ប្រទេសកូរ៉េខាងត្បូងបានទទួលស្គាល់ថា អ្នកផ្ដាច់ខ្លួនជនជាតិកូរ៉េខាងជើងម្នាក់ ដែលរងការចោទប្រកាន់ថាបានរំលោភនារីម្នាក់នៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង ប្រហែលជាអាចលួចរត់គេចផុតពីឆ្មាំការពារព្រំដែន មុននឹងហែលឆ្លងទឹកទន្លេទៅកាន់ប្រទេសកូរ៉េខាងជើងដែលជាប្រទេសកំណើតរបស់ខ្លួនវិញ។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី ២៧ ខែកក្កដា មន្ត្រីយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ពួកគេបានរកឃើញកាបូបរបស់បុរសនោះនៅក្បែរប្រឡាយបង្ហូរទឹក ដែលបុរសនោះបានប្រើដើម្បីលូនក្រោមរបងលួសបន្លានៅលើកោះ Ganghwa ភាគឦសានប្រទេសកូរ៉េខាងត្បូង ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរដោយផ្នែកមួយនៃទន្លេ Han។
បុរសអាយុ ២៤ ឆ្នាំ រូបនោះ ដែលបានចាកចេញពីប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ ២០១៧ កាលពីពេលថ្មីៗនេះ ត្រូវបានចោទប្រកាន់ថាបានចាប់រំលោភអ្នកផ្ដាច់ខ្លួនពីកូរ៉េខាងជើងម្នាក់ ហើយត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងតាមចាប់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង។ សេចក្ដីរាយការណ៍នោះក៏បានឱ្យដឹងផងដែរថា បុរសនោះទើបតែបាត់បង់ការងារធ្វើផងដែរ។
ប៉ុន្តែមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា ជនដែលបានរត់ទៅប្រទេសកូរ៉េខាងជើងវិញនោះ មិនមានឈ្មោះក្នុងបញ្ជីអ្នកមានជំងឺកូវីដ១៩ ឬអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺកូវីដ១៩ នោះឡើយ។
ការលើកឡើងបែបនេះ បានបង្អាក់ដល់ការចោទប្រកាន់របស់អាជ្ញាធរកូរ៉េខាងជើងដែលថា បុរសនោះប្រហែលជាបាននាំជំងឺកូវីដ១៩ ចូលក្នុងប្រទេសកូរ៉េខាងជើងនោះ។
ដោយសំដៅទៅលើមនុស្សតែមួយនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា បានឱ្យដឹងថា បុរសដែលគេសង្ស័យថាមានផ្ទុកវីរុសកូរ៉ូណារូបនេះ បានត្រឡប់មកប្រទេសកូរ៉េខាងជើងវិញកាលពីថ្ងៃទី១៩ ខែកក្កដា ក្រោយពីបានឆ្លងព្រំដែនរវាងប្រទេសកូរ៉េទាំងពីរដោយខុសច្បាប់មក។
នេះជាលើកដំបូងហើយដែលរដ្ឋាភិបាលកូរ៉េខាងជើងបានទទួលស្គាល់ថាអាចមានការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសរបស់ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងជើងបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងបិទតំបន់ជុំវិញទីក្រុង Kaesong ដែលជាទីក្រុងជាប់ព្រំដែនដែលបុរសរូបនោះត្រូវបានគេរកឃើញ។
ហេតុអ្វីទទួលស្គាល់នៅពេលនេះ?
ទោះបីជាការឆ្លងវីរុសកូរ៉ូណាប្រមាណជាង ១៧ លានករណីត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃទី ២ ខែសីហាក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េខាងជើងបានទទូចជាយូរមកហើយថា ប្រទេសរបស់ខ្លួនមិនមានករណីឆ្លងវីរុសនេះឡើយ ដែលនេះជាការលើកឡើងដែលអ្នកតាមដានស្ថានការណ៍ពីខាងក្រៅអះអាងថាមិនអាចទៅរួចនោះទេ។
ប្រទេសកូរ៉េខាងជើងមានព្រំប្រទល់ប្រវែង ១.៤០០ គីឡូម៉ែត្រ ជាប់ប្រទេសចិន ដែលប្រទេសចិននេះគឺជាកន្លែងដែលវីរុសកូរ៉ូណានេះត្រូវបានគេរកឃើញដំបូង។ ទោះបីជាប្រទេសកូរ៉េខាងជើងបានបិទជាផ្លូវការនូវព្រំដែនទាំងអស់កាលពីខែកុម្ភៈក៏ដោយ ក៏ភាគច្រើននៃពាណិជ្ជកម្មរបស់កូរ៉េខាងជើងជាមួយនឹងចិនគឺត្រូវបានធ្វើឡើងក្រៅផ្លូវការ និងពិបាកគ្រប់គ្រង។
អ្នកវិភាគជាច្រើនបាននិយាយថា ប្រទេសកូរ៉េខាងជើងប្រហែលជាប្រើឧប្បទ្ទវហេតុនេះដើម្បីនៅទីបំផុតទទួលស្គាល់ថាមានការឆ្លងវីរុសកូរ៉ូណា និងដើម្បីទម្លាក់កំហុសលើប្រទេសកូរ៉េខាងត្បូង។
លោក Benjamin Katzeff Silberstein អ្នកជំនាញផ្នែកប្រទេសកូរ៉េខាងជើងប្រចាំវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយការបរទេស (Foreign Policy Research Institute) បានសរសេរថា៖ «ករណីនេះនឹងផ្ដល់ភាពងាយស្រួលបំផុតដល់រដ្ឋាភិបាលកូរ៉េខាងជើងក្នុងការទទួលស្គាល់ថាមានជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួន»។
លោក Benjamin Katzeff Silberstein បញ្ជាក់ថា៖ «កូរ៉េខាងជើងអាចអះអាងថា វិធានការទប់ទល់នឹងជំងឺកូវីដ១៩ របស់ខ្លួន ដូចជាការបិទព្រំដែនភាគខាងជើងជាដើមគឺល្អឥតខ្ចោះ។ ប៉ុន្តែនៅតែមានករណីមួយឆ្លងចូលមកខាងក្នុងទាល់តែបាន»។ លោកបានបន្ថែមថា៖ «ការណ៍ដែលអះអាងថាមានករណីឆ្លងដំបូងមកពីប្រទេសកូរ៉េខាងត្បូងនេះ គឺអាចជួយបញ្ចៀសភាពថ្នាំងថ្នាក់រវាងប្រទេស កូរ៉េខាងជើង និងប្រទេសចិនបាន»។
លោក Go Myong Hyun អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល បាននិយាយថា វិធានការរបស់កូរ៉េខាងជើងបែបនេះក៏អាចជាសារមួយសម្រាប់ប្រជាពលរដ្ឋកូរ៉េខាងជើងនៅក្នុងប្រទេសផងដែរ។
លោកនិយាយដូច្នេះថា៖ «ពួកគេកំពុងព្យាយាមចង់បញ្ជាក់ថា ប្រទេសកូរ៉េខាងជើងកំពុងស្ថិតក្រោមការវាយប្រហារ ដែលថាមានការឆ្លងជំងឺកូវីដ១៩ ជាច្រើនកំពុងកើតឡើងនៅខាងក្រៅប្រទេសកូរ៉េខាងជើង ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងតែព្យាយាមអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីធ្វើឱ្យប្រទេសខ្លួនគ្មានការឆ្លងជំងឺនេះ»។
នៅពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសកូរ៉េខាងជើងបានបោះសម្តីខ្លាំងៗទៅលើប្រទេសកូរ៉េខាងត្បូង ដោយចោទកូរ៉េខាងត្បូងថាបានផ្ដល់អាទិភាពដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជាងដល់ទំនាក់ទំនងជាមួយនឹងខ្លួន។
