ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជប៉ុន​បន្ថែម​ការ​គាំទ្រ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ហ្វីលីពីន​ដើម្បី​ទប់​ទល់​នឹង​​​ចិន​


រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ជល់កែវ​ជាមួយ​លោក Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ នៅគេហដ្ឋាន​របស់​លោក​ Abe នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ​២០១៦។
រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ជល់កែវ​ជាមួយ​លោក Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ នៅគេហដ្ឋាន​របស់​លោក​ Abe នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ​២០១៦។

ប្រទេស​ហ្វីលីពីន​ចង់​បាន​ជំនួយ​ជប៉ុន​សម្រាប់​ហេដ្ឋរចនា​សម្ព័ន្ធ​ គ្រា​ដែល​ជប៉ុន​កំពុង​ព្យាយាម​ទប់ទល់​នឹង​​​​​ប្រទេស​ចិន​ដែល​កំពុង​មាន​ឥទ្ធិពល​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ ​

ប្រទេស​ជប៉ុន​កំពុង​បន្ថែម​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ហ្វីលីពីន​ដើម្បី​ប្រជែង​ជាមួយ​ចិន​ដែល​ជា​គូ​ប្រកួត​ប្រជែង ​ហើយឥទ្ធិពល​នេះ​ទទួល​បាន​ការ​ស្វាគមន៍​សម្រាប់​ជំរុញ​ដល់​កម្មវិធី​ជួស​ជុល​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ដែល​មិន​សូវ​ធូរធា​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍នេះ​ ប៉ុន្តែ​សម្រាប់ប្រទេស​ជប៉ុន​គឺ​ដើម្បី​មហិច្ឆតា​នយោបាយក្នុង​តំបន់។​

លោក ​Rodrigo Duterte ​ប្រធានាធិបតី​ហ្វីលីពីន​ បាន​ជួប​ជាមួយ​លោក​ Shinzo Abe​ ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ដើម្បី​ពិភាក្សា​មធ្យោបាយ​ជាក់​លាក់ ​តាម​ពេល​វេលា​ និង​ច្បាស់​លាស់ ​ដើម្បី​បន្ថែម​កិច្ច​សហប្រតិបត្តិការ​ទ្វភាគី​ឲ្យ​កាន់​តែ​ខ្លាំង។​ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ប្រធានាធិបតីប្រទេស​ហ្វីលីពីន។

លោក​ Duterte ​កំពុង​ទទួល​យក​ប្រទេស​ជប៉ុន​ហើយ​ទម្លាក់​ចិន​ចោល​ ដោយកាល​ពី​ឆ្នាំ​មុន ​ជប៉ុនបាន​សន្យា​ផ្ដល់​ប្រាក់​២៤​ពាន់​លាន​ដុល្លារ ​តាម​រយៈជំនួយនិង​វិនិយោគទុន។​ ​នេះ​បើ​តាម​ក្រុម​អ្នក​វិភាគ។

ចិន​និង​ជប៉ុន​ ដែល​ជា​ប្រទេស​មាន​កេរតំណែល​សង្គ្រាម​ជាមួយ​គ្នា​នោះ ​កំពុង​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច ​ក៏​ដូច​ជា​ផ្នែក​សហ​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ផ្នែក​ជាច្រើននៅ​អាស៊ីអាគ្នេយ៍។

លោក ​Jeff Kingston ​គឺ​ជា​អ្នក​និពន្ធ​និង​ជា​គ្រូ​បង្រៀន​ប្រវត្តិសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ Temple ​នៃ​ប្រទេស​ជប៉ុន។ ​លោក​និយាយ​ថា៖​ «លោក​ Duterte ​កំពុង​ចាប់​យក​ភាគី​មួយ ​ហើយ​ចោល​ភាគី​មួយ ​ហើយ​លោកសន្និដ្ឋាន​ថា ​ហេតុអ្វី​ធ្វើ​មិន​បាន? ​ប្រទេស​ជប៉ុន​កំពុង​ព្យាយាម​ទាក់​ទាញ​ចំណង​មិត្តភាពចាស់​របស់​ខ្លួន ​ហើយ​បាន​អះ​អាង​ថា​«យើង​ជា​ប្រទេស​ជិតខាង​ ដែលអ្នក​អាច​ទុក​ចិត្ត​ជាង​គេ​ ​និង​អ្នក​អាច​មាន​ការ​ជឿជាក់​លើ​យើង​ជាង​អ្នក​ដទៃ»។

