អង្គការសុខភាពពិភពលោក WHO រាយការណ៍ថា មនុស្សច្រើនលាននាក់នៃមនុស្ស ៨,៨ លាននាក់ដែលស្លាប់រាល់ឆ្នាំដោយសារជំងឺមហារីកនោះ អាចសង្គ្រោះបាន ប្រសិនបើដឹងថាពួកមានជំងឺនេះពេលចាប់ផ្តើមឈឺដំបូង។
អង្គការសុខភាពពិភពលោក WHO បានធ្វើការណែនាំថ្មីអំពីជំងឺមហារីកសម្រាប់ទិវាប្រឆាំងជំងឺមហារីកនៅថ្ងៃទី៤ ខែកុម្ភៈនេះ។
ជំងឺមហារីកបានរីករាលដាលក្នុងពិភពលោក កន្លែងខ្លះច្រើន កន្លែងខ្លះតិច។ កាលពីមុនជំងឺនេះត្រូវគេចាត់ទុកថា ជាជំងឺកើតមានក្នុងប្រទេសអ្នកមាន។ ប៉ុន្តែអង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា ជំងឺនេះកើតមានទាំងក្នុងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ អង្គការនេះបង្ហាញឲ្យដឹងថា ២ភាគ៣ នៃអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះគឺនៅក្នុងប្រទេសក្រីក្រនិងប្រទេសមានប្រាក់ចំណូលមធ្យម។
មន្ត្រីសុខាភិបាលនិយាយថា ចំនួនមនុស្សស្លាប់ដោយសារជំងឺមហារីកនៅប្រទេសក្រីក្រ ត្រូវគេរំពឹងថា នឹងកើនឡើងពី ២,៨ លាននាក់ទៅជាង ៩ លាននាក់ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០ទៅ ប្រសិនបើមិនមានវិធានការទប់ស្កាត់ ដូចជាការធ្វើរោគវិនិច្ឆ័យ ការដឹងអំពីជំងឺនេះ ការព្យាបាលនៅដំណាក់កាលដំបូង៕