ការព្យាបាលជំងឺមហារីកតាមប្រពៃណីជាញឹកញយមានរួមបញ្ចូលការព្យាបាលដោយប្រើថ្នាំឬជាតិគីមីដែលភាសាអង់គ្លេសហៅថា chemotherapy ការប្រើកាំរស្មី X ឬដោយប្រើវិធីទាំងពីរ។ ក៏ប៉ុន្តែ chemo និងការប្រើកាំរស្មី X សម្លាប់កោសិកាមានសុខភាពល្អនិងកោសិកាមហារីក ហើយផលវិបាកនៃការព្យាបាលទាំងនេះក៏មានច្រើនដែរ។
ជួនកាលការវះកាត់ជាជម្រើសល្អបំផុត ក៏ប៉ុន្តែមនុស្សភាគច្រើនក៏បានទទួលការព្យាបាលតាមវិធីផ្សំគ្នារវាង chemo និងការប្រើកាំរស្មី X បន្ថែមទៀត។
ជារួម ការព្យាបាលជំងឺមហារីកតម្រង់ទីដៅច្រើនជាងមុនទៅលើកោសិកាជំងឺនេះ។ ជាឧទាហរណ៍ ស្ត្រីដែលមានជំងឺមហារីកដោះនៅក្នុងដំណាក់កាលដំបូងអាចទទួលការព្យាបាលតាមកាំរស្មី X ដោយតម្រង់ទៅកាន់កន្លែងមានបញ្ហាធ្ងន់ធ្ងរនៅក្រោយការវះកាត់យកដុំសាច់ពករួចហើយ។
ជាមួយនឹងវិធីព្យាបាលរបៀបនេះ ការប្រើកាំរស្មី X ខ្សោយដែលបាញ់តម្រង់ពីជ្រុងផ្សេងៗគ្នា ត្រូវចំតែកន្លែងដែលកោសិកាមហារីកនៅមានសេសសល់ ជាជាងការប្រើកាំរស្មី X ទៅលើដោះទាំងមូល។ បន្ថែមពីនេះស្ត្រីមានជំងឺនេះមិនត្រូវការព្យាបាលច្រើនទេ។
លោកស្រីវេជ្ជបណ្ឌិត Julia White នៃមជ្ឈមណ្ឌល Comprehensive Cancer Center នៃសាកលវិទ្យាល័យរដ្ឋ Ohio ពិនិត្យមើលអំពីលទ្ធផលនៃរបៀបព្យាបាលទាំងពីរនេះ។
«ការព្យាបាលខ្លីចំនួនប្រាំថ្ងៃបានផលល្អដូចការព្យាបាលដោយប្រើកាំរស្មី X ពី៤ទៅ៦សប្តាហ៍ដែរ»។
ការព្យាបាលមួយបែបទៀតគឺការប្រើប្រព័ន្ធការពារនឹងជំងឺក្នុងរាងកាយផ្ទាល់ដើម្បីប្រឆាំងនឹងជំងឺមហារីក។ លោកវេជ្ជបណ្ឌិត William Nelson នៃមជ្ឈមណ្ឌល Johns Hopkins Medicine មានប្រសាសន៍ថា វិធីព្យាបាលដោយប្រើភាពស៊ាំនឹងជំងឺក្នុងរាងកាយផ្ទាល់នឹងក្លាយទៅជាការព្យាបាលមានស្តង់ដារជាងមុន។
«នៅពេលនេះមានការច្បាស់លាស់ថា ប្រព័ន្ធការពារនឹងជំងឺក្នុងរាងកាយឃើញកោសិកាមហារីកថាមិនធម្មតាហើយប្រសិនបើយើងបញ្ចេញកម្លាំងនៃប្រព័ន្ធភាពស៊ាំនឹងជំងឺក្នុងរាងកាយ កម្លាំងនេះអាចវាយប្រហារនិងបំផ្លាញកោសិកាមហារីកក្នុងវិធីល្អប្រសើរបាន»។
នៅមានវិធីព្យាបាលមួយទៀតទាក់ទិននឹងព័ន្ធុនៃកោសិកាមហារីកហើយប្រើឱសថដែលបានត្រូវផ្សំឡើងសម្រាប់តែសម្លាប់កោសិកាទាំងនោះ។ លោកស្រីវេជ្ជបណ្ឌិត Marcia Brose នៅឯមជ្ឈមណ្ឌល Abramson Cancer នៃ
សាកលវិទ្យាល័យ Pennsylvania ជាអ្នកជំនាញក្នុងរបៀបព្យាបាលនេះដោយចំដែលមានឈ្មោះថាការធ្វើតេស្តបែប genomic និងការប្រើឱសថឱ្យចំៗ។
