ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះបី​ជា​អាមេរិក​និយាយ​ខ្លាំងៗ​អំពី​ពាណិជ្ជកម្ម អ្នក​ជំនាញ​មើល​ឃើញ​ឱកាស​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរ​ឡើង


លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​កំពូលរវាងប្រទេសជា​សមាជិកនៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (APEC) និង​នាយកប្រតិបត្តិក្រុមហ៊ុននានា នៅមជ្ឈមណ្ឌលសន្និសីទ នៅទីក្រុងដាណាង ប្រទេសវៀតណាម កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​កំពូលរវាងប្រទេសជា​សមាជិកនៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (APEC) និង​នាយកប្រតិបត្តិក្រុមហ៊ុននានា នៅមជ្ឈមណ្ឌលសន្និសីទ នៅទីក្រុងដាណាង ប្រទេសវៀតណាម កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រោយ​ពី​លោក​បាន​ហៅ​ទីផ្សារ​សេដ្ឋកិច្ច​ពិភពលោក​ថា​មិន​មាន​ភាព​ស្មើគ្នា​ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រាប់​មេដឹកនាំ​ផ្សេងៗ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ ឬ​ហៅ​កាត់​ថា (APEC) នៅ​ប្រទេស​វៀតណាម​ថា​ បញ្ហា​សេដ្ឋកិច្ច​ពី​អតីតកាល​ទាំង​នោះ​ត្រូវតែ​បញ្ចប់​។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ថ្លែង​ថា៖ «‍យើងលែងអត់ឱន​ចំពោះ​ការ​រំលោភ​ខាង​ពាណិជ្ជកម្ម​ផ្សេងៗ​តទៅទៀត​ឡើយ ហើយ​យើង​នឹង​មិន​អត់ឱន​ជា​ដាច់ខាត»។

ប៉ុន្តែ មេដឹកនាំ​ជំនួញ​ខ្លះ មាន​សុទិដ្ឋនិយម​លើ​យុទ្ធសាស្ត្រ​ខ្លាំងក្លា​របស់​លោក​ប្រធានាធិបតី​ ត្រាំ ដែល​លោក​មិន​បាន​ចាត់ទុក​ ចិន ជា​ប្រទេសដែលរំលោភ​ខាង​ពាណិជ្ជម្ម​ដ៏​ធ្ងន់ធ្ងរ​ទេ ហើយ​ការណ៍​នេះ អាច​នាំ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀតរវាង​ប្រទេស​មហាអំណា​ទាំងពីរ​នេះ។

លោក Brian Peck នៃ​ក្រុម​ប្រឹក្សា​ខាង​នាំ​ចេញ​ក្នុង​តំបន់ប្រចាំ​ទីក្រុង Los Angeles បាន​និយាយ​ថា៖ «‍ចិន និង​អាមេរិក នឹង​ត្រូវប្រកួត​ប្រជែង​គ្នា​ក្នុង​ផ្នែក​ទីផ្សារ​សេដ្ឋកិច្ច​ផ្សេងៗ ប៉ុន្តែ ខ្ញុំ​គិតថា​ យើង​អាច​បង្កើត​គំរូ​មួយ ​ដែល​ប្រទេស​នីមួយៗ​ទទួល​ស្គាល់​ថា ប្រទេស​រៀងៗ​ខ្លួន​មាន​អំណាច​សេដ្ឋកិច្ច ហើយ​ប្រទេស​ទាំងពីរ​អាច​សហប្រតិបត្តិការ​គ្នា​បាន ហើយ​ក៏​ប្រកួត​ប្រជែង​គ្នា​បាន»។

អ្នក​រិះគន់​ថា វា​មិន​ងាយ​ស្រួល​ក្នុង​ការ​ផ្សារភ្ជាប់​គម្លាត​គ្នា​រវាង​អាមេរិក និង​ចិន ដែល​បាន​អាមេរិក​មាន​ឱនភាព​ក្នុង​ទឹកប្រាក់ ៣៤៧ពាន់លាន​ដុល្លារ។ ប៉ុន្តែ លោក Matt Goodman អតីត​អ្នក​ប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (APEC) ឲ្យ​លោក អូបាម៉ា ថា ក្តី​សង្ឃឹម​គឺ​មាន។

លោក Matt Goodman បាន​លើក​ឡើង​ថា៖ «‍វា​ស្រួល​ទេ​ក្នុង​ការ​មាន​មន្ទិល​សង្ស័យ​អំពី​រឿង​ទាំង​នេះ។ លោក​ប្រធានាធិបតី បាន​ធ្វើ​ដំណើរ​ទៅ​អង្គុយ​ពិភាក្សា​ជាមួយ​មេដឹកនាំ​ផ្សេងៗ​ទៀត​ប៉ុន្មាន​ថ្ងៃ​នេះ គ្រាន់តែ​សំណេះ​សំណាល​ធម្មតា តែ​ខ្ញុំ​គិតថា ការ​ធ្វើ​បែប​នេះ​សំខាន់ ព្រោះ​នេះ​គឺជា​ឱកាស​ដ៏​កម្រ​មួយ ដែល​ប្រធានាធិបតី​អាមេរិក​ប្រាស្រ័យ​ទាក់ទង​នឹង​ដៃគូ​ជា​មេដឹកនាំ​ដទៃ​ទៀត​»។

ទោះ​បី​ជា​សេចក្តី​សម្រេច​ចិត្ត​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ TPP ​របស់​លោក ​ត្រាំ ​ត្រូវបាន​រិះគន់​ក៏​ដោយ ក៏​អ្នក​ខ្លះថា ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​មហា​សេដ្ឋកិច្ច​ទាំង​ពីរ អាច​នាំ​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេសលោក​ខាង​កើត និង​ប្រទេសលោកខាង​លិច កាន់​តែ​ប្រសើរ​ឡើង​នា​ពេល​អនាគត។

លោក Jim McLaughlin នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក-ម៉ិកស៊ិក បាន​និយាយ​ថា៖ «‍សតវត្សរ៍​ទី២០ ជា​សតវត្សរ៍​ដ៏​លំបាក​មួយ។ តែ​សតវត្សរ៍​ទី​២១ មាន​សន្តិភាព​ច្រើន។ ហើយ​ភាព​ដឹកនាំ​វិជ្ជមាន​រវាង​ចិន និង​អាមេរិក អាច​នឹង​ជំរុញ​ឲ្យ​ទៅ​ជា​អំណោយផល​ដ៏​វិជ្ជមាន​មួយ មិន​ត្រឹម​តែ​សម្រាប់​តំបន់​ប៉ាស៊ីហ្វិក​ទេ គឺ​សម្រាប់​ពិភពលោក​ទាំង​មូល»។

ប្រទេស​ជា​សមាជិក APEC ទាំង​២១ រួមមាន​ប្រទេស​សេដ្ឋកិច្ចរីក​លូតលាស់លឿន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក។ ដោយរួមគ្នា ប្រទេស​ទាំង​នេះ​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ជាង​ពាក់កណ្តាល់​នៃ​ផលិត​សរុប​ក្នុង​ពិភពលោក និង​រាប់​រង​ជិត​ពាក់កណ្តាល​នៃ​ពាណិជ្ជកម្ម​ពិភពលោក៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG