នៅពេលដែលការគ្រប់គ្រងលើទ្រព្យសម្បត្តិអចលនទ្រព្យផ្ទាល់ខ្លួនដ៏មានតម្លៃបំផុតមួយចំនួនកំពុងជួបគ្រោះថ្នាក់ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកនឹងធ្វើដំណើរដ៏កម្រដោយស្ម័គ្រចិត្តទៅកាន់តុលាការនៅក្នុងទីក្រុង New York នៅថ្ងៃចន្ទនេះសម្រាប់ការចាប់ផ្ដើមនៃសវនាការលើបណ្ដឹងរដ្ឋប្បវេណីមួយដែលចៅក្រមបានសម្រេចរួចហើយថាលោកបានប្រព្រឹត្តការក្លែងបន្លំនៅក្នុងការធ្វើអាជីវកម្មរបស់លោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Trump បានព្រលះនៅក្នុងសារបង្ហោះរបស់លោកដាក់អ្នកស្រីអគ្គរដ្ឋអាជ្ញា Letitia James ដែលប្ដឹងលោក និងដាក់លោកចៅក្រម Arthur Engoron ដែលធ្វើជាអធិបតីលើសវនាការដែលគ្មានការចូលរួមពីគណៈវិនិច្ឆ័យតុលាការនិងបានធ្វើសេចក្ដីសម្រេចលើសំណុំរឿងក្លែងបន្លំនេះកាលពីសប្ដាហ៍មុន។
លោក Trump បានសរសេរថា៖ «សំណុំរឿងទាំងមូលគឺក្លែងក្លាយ!!!។ ជួបគ្នានៅតុលាការនៅព្រឹកថ្ងៃចន្ទ»។
សវនាការនេះគឺជាលទ្ធផលចុងក្រោយនៃការស៊ើបអង្កេតរយៈពេលជាច្រើនឆ្នាំរបស់អ្នកស្រី James ដែលបានចោទលោក Trump និងគូកនរបស់លោកថាបានកុហកម្ដងហើយម្ដងទៀតអំពីទ្រព្យសម្បត្តិរបស់លោកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
កាលពីសប្ដាហ៍មុន លោកចៅក្រម Engoron បានដោះស្រាយការតវ៉ាកំពូលរបស់បណ្ដឹងមួយមុនពេលសវនាការចាប់ផ្ដើម ដោយបានសម្រេចថាលោក Trump បានបោកប្រាស់ម្ដងហើយម្ដងទៀតលើធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងកន្លែងផ្សេងទៀតដោយការបំផ្លើសអំពីតម្លៃនៃទ្រព្យសម្បត្តិលើឯកសារដែលប្រើនៅក្នុងការធ្វើកិច្ចព្រមព្រៀងនិងទទួលបានប្រាក់កម្ចី។
លោក Trump និងបុគ្គលល្បីឈ្មោះនៅក្នុងរង្វង់ក្រុមរបស់លោក ដែលនោះគឺកូនប្រុសច្បង ២ នាក់របស់លោក ក្រុមនាយកប្រតិបត្តិក្រុមហ៊ុន Trump Organization និងអតីតមេធាវីក្លាយជាសត្រូវលោក Michael Cohen សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលអាចធ្វើជាសាក្សី។
គេមិនរំពឹងថាលោក Trump នឹងផ្ដល់សក្ខីកម្មនោះទេសម្រាប់រយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។ ការធ្វើដំណើររបស់លោកទៅកាន់តុលាការនៅថ្ងៃចន្ទនេះគឺកំណត់ឱ្យឃើញអំពីការដើរចេញដ៏គួរឱ្យភ្ញាក់ផ្អើលពីការអនុវត្តរបស់លោកពីមុន។
អ្នកស្រី James ខាងគណបក្សប្រជាធិបតេយ្យ មានបំណងពិន័យលោក Trump ជាទឹកប្រាក់ចំនួន ២៥០ លានដុល្លារនិងហាមឃាត់លោកមិនឱ្យធ្វើអាជីវកម្មនៅក្នុងរដ្ឋ New York៕