ឆ្នាំ ២០០៤ បានកំណត់នូវការចាប់ផ្តើមនៃការបញ្ចប់សង្គ្រាមស៊ីវិល និងភាពអានាធិបតេយ្យដែលបានអូសបន្លាយអស់រយៈពេលជាងពីរទសវត្សរ៍ នៅប្រទេសសូម៉ាលី។ សមាជិកសភាបណ្តោះអាសន្នសូម៉ាលីបានជួបជុំនៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមួយរូប។ សមាជិកសភាបណ្តោះអាសន្នទាំងនេះបានជួបប្រជុំនៅប្រទេសកេនយ៉ា ដោយសារតែរដ្ឋធានីម៉ូហ្គាឌីស្យូ នៃប្រទេសសូម៉ាលី នៅតែប្រកបដោយគ្រោះថ្នាក់ខ្លាំងនៅឡើយ។
តាំងពីពេលនោះមក ប្រទេសសូម៉ាលីបានធ្វើការបោះឆ្នោតបីដងរួចមកហើយ។ ប៉ុន្តែជនសាមញ្ញសូម៉ាលីមិនទាន់បានចូលរួមបោះឆ្នោតនៅឡើយទេ។ ប្រទេសសូម៉ាលីបានពឹងផ្អែកលើប្រព័ន្ធបោះឆ្នោត តាមរូបមន្តផ្អែកតាមកុលសម្ព័ន្ធនៅក្នុងប្រទេស។ តាមរយៈរូបមន្តនេះ ក្រុមតំណាងរាស្រ្តត្រូវបានជ្រើសរើសដោយមេកន្ទ្រាញកុលសម្ព័ន្ធ ហើយបន្ទាប់មកក្រុមតំណាងរាស្រ្តទាំងនោះត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
កាលពីឆ្នាំមុន មេដឹកនាំនយោបាយនៅសូម៉ាលីបានព្រមព្រៀងក្នុងការលុបចោលរូបមន្តបោះឆ្នោតផ្អែកតាមកុលសម្ព័ន្ធ ដើម្បីងាកមកប្រកាន់យកប្រព័ន្ធបោះឆ្នោត «មនុស្សម្នាក់ សំឡេងឆ្នោតមួយ»។ ស្ថាប័នរៀបចំការបោះឆ្នោតនៅសូម៉ាលី ក្រោមឈ្មោះថា គណៈកម្មការឯករាជ្យជាតិរៀបចំការបោះឆ្នោត (NIEC) សង្ឃឹមថា នឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនេះសម្រាប់ការបោះឆ្នោតបន្ទាប់ក្នុងឆ្នាំ ២០២០។
ក្រុមអ្នកជំនាញពីស្ថាប័នរៀបចំការបោះឆ្នោតតំបន់អារ៉ាប់ និងពីជុំវិញទ្វីបអាហ្វ្រិក បានជួបប្រជុំនៅរដ្ឋធានីណៃរ៉ូប៊ី នាសប្តាហ៍នេះ ដើម្បីផ្តល់យោបល់ដល់គណៈកម្មការជាតិរៀបចំការបោះឆ្នោតសូម៉ាលី។ ទីប្រឹក្សាផ្នែកបោះឆ្នោត លោក Gerald Mitchell គឺជា នាយកក្រុមជំនួយការផ្នែកបោះឆ្នោតរបស់អង្គការសហប្រជាជាតិ។
លោក Mitchell បានមានប្រសាសន៍ថា៖
«កិច្ចជំនួបនេះ គឺជាមធ្យោបាយដ៏សំខាន់មួយក្នុងចំណោមមធ្យោបាយដទៃទៀត ដើម្បីជួយទៅដល់គណៈកម្មការឯករាជ្យជាតិរៀបចំការបោះឆ្នោត ខាងផ្នែកបទពិសោធន៍មួយចំនួន ដែលអាចយកទៅប្រើប្រាស់ក្នុងការបង្កើតនីតិវិធី ហើយក៏ជាមធ្យោបាយដ៏សំខាន់មួយផងដែរ សម្រាប់មាគ៌ាឆ្ពោះទៅកាន់ការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
ក្រុមអ្នកជំនាញ បានយល់ស្របថា ជំហានដំបូង ដែលត្រូវចាត់ឡើងនោះគឺ ការចុះបញ្ជីគណបក្សនយោបាយ។