ទស្សនកិច្ច​របស់​លោក​ Duterte ​លើក​ទី​២​ទៅ​កាន់​ទីក្រុង​តូក្យូ​

ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៦​មក​ ​លោក​ Duterte​ បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ទី​២​របស់​លោក​ទៅ​កាន់​ទីក្រុង​តូក្យូ ​កាល​ពី​ថ្ងៃទី​៣០​ដល់​៣១​ ខែ​តុលា​កន្លង​ទៅ។ ​ជំនួប​របស់​លោក​ជាមួយ​លោក​ Abe​ រួម​មាន​កិច្ច​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​នានា។ ​លោក Abe ​បាន​ប្តេជ្ញា​ផ្តល់​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ គិតជាទឹក​ប្រាក់​ចំនួន​មួយ​លាន​លាន​យេន ឬ​ស្មើ​នឹង​៨,៨ពាន់​លាន​ដុល្លារ​ ​ហើយ​ចំនួន​នេះ​កើន​ឡើង​២​ដង​នៃ​ចំនួន​ទឹក​ប្រាក់​ដែល​ជប៉ុន​បាន​ផ្តល់​កាល​ពី​ខែ​មករា។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​សារ​ព័ត៌មាន​ពី​ទីក្រុង​តូក្យូ។

ជំនួយ​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ជួយ​សាង​សង់​ច្រក​សម្រាប់​ឆ្លង​កាត់​ និង​ស្ពាន​របស់​ប្រទេស​ហ្វីលីពីន​ ហើយថែម​ទាំង​ជួយ​ពង្រឹង​ដល់​កំពង់​ផែ​ដែល​មាន​ផ្ទុក​កុងតឺន័រ​នៅ​ក្នុង​ទីក្រុង​ Cebu ​ដែល​ជា​ទីក្រុង​ធំ​ទី៣​របស់​ប្រទេស​ហ្វីលីពីន។ ​នេះ​បើ​យោង​តាម​លោក​ Jonathan Ravelas​ ប្រធាន​ផ្នែក​កំណត់​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ធនាគារ ​ Banco de Oro UniBank​ ដែល​មាន​មូលដ្ឋាន​នៅ​កណ្តាល​ទីក្រុង​ម៉ានីល។​

លោក​ Duterte​ បាន​ថ្លែង​នៅ​លើ​គេហទំព័រ​របស់​ប្រធានាធិបតី​ថា៖ «ការ​គាំទ្រ​ដ៏​សំខាន់​សម្រាប់​គម្រោង​សហគ្រាស​គឺ​ជា​របៀប​វារៈ​កំពូលរបស់​យើង»។​

លោក​ថ្លែង​ដូច្នេះគឺ​សំដៅ​ដល់​ទឹក​ប្រាក់​១៦៧​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​លើ​គម្រោង​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធសាធារណៈ​ដែល​ជា​វិធី​ជំរុញ​ឲ្យ​កំណើន​សេដ្ឋ​កិច្ច​មាន​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ​ប្រទេស​ហ្វីលីពីន។​

ការ​សាក​ល្បង​លើ​ជំនួយ​របស់​ចិន

ប្រទេស​ហ្វីលីពីន​ចាប់​ផ្តើម​ទទួល​ជំនួយ​ចិន​សម្រាប់​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កាល​ពី​ឆ្នាំ​មុន ​បន្ទាប់​ពី​ភាគី​ទាំង​ពីរ​យល់​ព្រម​ទុក​ជម្លោះ​អធិបតេយ្យភាព​ដែន​សមុទ្រ​ឲ្យ​នៅ​ដោយ​ឡែក​ ដែលជម្លោះ​នោះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​ក្តី​ក្តាំង​នៅ​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​ នៅ​ក្នុង​អាណត្តិ​នៃ​ប្រធានាធិបតី​ដែល​កាន់​តំណែង​មុន​លោក ​Duterte។​

រដ្ឋាភិបាលក្រុង​ប៉េកាំង​សង្ឃឹម​ថា ​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​នានា​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​នឹង​អាច​កាត់​បន្ថយ​ការ​ប្រឆាំង​តវ៉ា​លើ​ភាព​គ្រប​ដណ្ដប់​របស់​ចិន​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ ​ដែល​ចិន​ក្តោប​ក្រសោប​យកភាគ​ច្រើន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​មាន​ប្រទេស​៦​ជាប់​ពាក់​ព័ន្ធ។​ ពល​រដ្ឋ​ហ្វីលីពីន​មួយ​ចំនួន​ព្រួយ​បារម្ភ​ថា ​ការ​ទទួល​ជំនួយ​ចិន​នឹង​នាំ​ឲ្យ​មាន​ប៉ះពាល់ការ​ទាម​ទារ​អធិបតេយ្យភាពដែន​សមុទ្រ​របស់​ប្រទេស​ហ្វីលីពីន។

សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ ចិន​បាន​ពន្លឿន​ទៅ​មុខ​ដាច់​ដោយ​ឡែក​តែ​ឯង​លើ​គោល​នយោបាយ​«ខ្សែ​ក្រវ៉ាត់​មួយ ​វិថី​មួយ» ​ដែល​បាន​ពង្រីក​ជំនួយ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូទាំង​ទ្វីប​អាស៊ី ​ដើម្បី​ធ្វើ​ឲ្យ​រីក​ចម្រើន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​រវាង​ចិន​និង​បរទេស។​

តើ​ជប៉ុន​នឹង​ទទួល​បាន​ផល​អ្វី?​

ជប៉ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​កំពុង​តែ​ប្រកួត​ប្រជែង​ជាមួយ​ចិន​ដើម្បី​ដាក់​ឥទ្ធិពល​លើ​ហ្វីលីពីន ​ក៏​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​អាស៊ី។​

នៅ​ទូទាំង​ពិភព​លោក ​ជំនួយ​ដោយ​ផ្ទាល់​បាន​កើន​ឡើង​ដល់​១២,៧​ភាគរយ​កាល​ពី​ឆ្នាំ​មុន ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​គឺ​ឡើង​ដល់​១០,៣៧​ពាន់​លាន​ដុល្លារ។ ​ជំនួយ​អភិវឌ្ឍន៍​ក៏​ត្រូវ​បាន​ពង្រីក​យ៉ាង​ទូលំទូលាយ​ផង​ដែរ ​រួម​មាន​សន្តិសុខសម្រាប់​មនុស្សជាតិ ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ដោយ​ផ្អែក​ទៅ​តាម​តម្រូវ​ការ​របស់​ប្រទេស​ដោយ​ឡែកៗ​ពី​គ្នា។ ​នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ការ​បរទេស​ជប៉ុន​ដែល​បាន​ថ្លែង​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន។​

ការគាំទ្រ​របស់​ជប៉ុន​សម្រាប់​ប្រទេស​ហ្វីលីពីន​ហាក់​កើត​មាន​ក្នុង​កម្រិត​យឺត​ ​បើ​ធៀបទៅ​នឹង​ការគាំ​ទ្រ​របស់​ចិន ​ហើយ​ជំនួយ​ជប៉ុន​តែង​កើត​មាន​ក្នុង​រូបភាព​កិច្ច​ព្រម​ព្រៀង​វិនិយោគទុន​ឯកជន​ ដូចជា​ការ​ចិញ្ចឹម​ត្រី​នៅ​តំបន់​មិន​មាន​ការ​អភិវឌ្ឍ​ដែល​នៅ​ដាច់​ស្រយាល។ ​ ប្រទេស​ទាំង​ពីរ​នេះ​ផ្តល់​ប្រាក់​កម្ចី​ក្នុង​រូបភាព​សម្បទាន។​

លោក​ Ravelas ​និយាយ​ថា៖​ «នៅ​ប្រទេស​ហ្វីលីពីន​ ការ​និយោគ​ទុនដោយផ្ទាល់​ពី​បរទេស​ ​មានប្រភព​មកពី​ប្រទេស​ជប៉ុនបាន​កើនឡើង​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​កន្លង​ទៅ។​ ​ដូច្នេះ​ខ្ញុំ​គិត​ថា ​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំងនេះគឺ​ផ្តល់​ប្រយោជន៍​កាន់​តែ​ច្រើន»។

ប្រទេស​ចិន​និង​ជប៉ុននៅ​តែ​ប្រឈម​មុខដាក់​គ្នា​លើ​បញ្ហា​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​គឺ​បញ្ហា​បន្សល់​ពី​សង្គ្រាម​លោក​លើក​ទី​២​ ក៏​ដូច​ជា​ជម្លោះ​អំពីកោះតូចៗ​នៅ​សមុទ្រ​ចិន​ខាង​កើត។​

