ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត​ក្រុង រាជធានី​​ចាប់​ផ្តើម​ដោយ​ស្ងប់​ស្ងៀម


ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ មានដោតទង់ និងបដាថ្នាក់ដឹកនាំគណបក្ស ក្នុងយុទ្ធនាការថ្ងៃទី១ នៃការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA Khmer)
ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ មានដោតទង់ និងបដាថ្នាក់ដឹកនាំគណបក្ស ក្នុងយុទ្ធនាការថ្ងៃទី១ នៃការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA Khmer)

ការ​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​​ខេត្ត ​ក្រុង​ និង​រាជធានី​​ ក្នុង​ប្រទេស​កម្ពុជា​​ ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃសុក្រ​​នេះ ដោយពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​​ត្រូវ​បាន​តុលាការ​កំពូល​​​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧​នោះ​ទេ។

នៅ​ថ្ងៃ​សុក្រ​នេះ​ គណបក្ស​នយោបាយ​ចំនួនប្រាំពីរ​បានចាប់​ផ្តើម​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សារាជធានី​ ខេត្ត ក្រុង ​ស្រុក​ និង​ខណ្ឌ អាណត្តិ​ទី៣ ​ដែល​ការ​បោះឆ្នោត​នេះនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៦​ ខែឧសភា។

គណបក្ស​នយោបាយ​ចំនួនប្រាំពីរ​ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​អសកល​នេះរួមមាន៖​ ​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​ខ្មែរ​សាធារណ​រដ្ឋ​ គណបក្ស​ឆន្ទៈ​ខ្មែរ ​និង​គណបក្ស​យុវជន​កម្ពុជា។​

ការ​ឃោស​នា​បោះ​ឆ្នោត​រយៈ​ពេ​ល​ប្រាំបី​ថ្ងៃ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៤​ឧសភាសប្តាហ៍​ក្រោយ។ ​ ដោយ​ឡែកការ​ឃោសនា​ស្វែង​រក​សំឡេង​គាំទ្រ​នៅ​ថ្ងៃ​ដំបូង​នេះមិន​មាន​សភាព​អ៊ូអរ​នោះ​ទេ។ ​មាន​ការ​ដង្ហែក្បួន​តាម​ដង​ផ្លូវ​បន្តិច​បន្តួច​ និង​មាន​ការ​ចាក់​សារ​នយោបាយ​តាមឧបករណ៍បំពង​សំឡេង​នៅ​តាម​ទី​ស្នាក់​ការ​គណបក្ស​មួយ​ចំនួន ​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ​និង​គណបក្ស​តូចៗ​មួយ​ចំនួន​ទៀត។​

លោក​ ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​(គ.ជ.ប.)​ ប្រាប់ ​VOA ​ថា​ ថ្ងៃទី​១​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយទាំង​ប្រាំពីរ ​ប្រព្រឹត្ត​ទៅ​ដោយ​បរិយា​កាស​ស្ងប់​ស្ងាត់។​

«យើង​សង្កេត​ឃើញ​ថា ​គណបក្ស​នយោបាយ​ទាំង​៧​ លោក​មាន​ការ​ចាស់​ទុំ​ក្នុង​ការ​ចូល​រួម​ក្នុង​វិស័យ​បោះឆ្នោត។ ​លោក​បាន​ធ្វើ​សកម្មភាព​ដោយ​មិនមាន​ផល​ប៉ះពាល់​អ្វី​មួយ ​មិន​រំខាន​ដល់​ប្រជា​ពលរដ្ឋ ​មិន​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍ ​ហើយ​ក៏​មិនមាន​ប៉ះពារ​គ្នា​រវាង​គណបក្ស​នយោបាយ​ដែរ»។​

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សារាជធានី​ ខេត្ត ក្រុង ​ស្រុក​ និង​ខណ្ឌ​គឺជា​ការ​បោះឆ្នោត​អសកល។​ ប្រជាពល​រដ្ឋ​ទូទៅ​មិន​អាច​ចូល​រួម​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​ទាំង​នោះ​បាន​ទេ​ គឺ​មាន​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ចំនួន ​១១៥៧២​រូប​ ដែល​មានតំណែង​តែ​ប៉ុណ្ណោះ ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ថ្នាក់​ខ្ពស់​របស់​ខ្លួន​បាន។ ​អាសនៈ​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សារាជធានី​ ខេត្ត ក្រុង ​ស្រុក​ និង​ខណ្ឌ​មាន​ចំនួន៤១១៤​នៅ​ទូទាំង​២៥ខេត្ត​ រាជ​ធានី។​

លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​រំពឹង​ថា ​គណបក្ស​ប្រជា​ជន​កម្ពុជានឹង​នៅ​តែ​រក្សា​តំណែង​ក្រុម​ប្រឹក្សា​របស់​ខ្លួនយ៉ាង​ច្រើនលើស​លប់​ដដែល។ ​

«មូលដ្ឋាន​ខ្លះ​គេ​ក៏​ហែ​ទៅ ​ខ្លះ​ក៏​គេប្រជុំក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជា​អង្គ​បោះ​ឆ្នោត​ហ្នឹង​ ដើម្បី​បំពាក់​បំប៉ន​សតិ​អារម្មណ៍ ​ហើយ​អំពី​បច្ចេក​ទេស​នៃ​ការ​បោះ​ឆ្នោត​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ​ កុំ​ឲ្យ​បាត់​សំឡេង»។​

ចំណែក​លោក ​សុខ វិសាល​ អគ្គ​លេខាធិការ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ញឹក ប៊ុនឆៃ​លើក​ឡើង​ថា​ ​ក្នុង​រយៈ​ពេល​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​រយៈ​ពេល​៨​ថ្ងៃ​នេះ​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិនឹង​ឆ្លៀត​ពេល​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ផ្សេងៗ​គ្នា​ដើម្បី​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន។ ​លោក​បន្ត​ថា ​ការ​ឃោសនា​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​គឺ​ធ្វើ​នៅ​ទីតាំង​ស្នាក់​ការ​គណបក្ស ​ដោយ​មិនមាន​ហែ​ក្បួន​នោះ​ទេ។​

លោក​ សុខ វិសាល ​បន្ថែម​ដោយ​រំពឹង​ថា ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នឹង​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​មួយ​ចំនួន​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៣​នេះ។​

«តាម​ការ​ប៉ាន់​ស្មាន​មើល​ទៅ​ហ្នឹង​ ​យើង​មាន​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​មួយ​ចំនួន​ដែរ ​ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ក្រុង​ហ្នឹង​មួយ​ចំនួន​ដែរ​ គ្រាន់តែ​ថា​ ​ចំនួន​ណាមួយ​នោះ​ ​ខ្ញុំ​មិន​ទាន់​បញ្ជាក់​ជូន​មុន​បាន​សុក្រឹត្យ​ទេ»។​

បុរសម្នាក់ឈប់ម៉ូតូនៅខាងមុខទីស្នាក់ការគណបក្សឆន្ទៈខ្មែរក្នុងខណ្ឌចំការមន ដែលកំពុងបិទទ្វារ នាថ្ងៃបើកយុទ្ធនាការថ្ងៃទី១នៃការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA Khmer)
បុរសម្នាក់ឈប់ម៉ូតូនៅខាងមុខទីស្នាក់ការគណបក្សឆន្ទៈខ្មែរក្នុងខណ្ឌចំការមន ដែលកំពុងបិទទ្វារ នាថ្ងៃបើកយុទ្ធនាការថ្ងៃទី១នៃការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA Khmer)

VOA​ មិន​អាចទាក់ទងប្រធាន​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​នេះ​នៅ​ឡើយ។

នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សារាជធានី​ ខេត្ត ​ក្រុង ​ស្រុក​ និង​ខណ្ឌ​នេះ​ពុំ​មាន​ការ​ចូល​រួម​របស់គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រជែង​ដ៏​ធំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ ដោយ​ចោទ​ប្រកាន់​ថា​ គណបក្ស​នេះ​បានឃុបឃិត​ជា​មួយ​បរទេស​ ដើម្បីផ្តួល​រំលំ​រដ្ឋា​ភិបាល។​

អាសនៈ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​សរុប​ចំនួន​៥០០៧​របស់​គណបក្ស​នេះ​ ត្រូវ​បាន​យក​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង ​ដែលទទួល​បាន​សំឡេង​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើ​សរើស​ក្រុ​ម​ប្រឹក្សា​ឃុំ​សង្កាត់​ កាល​ពី​ឆ្នាំ​២០១៧។​ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ផល​ពី​ការ​បែង​ចែក​នេះ​ច្រើន​ជាង​គេ។

លោក ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​បាត់​ដំបង​ ធ្លាប់​បាន​ប្រាប់ ​VOA ​ថា ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ស្រុក​និង​ខណ្ឌ​នៅ​ពេល​នេះ​នឹង​មិន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទៅ​នោះ​ទេ ​ដ្បិត​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​ជ័យ​ជម្នះ​ស្ទើរ​តែទាំង​ស្រុង​ដោយ​សារ​គ្មាន​គូ​ប្រជែង។​ លោក​ថា ​ជ័យ​ជំនះ​នេះនឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​មិន​ខ្វល់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​លំបាក​របស់ប្រជា​ពលរដ្ឋ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG