រឿងរ៉ាវមុនពេលបោះឆ្នោតកំពុងបន្តកើតមាននៅក្នុងប្រទេសកេនយ៉ា។
កាលពីថ្ងៃទី១៩ ខែកញ្ញាកន្លងទៅនេះ ក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមគាំទ្រខាងគណបក្ស Juilee ដែលក្រុមនេះបានធ្វើបាតុកម្មនៅខាងក្រៅតុលាការកំពូលទាមទារឲ្យបណ្តេញចៅក្រមពីរនាក់ចេញពីតំណែង។ ក្រុមបាតុករទាំងនោះនិយាយថាចៅក្រមទាំងពីរនោះបានជួបជាមួយនឹងមេធាវីក្រុមប្រឆាំងមុននឹងតុលាការកំពូលសម្រេចចិត្តច្រានចោលជ័យជម្នះបេក្ខជនរបស់ពួកគេនោះគឺលោក Uhuru Kenyatta កាលពីពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី០៨ ខែសីហាកន្លងទៅនេះ។
រដ្ឋអាជ្ញា លោក Maraga បាននិយាយទៅកាន់អ្នកសារព័ត៌មានថា តុលាការនឹងត្រូវរងការបំភិតបំភ័យឡើយ។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«ប្រព័ន្ធតុលាការដែលទើបតែបង្កើតហើយថ្មីៗនេះមិនអាចធានាពីលទ្ធផលចំពោះបុគ្គលណាម្នាក់ឡើយ។ យើងសូមអំពាវនាវដល់ពលរដ្ឋកេនយ៉ាដែលមានសុឆន្ទៈក្រោកឈរឡើងដើម្បីឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌និងនីតិរដ្ឋ។ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការគោរពឲ្យតម្លៃ ការពាររដ្ឋធម្មនុញ្ញនិងនីតិរដ្ឋរបស់យើង»។
លោករដ្ឋអាជ្ញាបានប្រកាសកាលពីថ្ងៃទី០១ ខែកញ្ញាថា ការបោះឆ្នោតជាថ្មីមួយទៀតនឹងធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃខាងមុខនេះ។ ការពន្យាពេលនេះដោយសារតែមូលហេតុមួយដែលលោកហៅថា «ភាពមិនប្រក្រតីនិងមិនស្របច្បាប់» បង្កឡើងដោយគណកម្មការរៀបចំការបោះឆ្នោតក្នុងដំណើរការបញ្ជូនលទ្ធផលឆ្នោត។
កាលពីថ្មីៗនេះតុលាការកំពូលបានបង្ហាញសេចក្តីលម្អិតបន្ថែមអំពីអ្វីដែលកើតមានខុសធម្មតាកាលពីខែសីហា។ ការណ៍នេះបានធ្វើឲ្យគណកម្មការរៀបចំការបោះឆ្នោតឬហៅកាត់ថា IEBCមានពេលតិចជាងមួយខែដើម្បីកែតម្រូវបញ្ហាដែលកើតមានមុនការបោះឆ្នោតម្តងទៀតដែលត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ។ ការពន្យាពេលនៃការបោះឆ្នោតនេះកំពុងត្រូវបានគេពិភាក្សា។
សាស្រ្តាចារ្យនៃសាកលវិទ្យាល័យណៃរ៉ូប៊ីលោក Herman Manyora បាននិយាយថាការបោះឆ្នោតអាចរៀបចំបានតាមការកំណត់ពេលវេលាមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកសាស្រ្តាចារ្យបាននិយាយថា៖
«វាមិនចាំបាច់ត្រូវតែធ្វើឡើងនៅថ្ងៃទី១៧ ខែតុលានោះទេ។ ប៉ុន្តែខ្ញុំយល់ស្របជាមួយនឹងរយៈពេល៦០ថ្ងៃដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ យើងគួរតែអាចរៀបចំការបោះឆ្នោតបាន។ វាប្រហែលជាអាចត្រូវពន្យារពេលមួយសប្តាហ៍ គឺដល់ថ្ងៃទី២៤ ឬថ្ងៃទី៣១ ប៉ុន្តែវាត្រូវតែស្ថិតក្នុងអំឡុងពេល៦០ថ្ងៃ»។
ទោះជាយ៉ាងណាក៏ដោយមេដឹកនាំគណបក្សប្រឆាំងលោក Raila Odinga និងសម្ព័ន្ធនយោបាយរបស់លោកបានគំរាមកំហែងធ្វើពហិការការមិនចូលរួមបោះឆ្នោតបើសិនជាការទាមទារទាំងឡាយដូចជាការទាមទារឲ្យដកមន្រ្តីសំខាន់ៗរបស់ IEBCចេញពីតំណែង មិនត្រូវបានកើតឡើងនោះ។
លើសពីលើនេះទៅទៀត ក្រុមហ៊ុនបច្ចេកវិទ្យាពត៌មានបារាំងដែលផ្គត់ផ្គង់ប្រព័ន្ធបោះឆ្នោតកាលពីខែសីហា បានប្រាប់ IEBC ថាប្រព័ន្ធនោះត្រូវការតម្លើងម្តងទៀត ហើយវានឹងមិនអាចរួចរាល់ទាន់ពេលសម្រាប់ការបោះឆ្នោតនៅថ្ងៃទី១៧ ខែតុលាឡើយ។
លោក Barrack Muluka អ្នកវិភាគនយោបាយម្នាក់បានចោទជាសំណួរថាតើការបោះឆ្នោតនឹងកើតមានដែរឬទេរហូតដល់ចុងខែតុលានេះ។ប្រសិនបើការបោះឆ្នោតនឹងត្រូវបានរៀបចំឡើងនៅថ្ងៃនោះមែន ហើយគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមបោះឆ្នោតនោះ វានឹងមានបញ្ហាធំកើតឡើង។
លោក Mulukaថ្លែងថា៖
«ខ្ញុំមិនគិតថាគណបក្សប្រឆាំងនឹងបណ្តោយឲ្យរៀបចំការបោះឆ្នោតនោះទេ។ដោយសារ តែគេគិតថាហេតុផលនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ ខ្ញុំគិតថាពួកគេនឹងមិនអង្គុយស្ងៀមហើយនិយាយថាពួកគេចាញ់ ហើយព្រមទទួលស្គាល់លទ្ធផលនោះទេ។ ខ្ញុំនៅមានមន្ទិលសង្ស័យថានឹងមានរឿងថ្មីមួយកើតឡើង ហើយប្រហែលជាមិនមែនជារឿងដែលល្អនោះទេ»។
យោងតាមគណបក្សកាន់អំណាច Jubilee បានឲ្យដឹងថាការបោះឆ្នោតឡើងវិញគួរតែធ្វើតាមពេលវេលាដែលបានកំណត់រួចគឺនៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ៕
ប្រែសម្រួលដោយ ទុំ ម្លិះ