លោក Go Myong Hyun បាននិយាយថា៖ «[វោហាសាស្ត្រនយោយនោះ] ក៏ចង់បង្ហាញផងដែរថា ប្រទេសកូរ៉េខាងត្បូងមិនគួរឱ្យទុកចិត្តឡើយ។ កូរ៉េខាងជើងព្យាយាមភ្ជាប់រូបភាពអវិជ្ជមាននៃការឆ្លងជំងឺកូវីដ១៩ នេះ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងជនរត់គេចខ្លួនក្នុងពេលជាមួយគ្នា»។
ចន្លោះប្រហោងសន្តិសុខតាមព្រំដែន
ហេតុការណ៍របស់ជនផ្ដាច់ខ្លួននេះក៏បានបង្កឱ្យមានការព្រួយបារម្ភអំពីចន្លោះប្រហោងនៅតាមព្រំដែនប្រវែងប្រមាណ ២៥០ គីឡូម៉ែត្រដែលខណ្ឌចែកប្រទសកូរ៉េទាំងពីរផងដែរ។ ការប្រជុំនយោបាយមួយដែលបានរៀបចំឡើងដោយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះ «ការយាមកាមធូររលុងរបស់ឆ្មាំព្រំដែននៅជួរមុខ» ដែលជាកន្លែងដែលការលួចរត់ឆ្លងដែនខុសច្បាប់នេះបានកើតឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង។
នៅពេលដែលពលរដ្ឋកូរ៉េខាងជើងរត់គេចពីប្រទេសរបស់ពួកគេ ពួកគេតែងតែឆ្លងតាមព្រំដែនដែលជាប់នឹងប្រទេសចិន ព្រោះថាព្រំដែនរវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងគឺជាតំបន់ដែលមានការយាមកាមតឹងតែងបំផុតមួយក្នុងពិភពលោក។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី ជនផ្ដាច់ខ្លួនដែលកូរ៉េខាងជើងអះអាងថាអាចមានជំងឺកូវីដ១៩ នេះ បានឆ្លងព្រំដែនកូរ៉េទាំងពីរនេះពីរដងរួចមកហើយ។
ជនដែលមានត្រកូល Kim នេះ បានរៀបរាប់លម្អិតអំពីការរត់ចេញពីប្រទេសកូរ៉េខាងជើងរបស់ខ្លួនកាលពីឆ្នាំ ២០១៧ នៅក្នុងបទសម្ភាសន៍ចំនួនពីរតាម YouTube កាលពីខែមុន ជាមួយនឹងជនរត់គេចចេញពីកូរ៉េខាងជើងម្នាក់ទៀត។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានលេចឡើងជាថ្មីកាលពេលថ្មីៗនេះថា៖ «ខ្ញុំបានសម្រេចរត់ចេញដោយសារតែភាពក្រីក្រ»។
លោក Kim បាននិយាយថា លោកចំណាយពេលជាង ៧ ម៉ោង ដើម្បីបានមកដល់ប្រទេសកូរ៉េខាងត្បូង។ លោកបានបន្ថែមថា ការធ្វើដំណើរនោះគឺត្រូវឆ្លងកាត់ចំការមីន របងលួសបន្លា របងខ្សែភ្លើង និងការហែលទឹកឆ្លងទន្លេ Han ផងដែរ។
ចំនួនជនរត់គេចពីប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែប្រទេសចិន និងប្រទេសកូរ៉េខាងជើងបានរឹតបន្តឹងការគ្រប់គ្រងព្រំដែន។ វីរុសកូរ៉ូណាក៏បានធ្វើឱ្យការចង់រត់គេចនេះកាន់តែពិបាកជាងមុនផងដែរ។ នៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ចំនួនជនរត់គេចពីប្រទេសកូរ៉េខាងជើងដែលបានទៅដល់ប្រទេសកូរ៉េខាងត្បូងមានត្រឹមតែ ១២ នាក់ប៉ុណ្ណោះ។
ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី ២៧ ខែកក្កដា ថា ប្រជាជនកូរ៉េខាងជើង ដែលបានរត់គេចទៅដល់កូរ៉េខាងត្បូង កម្រត្រឡប់ទៅកូរ៉េខាងជើងវិញណាស់។ ចាប់តាំងពីឆ្នាំ ២០១៥ មក មានអ្នករត់គេចពីកូរ៉េខាងជើងតែ ១១ នាក់ប៉ុណ្ណោះ ដែលបានត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា