មូលនិធិសម្រាប់កុមាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា តំបន់ភាគខាងត្បូងនៃប្រទេសអង់ហ្គោឡា កំពុងជួបប្រទះនូវគ្រោះរាំងស្ងួតដ៏អាក្រក់មួយដែលមិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយមានមនុស្សយ៉ាងហោចណាស់២.៣០០.០០០ នាក់ ប្រឈមនឹងហានិភ័យដោយទទួលរងទុក្ខកង្វះអាហារូបត្ថម្ភ ដោយសារតែពួកគេមិនអាចទទួលបានអាហារគ្រប់គ្រាន់។
កសិករម្នាក់អាយុ៥៨ឆ្នាំ ឈ្មោះ Eduardo Noukala កំពុងស្វះស្វែងរកស្មៅនិងទឹកឲ្យបានគ្រប់គ្រាន់សម្រាប់គោក្របីដែលគ្រួសាររបស់លោក កំពុងពឹងអាស្រ័យនាពេលបច្ចុប្បន្ននេះ។
គ្រោះរាំងស្ងួតដ៏អាក្រក់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើភាគខាងត្បូងនៃប្រទេសអង់ហ្គោឡា ដែលមិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍នេះ បានបំផ្លាញផលដំណាំរបស់លោកទាំងស្រុង។
ភ្លៀងមិនបានធ្លាក់ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ដែលធ្វើឲ្យកសិកររាប់ពាន់នាក់ដូចជាលោក Noukala មិនបានទទួលផលដំណាំ និងមានក្តីសង្ឃឹមតិចតួច។
លោកបាននិយាយថា មានតែព្រះទេដែលដឹងអំពីទំហំនៃគ្រោះរាំងស្ងួតនៅឆ្នាំនេះ ពីព្រោះលោកមិនដែលបានឃើញគ្រោះរាំងស្ងួតបែបនេះទេ ពីមុនមកទេ។
កសិករចិញ្ចឹមសត្វពាហនៈត្រូវបង្ខំចិត្តធ្វើដំណើរជាមួយហ្វូងសត្វរបស់ពួកគេ ៣ខែ មុនកាលកំណត់ដើម្បីស្វែងរកវាលស្មៅពណ៌បៃតង។
មានសត្វតិចតួចប៉ុណ្ណោះត្រូវគេរំពឹងថា នឹងអាចរស់រានមានជីវិត ខណៈពេលដែលសត្វជាច្រើនពាន់ក្បាល បានងាប់រួចទៅហើយ។
មូលនិធិសម្រាប់កុមាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា គ្រោះរាំងស្ងួតនេះបានធ្វើឲ្យមនុស្សជាង ២ លាននាក់នៅភាគខាងត្បូងប្រទេសអង់ហ្គោឡា ជួបហានិភ័យដោយអសន្តិសុខស្បៀង។
លោក Asorio Setequele ជាកសិករម្នាក់ដែរនិយាយថា នៅពេលនេះពួកគាត់ កំពុងជួបគ្រោះអត់ឃ្លាននៅឯផ្ទះ ហើយមិនមានទឹកប្រើប្រាស់ដោយសារតែគ្រោះរាំងស្ងួតនេះ។
កុមារដែលខ្វះអាហាររូបត្ថម្ភ ត្រូវបានព្យាបាលនៅឯមន្ទីរពេទ្យមួយឈ្មោះថា Ondjiva។
ប៉ុន្តែលោកវេជ្ជបណ្ឌិត Daniel Ricardo ដែលជាអ្នកឯកទេសខាងអាហារូបត្ថម្ភ និយាយថា អ្នកដែលជួបគ្រោះអត់ឃ្លានភាគច្រើនកំពុងចុះខ្សោយយ៉ាងខ្លាំងដែលធ្វើឲ្យពួកគេមិនអាចធ្វើដំណើរទៅទទួលការថែទាំសុខភាពបាន។
លោកនិយាយថា ស្ថានភាពសុខភាពនៃកុមារទាំងនោះ នឹងកាន់តែអាក្រក់ជាងមុនដោយសារតែគ្រោះរាំងស្ងួតនេះ ដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សមិនត្រឹមលើផ្នែកអាហាររូបត្ថម្ភប៉ុណ្ណោះទេ គឺថែមទាំងមានឥទ្ធិពលធំធេងទៅលើសុខភាពរបស់កុមារ នៅកម្រិតមូលដ្ឋានទៀតផង។
ក្រុមជំនួយរបស់អង្គការទស្សនៈពិភពលោក World Vision កំពុងតែផ្តល់អាហារចំនួន ១១ កុងតឺន័រ ដល់កុមារកំពុងស្រេកឃ្លានចំនួន ៣២.០០០ នាក់ ដែលមានអាយុក្រោម ៥ ឆ្នាំ នៅទីក្រុង Cunene។
លោក Robert Bulten នាយកកម្មវិធីសង្គ្រោះបន្ទាន់នៅប្រទេសអង់ហ្គោឡាមានការព្រួយបារម្ភអំពីតម្រូវការចាំបាច់បំផុតនេះ។
លោក Bulten បានថ្លែងថា៖ «នេះមិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវតែស្វែងរកធនធានផ្សេងទៀតពីអ្នកផ្គត់ផ្គង់ផ្សេងៗ ពីព្រោះយើងមើលឃើញថា ការប្រមូលផលបានពីវាលស្រែក្នុងរដូវកាលនេះ យើងរំពឹងថា យើងនឹងមានកុមារដែលខ្វះអាហារូបត្ថម្ភយ៉ាងច្រើន យ៉ាងហោចណាស់ការប្រឈមនេះ នឹងកើតមានរហូតដល់រដូវកាលប្រមូលផលឆ្នាំក្រោយ គឺនៅខែមីនា»។
ប្រធានាធិបតីប្រទេសអង់ហ្គោឡា លោក Joao Lourenco បានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់នេះនៅខែឧសភា ហើយបានទទួលស្គាល់ថា ស្ថានភាពនៅតំបន់នេះមានសភាពមិនល្អ។
លោកបាននិយាយថា រដ្ឋាភិបាលមិនមែនមិនអើពើនឹងបញ្ហានេះទេ។ វត្តមានរបស់លោកនៅខេត្តទាំងពីរនេះ គឺជាសញ្ញាមួយបង្ហាញថា រដ្ឋាភិបាលកំពុងតាមដានលើអ្វីដែលកំពុងកើតមាននៅក្នុងតំបន់ស្ទើរតែទាំងអស់ នៅភាគខាងត្បូងនៃប្រទេសអង់ហ្គោឡា។
ប្រទេសអង់ហ្គោឡាបានសន្យាថា នឹងផ្ដល់មូលនិធិដល់សេវាសង្គ្រោះបន្ទាន់របស់ខ្លួន និងកម្មវិធីអភិវឌ្ឍន៍សម្រាប់រយៈពេល៤ឆ្នាំ។
ខណៈពេលដែលផែនការនេះ មានលក្ខណៈគួរឲ្យសរសើរនោះ ក្រុមអង្គការផ្ដល់ជំនួយនិយាយថា ការប្ដេជ្ញាពឹងផ្អែកលើខ្លួនឯងធ្វើឲ្យមានការពិបាកកាន់តែខ្លាំងក្នុងការទាក់ទាញរកជំនួយមកជួយដល់ពលរដ្ឋអង់ហ្គោឡា ដែលកំពុងរងទុក្ខដោយគ្រោះរាំងស្ងួតនេះ៕
ប្រែសម្រួលដោយ នៀម ឆេង