ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់មួយដើម្បីផ្តល់ថរិកាចំណាយសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិករហូតដល់ពាក់កណ្តាលខែវិច្ឆិកា និងដើម្បីបញ្ចៀសការបិទដំណើរការរដ្ឋាភិបាល។ ការចុះហត្ថលេខានេះធ្វើឡើងក្នុងពេលនៅសល់តិចជាងមួយម៉ោងមុនពេលថវិកាចំណាយសម្រាប់ទីភ្នាក់ងារសហព័ន្ធនានាត្រូវបានកំណត់ឱ្យអស់។
លោក Biden បានបង្ហោះរូបថតលោកចុះហត្ថលេខាលើច្បាប់នោះកាលពីយប់ថ្ងៃសៅរ៍នៅលើបណ្តាញសង្គមអនឡាញ X។ នៅក្នុងសារភ្ជាប់នឹងរូបថតនោះ លោកបានជំរុញឱ្យសភាចូលធ្វើការជាបន្ទាន់ដើម្បីអនុម័តច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធពេញមួយឆ្នាំ។
នៅក្នុងកិច្ចប្រជុំចុងសប្ដាហ៍ដ៏កម្រមួយ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាកាលពីយប់ថ្ងៃសៅរ៍ ហើយបានបញ្ជូនវាទៅឱ្យលោកប្រធានាធិបតី Biden ចុះហត្ថលេខា ដើម្បីបញ្ចៀសការបិទដំណើរការរបស់រដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ដែលព្រឹទ្ធសភាបានអនុម័តក្នុងសំឡេង ៨៨ ទល់នឹង ៩ បន្ទាប់ពីទទួលបានការអនុម័តនៅក្នុងរដ្ឋសភានេះនឹងផ្តល់ថវិកាដល់រដ្ឋាភិបាលសហព័ន្ធរហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា។ ច្បាប់នេះក៏រួមមាននូវថវិកាចំនួន ១៦ ពាន់លានដុល្លារសម្រាប់ជំនួយគ្រោះមហន្តរាយដែលលោក Biden ចង់បានផងដែរ ប៉ុន្តែមិនមានបញ្ចូលនូវថវិកាដើម្បីជួយប្រទេសអ៊ុយក្រែននៅក្នុងការធ្វើសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនោះទេ។
បន្ទាប់ពីការបោះឆ្នោត លោក Biden បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាការអនុម័តច្បាប់នេះបានរារាំង «វិបត្តិដែលមិនគួរកើតឡើងមួយដែលអាចនឹងបណ្ដាលឱ្យមានក្ដីឈឺចាប់ដល់ប្រជាជនអាមេរិកាំងដែលប្រឹងប្រែងធ្វើការរាប់លាននាក់»។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា ដែលជាគណបក្សមានសំឡេងភាគច្រើន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះថា «យើងបានបញ្ចៀសមិនឱ្យមានការបិទដំណើរការរដ្ឋាភិបាល។ ការរួបរួមរបស់បក្សទាំងពីរ ដែលជាលក្ខណៈពិសេសរបស់ព្រឹទ្ធសភា បានទទួលជ័យជម្នះ។ ហើយប្រជាជនអាមេរិកាំងអាចមានអារម្មណ៍ធូរស្រាលហើយ»។
ប្រសិនបើច្បាប់នេះមិនត្រូវបានអនុម័តដោយសភានិងចុះហត្ថលេខាដោយប្រធានាធិបតីនៅត្រឹមពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសៅរ៍នោះទេ រដ្ឋាភិបាលសហព័ន្ធនឹងត្រូវបានបិទ។
ប្រសិនបើរដ្ឋាភិបាលត្រូវបានបិទ ទាហាននិងបុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិកជាង ៤ លាននាក់នឹងមិនទទួលបានប្រាក់ខែ បើទោះបីជាបុគ្គលិកនៃទីភ្នាក់ងារសំខាន់ៗដូចជាផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនិងច្រកចូលព្រំដែនផ្លូវការជាដើមនៅបន្តធ្វើការក៏ដោយ។ ជាងនេះទៀត អ្នកទទួលប្រាក់សោធននិវត្តន៍អាចនឹងមិនទទួលបានប្រាក់ប្រចាំខែរបស់ពួកគេពីរដ្ឋាភិបាលទាន់ពេលវេលាដើម្បីយកទៅបង់លើការចំណាយផ្សេងៗ ហើយឧទ្យានជាតិនានាអាចត្រូវបានបិទ៕