿង០០២៕