លោក Idris Aminu Kasimu ធ្វើការជាមួយនឹងគណៈកម្មការឯករាជ្យជាតិរៀបចំការបោះឆ្នោតនៅប្រទេសនីហ្សេរីយ៉ា។
លោក Kasimu បានថ្លែងថា៖
«ប្រសិនបើអ្នកមិនចាប់ផ្តើមដោយលទ្ធិប្រជាធិបតេយ្យនៅក្នុងជួរគណបក្សនយោបាយទេនោះ អ្នកនឹងជួបប្រទះបញ្ហាប្រឈមនៅក្នុងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ដោយសារតែលទ្ធិប្រជាធិបតេយ្យនៅក្នុងជួរគណបក្សនយោបាយ បេក្ខជនឈរឈ្មោះ ដែលមានបំណងចង់ប្រជែងក្នុងការបោះឆ្នោត នឹងចេញមុខតាមបែបលទ្ធិប្រជាធិបតេយ្យ។ ហើយបេក្ខជនទាំងនោះនឹងចេញមុខតាមជម្រើសសំឡេងភាគច្រើននៅក្នុងជួរគណបក្ស ពីព្រោះ តាមពិតទៅ ជំនឿទុកចិត្តទៅលើការបោះឆ្នោតជាតិ គឺចាប់ផ្តើមពីជំនឿទុកចិត្តទៅលើគណបក្សនយោបាយ និងរបៀបដែលបេក្ខជនទាំងនោះចេញមុខ»។
ជំនឿទុកចិត្ត គឺជាចំណុចមួយ ដែលក្រុមអ្នករិះគន់និយាយថា ការបោះឆ្នោតពីរលើកចុងក្រោយនៅសូម៉ាលីខ្វះខាត។ ការបោះឆ្នោតឆ្នាំ ២០១៧ បានប្រឈមនឹងការចោទប្រកាន់ពីការទិញសន្លឹកឆ្នោត និងភាពមិនប្រក្រតី ហើយការបោះឆ្នោតនៅមណ្ឌលមួយចំនួនត្រូវធ្វើឡើងវិញ។
សន្តិសុខ ប្រហែលជាឧបសគ្គមួយទៀត សម្រាប់ប្រព័ន្ធបោះឆ្នោត «មនុស្សម្នាក់ សំឡេងឆ្នោតមួយ» ក្នុងឆ្នាំ ២០២០។
ដោយមានជំនួយពីកងកម្លាំងយោធាពីសហភាពអាហ្វ្រិក រដ្ឋាភិបាលសូម៉ាលីបានដណ្តើមយកដែនដីមកវិញពីក្រុមសកម្មប្រយុទ្ធ al-Shabab ប៉ុន្តែក្រុមសកម្មប្រយុទ្ធនេះនៅតែបន្តការឈ្លបវាយប្រហារ។ ពលរដ្ឋសូម៉ាលីមួយចំនួន មិនច្បាស់ថា ពួកគេមានឱកាសបោះឆ្នោតឬទេ។
អ្នកស្រី Halima Ismail Ibrahim គឺជាប្រធានគណៈកម្មការឯករាជ្យជាតិរៀបចំការបោះឆ្នោតសូម៉ាលី។
អ្នកស្រីបាននិយាយថា៖
«ខ្ញុំដឹងថា ពលរដ្ឋសូម៉ាលីមួយចំនួនកំពុងតែសួរគ្នាទៅវិញទៅមកពីវិបត្តិនាពេលបច្ចុប្បន្ន និងពីការណ៍ដែលប្រព័ន្ធបោះឆ្នោតមនុស្សម្នាក់ សំឡេងឆ្នោតមួយអាចសម្រេចទៅបាន។ ប៉ុន្តែយើងជឿថា ប្រសិនបើយើងខិតខំធ្វើការដើម្បីសម្រេចវាឲ្យបាន ប្រព័ន្ធបោះឆ្នោតនេះនឹងអាចដំណើរការទៅមុខបាន។ ក្នុងឋានៈជាគណៈកម្មការជាតិរៀបចំការបោះឆ្នោត យើងក៏ជឿថា យើងបានត្រៀមលក្ខណៈរួចរាល់ ហើយយើងដឹងថា យើងអាចគ្រប់គ្រងការបោះឆ្នោតតាមប្រព័ន្ធដូចនេះបាន។ វាជាការសំខាន់ដែលយើងត្រូវចាប់ផ្តើមធ្វើការលើដំណើរការបោះឆ្នោតនេះឲ្យកាន់តែឆាប់តាមតែអាចធ្វើទៅបាន»។
កិច្ចប្រជុំស្តីពីប្រព័ន្ធបោះឆ្នោតថ្មីនៅសូម៉ាលីនឹងបញ្ចប់នៅថ្ងៃពុធនេះ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា