ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ជិត​៩លាន​នាក់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​របស់​គ.ជ.ប.


រូបឯកសារ៖ បុរសម្នាក់កំពុងស្វែងរកឈ្មោះរបស់ខ្លួនដើម្បីធ្វើការបោះឆ្នោត នៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ បុរសម្នាក់កំពុងស្វែងរកឈ្មោះរបស់ខ្លួនដើម្បីធ្វើការបោះឆ្នោត នៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)

នៅថ្ងៃទី​៣១​ ​ខែធ្នូ​ ​ឆ្នាំ​២០១៨​នេះ​ ​គ.ជ.ប​ ​បាន​ផ្តល់​សុពលភាព​ ​និង​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ ​ប្រកាស​ថា​ ប្រជា​ពលរដ្ឋ​ជាង​៨លាន​៥សែន​នាក់​ ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ​ស្មើ​នឹង​ប្រមាណ​៨៦.២៤​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​សរុប​ចំនួន​ជាង​៩​លាន​៩​សែន​នាក់។​

បើ​តាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ ​គ.ជ.ប​ ​ចេញ​នៅ​ថ្ងៃច័ន្ទ​នេះ​បញ្ជាក់​ថា​ ​នៅថ្ងៃទី​៣១​ ​ខែធ្នូ​ ​ឆ្នាំ​២០១៨​នេះ​ ​គ.ជ.ប​ ​បាន​ផ្តល់​សុពលភាព​ ​និង​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨។​ ​លទ្ធផល​ផ្លូវការ​បង្ហាញ​ថា​ ​ពល​រដ្ឋ​ចំនួន​ជាង​៨​លាន​៥សែន​នាក់​ ​(៨,៥៤៤,៨៨៥ នាក់)​ ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ​ឆ្នាំ​២០១៨​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា៖​

«លទ្ធផល​ផ្លូវ​ការនៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ​មាន​តួលេខ​ ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​ ​១៩៥,៣៨៥​នាក់។​ ​អ្នក​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន​ ​៥៦,៩៤១​នាក់។​ ​ចំនួន​ប៉ាន់​ស្មាន​អ្នក​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​ ៩,៩០៨,២៤៣​នាក់»។​

VOA​ ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ ​គ.ជ.ប​ ​ទាំងពីរ​រូប​ ​គឺ​លោក​ ​ហង្ស ពុទ្ធា​ ​និង​លោក​ ​ឌឹម សុវណ្ណារុំ​ ​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​

ការ​ប្រកាស​ពី​ចំនួន​អ្នក​មាន​ឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​កម្ពុជាបាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ ​ដែល​រង​ការ​រិះគន់​យ៉ាងខ្លាំង​ពីបណ្តា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំៗ​ ថា​ជា​ការ​បោះឆ្នោត​ដែល​មិនមាន​ភាព​ស្រប​ច្បាប់​ ​ដោយ​សារ​មិនមាន​ការ​ចូលរួម​ពីគណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គណបក្ស​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​កាលពី​ការ​បោះឆ្នោត​ ​ឃុំ​សង្កាត់​ ​ឆ្នាំ​២០១៧។​

ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ ​បាន​ហៅ​ការ​បោះឆ្នោត​ជាតិ​កាលពីខែ​កក្កដា​ ​ឆ្នាំ​២០១៨​កន្លង​ទៅ​ ​ថា​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ ​ដោយ​សារ​អវត្តមាន​គណបក្ស​ប្រឆាំង​ ​ក្រោយ​តុលាការ​កំពូល​កម្ពុជា​រំលាយ​គណបក្ស​នេះ​ចោល​ ទៅ​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ៕

XS
SM
MD
LG