«យើងនិយាយអំពីការបំផ្លាញកោសិកាដែលបានចាប់ផ្តើមឱ្យមានជំងឺមហារីកនិងនេះជាអ្វីដែលជាវិធីព្យាបាលដោយចំកោសិកាទាំងនេះ»។
លោកស្រី Brose បាននិយាយតាម Skype ថាជំងឺមហារីកនៃអ្នកជំងឺម្នាក់ៗខុសៗគ្នាដូច DNA ពួកគេដែរ។ ការដឹងអំពីសមាសភាពនៃជំងឺមហារីកជួយពួកវេជ្ជបណ្ឌិតកំណត់អំពីឱសថអ្វីដែលអាចប្រើក្នុងការព្យាបាលដោយបានផលល្អបំផុត។លោកស្រីវេជ្ជបណ្ឌិត Brose បានមានប្រសាសន៍ថាការព្យាបាលនេះមិនប៉ះពាល់កោសិកាមានសុខភាពល្អទេហើយអ្នកជំងឺតិចតួចត្រូវថ្នាំធ្វើទុក្ខក្នុងការព្យាបាលបែបនេះ។
«ចំពោះអ្នកជំងឺពីរបីនាក់ដែលខ្ញុំព្យាបាល ប្រសិនបើខ្ញុំបន្ថយឱសថមួយកម្រិតរឿងថ្នាំធ្វើទុក្ខបាត់ទៅវិញហើយការព្យាបាលនេះនៅតែមានប្រសិទ្ធភាព»។
លោកស្រី Brose បាននិយាយឱ្យប្រុងប្រយ័ត្នថាការព្យាបាលបែបនេះមិនមែនសម្រាប់អ្នកជំងឺមហារីកគ្រប់គ្នាទេ។
«នៅពេលនេះ ខ្ញុំយល់ថាផលប៉ះពាល់ធំបំផុតមានដល់ពួកអ្នកជំងឺដែលជំងឺមហារីកមិនទាន់ជាហើយវិលត្រឡប់មកទទួលការព្យាបាលច្រើនដងទៀតដោយសារជំងឺមហារីកបានរាលដាលទៅដល់ផ្នែកឯទៀតៗនៃរាងកាយ»។
លោកស្រីវេជ្ជបណ្ឌិត Brose បាននិយាយថាអ្នកជំងឺរបស់លោកស្រីច្រើននាក់ដែលមានជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរខ្លាំង មិនមែនគ្រាន់តែនៅរស់ប៉ុណ្ណោះទេក៏ប៉ុន្តែក៏មានសុខភាពល្អនៅពេលច្រើនឆ្នាំក្រោយការព្យាបាលបែបនេះ»។
«ខ្ញុំមានអ្នកជំងឺម្នាក់ដែលគេនិយាយប្រាប់ថាលោកអាចនៅរស់តែប្រមាណបីខែទៀតទេហើយលោកមានជំងឺមហារីកមួយបែបដែលមិនអាចព្យាបាលជាទេ ទោះណាព្យាបាលជាមួយ chemotherapy ក៏ដោយ ពួកអ្នកជំងឺទាំងនេះមាន
សុខភាពមិនល្អទេ។ហើយខ្ញុំបានជួបស្ត្រីម្នាក់ដែលមានជំងឺមហារីកជាលិកាសន្ធានដែលភាសាអង់គ្លេសហៅថាជំងឺ sarcoma ដែលជិះរទេះរុញនិងមានប្រើ oxygen ដើម្បីជួយដល់ការដកដង្ហើមជាប្រចាំ។ខ្ញុំសង្កេតថាអ្នកជំងឺនេះមិនអាចរស់បានហួសពីមួយឆ្នាំទេ។អ្នកស្រីនៅរស់បីឆ្នាំបន្ទាប់មកហើយអ្នកស្រីដើរលេងកាត់ព្រៃភ្នំជាមួយពួកកូនអ្នកស្រីថែមទៀតផង»។
ការព្យាបាលនេះមិនមែនសម្រាប់អ្នកជំងឺមហារីកគ្រប់គ្នាទេ ក៏ប៉ុន្តែពួកអ្នកជំនាញខាងជំងឺមហារីកយល់ថាការព្យាបាលដោយតម្រង់ទៅកាន់កោសិកាមហារីកទោះណាជាការប្រើកាំរស្មី X ដោយផ្នែក, ការព្យាបាលបែប immunotherapy ឬការធ្វើ test បែប genomic និងបន្ទាប់មកមានការព្យាបាលបែប precision medicine ជាអនាគតនៃការព្យាបាលជំងឺមហារីក៕
ប្រែសម្រួលដោយ ឈឹម សុមេធ