បញ្ហា​សមុទ្រ​ចិន​ខាង​កើត​ ក៏​ដូច​ជា​ការ​ប្រុង​ប្រៀប​រឿង​ក្តោប​ក្តាប់​តំបន់​សមុទ្រ​ខាង​ត្បូង​ដោយ​ភាគី​ចិន​ ដែល​ជា​ជម្លោះ​ដាច់​ដោយ​ឡែក​ មិន​ពាក់​ព័ន្ធ​នឹង​ប្រទេស​ជប៉ុន​នោះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តូក្យូចាត់ទុក​ថា​ ​ជា​កត្តាសំខាន់​សម្រាប់​សេរី​ភាព​នៃ​ការ​ធ្វើ​នាវាចរ​ នីតិរដ្ឋ ​និង​សន្តិសុខ​ ​ នៅ​ពេល​ជប៉ុន​គណនា​ពី​ជំនួយ​របស់​ខ្លួន។ ​នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក ​Purnendra Jain ​សាស្ត្រាចារ្យ​ផ្នែក​ការ​សិក្សា​ពី​តំបន់​អាស៊ី​ នៅ​សាកល​វិទ្យាល័យ​ Adelaide ​ដែល​លោក​បាន​សរសេរ​នៅ​ក្នុង​បទ​វិចារណកថា​ផ្ទាល់​ខ្លួន​មួយ​ ដែល​បង្ហោះ​តាម​អ៊ីនធឺណិត​កាល​ពី​ឆ្នាំ​២០១៦។​

ប្រទេស​ជប៉ុន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ស្មោះ​ស្ម័គ្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​តស៊ូ​មតិ​ឲ្យ​មាន​វិធី​មួយរួម​បញ្ជូល​ប្រទេស​ផ្សេងៗ​ក្នុង​ការ​ផ្តល់​ជំនួយស្រាប់​អភិវឌ្ឍន៍។​ ​លោក ​Kingston ​ថ្លែង​ថា៖​ «លោក ​Duterte ​នៅ​ក្នុង​ទីក្រុង​តូក្យូប្រទេសជប៉ុន​ពេលនោះ​ ​ហើយ​ខ្ញុំ​គិត​ថា​ ពួក​គេ​ចង់​បញ្ចុះ​បញ្ចូល​គាត់»។

ជំនួយ​ជប៉ុន​សម្រាប់​ទីក្រុង​ហ្វីលីពីន​ដែល​ខ្ទេច​ខ្ទាំ

ជា​ផ្នែក​មួយ​នៃ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ជប៉ុន​ផ្នែក​សន្តិសុខ​សម្រាប់​មនុស្ស​ជាតិ ​ លោក ​Abe ​បាន​ផ្តល់​ប្រាក់​២​លាន​ដុល្លារ​កាល​ពី​សប្តាហ៍​មុន​ដើម្បី​ជួយ​ហ្វីលីពីន​ក្នុង​ការ​កសាង​ឡើង​វិញ​នូវ​ទីក្រុង ​Marawi។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​បណ្តាញព័ត៌មាន​ហ្វីលីពីន។​ ក្រុង ​Marawi ​គឺ​ជា​ក្រុង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង ​ដែល​ត្រូវ​វាយ​កម្ទេច​ក្នុង​អំឡុង​នៃ​ការ​ប្រយុទ្ធ​គ្នា​ដែល​មាន​រយៈ​ពេល​៥​ខែ​នៅ​ក្នុង​ឆ្នាំ​នេះ ​រវាង​ទាហាន​ហ្វីលីពីន​និង​ពួក​ឧទ្ទាម​កាន់​សាសនា​ឥស្លាម។​

លោកស្រី​ Maria Ela Atienza​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ហ្វីលីពីន ​ Diliman ​និយាយ​ថា៖​ «កាល​ពីមុន ​គោលដៅ​(នៃ​ជំនួយ)​គឺ​ផ្តោត​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ជំនួយ​ ប៉ុន្តែ​ពេល​នេះ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​មនុស្ស​ជាតិ ​ដូច​ជា​ឫស​គល់​នៃ​ជម្លោះ ​និង​ភេរវកម្ម»៕​

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG