អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានព្យួរតួនាទីជាបណ្ដោះអាសន្ន ខណៈកំពុងស្ថិតក្រោមការស៊ើបអង្កេតសង្ស័យអំពីការពាក់ព័ន្ធបណ្ដោយឱ្យមានការដោះលែងអ្នកនាំមនុស្សឆ្លងព្រំដែនចូលមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយ ឡែកបង្ការការឆ្លងជំងឺកូវីដ១៩។
លោកវរៈសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដែលគ្រប់គ្រងភូមិសាស្ត្រច្រកព្រំដែនអន្តរជាតិដូង-បានឡែម ត្រូវបានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ចេញលិខិតឱ្យផ្អាកការងារបណ្ដោះអាសន្ន។
លិខិតចុះថ្ងៃទី ១៥ ខែកុម្ភៈ ដែលវីអូអេទទួលបាន បានបញ្ជាក់ថា មូលហេតុនៃការព្យួរការងាររបស់លោកវរសេនីយ៍ឯក គឹម ពន្លក គឺដោយសារ «អនុវត្តការងារខុសនីតិវិធី»។
ការផ្អាកតួនាទីលោកអធិការនគរបាលស្រុកនេះ ធ្វើឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារសំឡេងនៅព្រឹកថ្ងៃច័ន្ទនេះ បញ្ជាឱ្យមានការស៊ើបអង្កេតនិងបង្ក្រាបករណីនាំមនុស្សឆ្លងព្រំដែនពីថៃចូលកម្ពុជា ដោយរំលងចត្តាឡីស័ក។
លោកថ្លែងថា៖ «ដូចជាយប់មិញខ្ញុំបានបញ្ជាទៅកាន់ខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិ អំពីការចាប់បានពួកអ្នកនាំផ្លូវហើយ បែរជាដោះលែងទៅវិញ ដែលអាចនាំទៅដល់ការដកឋានន្តរស័ក្តិ ឬបណ្ដេញចេញពីជួរតែម្ដងនូវមន្ត្រីនគរបាលណា ដែលអនុវត្តខុសឆ្គង»។
ក្នុងសារសំឡេងដដែល លោក ហ៊ុន សែន ក៏បានលើកឡើងថា ការសម្ភាសជាមួយអ្នកដែលបានគេចរួចពីចត្តាឡីស័កតាមព្រំដែន បានរំលេចនូវករណីនៅច្រកឡែម ដែលលោកថា មានអ្នកជូនដំណើរឆ្លងកាត់តំបន់ដែលមានកម្លាំង និងតម្រូវឱ្យយកប្រាក់មួយចំនួន។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ ដែលទទួលផែនបុគ្គលិក បានប្រាប់វីអូអេថា លោកវរសេនីយ៍ឯក គឹម ពន្លក កំពុងត្រូវបានស្រាវជ្រាវអំពីករណីរំលងការធ្វើចត្តាឡីស័ករបស់ពលរដ្ឋពីប្រទេសថៃ។
«ឥឡូវក្រុមការងារកំពុងស្រាវជ្រាវដែលយើងឱ្យស្នងការ (ខេត្តបាត់ដំបង) គេធ្វើលិខិតផ្អាកបណ្ដោះអាសន្នសិន»។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិមួយរូបទៀត បានបញ្ជាក់ប្រាប់វីអូអេនៅរសៀលថ្ងៃច័ន្ទនេះដែរថា លោកកំពុងដឹកនាំក្រុមស្រាវជ្រាវនេះ ធ្វើដំណើរទៅខេត្តបាត់ដំបងដើម្បីពិនិត្យរកការពិត តែលោកសុំមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមនោះទេ។
នៅពេលត្រូវបានទាក់ទងដោយវីអូអេនៅរសៀលថ្ងៃច័ន្ទនេះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដែលត្រូវបានព្យួរការងារបណ្តោះអាសន្ននេះ បានលើកឡើងថា លោកកំពុងស្ថិតនៅក្រុងបាត់ដំបង ដើម្បីដោះស្រាយបញ្ហាខាងលើ។
«បង បង អធ្យាស្រ័យបង អ៊ីចេះ ដោយសារខ្ញុំកំពុងតែនៅខេត្ត ខ្ញុំសុំបន្ដិច ដោយសារតែកំពុងរវល់ការងារនេះ។ អត់មានអីទេ បង អត់មានអីប្លែកទេ អត់មានអីទេ។ ... អត់អីទេ បង មិនមានបញ្ហាអ្វីកើតឡើងទេ»។
លោក យិន ម៉េងលី អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង មានប្រសាសន៍ថា គួរមានការពន្យល់ផ្សព្វផ្សាយបញ្ជ្រាបដល់ពលករចំណាកស្រុកអំពីសារៈសំខាន់នៃការធ្វើចត្តាឡីស័ក ដើម្បីចូលរួមបន្ថយនិងបង្ក្រាបករណីនាំគ្នាឆ្លងដែនក្រៅផ្លូវការ។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះប្រាប់វីអូអេថា ពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃមួយចំនួនក៏មានផលវិបាកផ្នែកជីវភាពហើយមិនចង់ធ្វើចត្តាឡីស័ករយៈពេលយូរនោះទេ។
«តែនៅពេលដែលយើងពន្យល់នូវផលលំបាកដែលគាត់គេចវេះ មិនព្រមធ្វើចត្តាឡីស័ក។ ពេលខ្លះគាត់អត់យល់ គាត់គិតថាការធ្វើចត្តាឡីស័កទៅជាមានការរើសអើងគាត់អីចឹងទៅ។ នៅពេលយើងពន្យល់គាត់ឱ្យយល់អំពីគោលបំណងនៃការធ្វើចត្តាឡីស័កហ្នឹង គាត់អាចចូលរួមបាន»។
ចាប់តាំងពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ មកត្រឹមព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះ អាជ្ញាធរកម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ លើពលករកម្ពុជាចំនួន ៨៩ នាក់ ដែលឆ្លងពីប្រទេសថៃដែលប្រឈមការឆ្លងសហគមន៍ទ្រង់ទ្រាយធំ។
លោក ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ ក៏បានបញ្ជាឱ្យមានការពិន័យដាក់ទោសទណ្ឌខ្លាំងជាងមុនលើអ្នកគេចពីការធ្វើចត្តាឡីស័កផងដែរ៕