ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបញ្ជូនមនុស្ស​ចេញពីសរអាធ្វើឡើង​ផ្អែកលើ​គោលបំណង​ជាក់លាក់​


ពលរដ្ឋ​ម៉ិកស៊ិក​ដែល​ដាក់​ច្រវ៉ាក់​នៅ​នឹង​ជើង​ឡើង​យន្តហោះ​របស់​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​ចាប់​បញ្ជូន​ខ្លួន​ទៅ​មាតុភូមិ​វិញ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ O'Hare នៅ​ក្នុង​ក្រុង Chicago រដ្ឋ Illinois កាលពី​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០១០។
ពលរដ្ឋ​ម៉ិកស៊ិក​ដែល​ដាក់​ច្រវ៉ាក់​នៅ​នឹង​ជើង​ឡើង​យន្តហោះ​របស់​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​ចាប់​បញ្ជូន​ខ្លួន​ទៅ​មាតុភូមិ​វិញ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ O'Hare នៅ​ក្នុង​ក្រុង Chicago រដ្ឋ Illinois កាលពី​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០១០។

កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៦ អតីត​អនុ​ប្រធាន​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​សហរដ្ឋ​អាមេរិក លោក Daniel Ragsdale បាន​ថ្លែង​ពន្យល់​នៅ​ក្នុង​សភា​អំពី​ពិធីការ​ក្នុង​ការ​បញ្ជូន​ជន​បរទេស​ណា​ម្នាក់​ចេញ​ពី​សហរដ្ឋ​អាមេរិក។

លោក Daniel Ragsdale បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ជាទូទៅ មាន​រឿង​ពីរ​ដែល​ត្រូវ​ធ្វើ។ ទី​មួយ​គឺ​បទ​បញ្ជា​រដ្ឋបាល​ចុង​ក្រោយ​សម្រាប់​ការ​បញ្ជូន​ចេញ និង​ទី​ពីរ​គឺ​ឯកសារ​ធ្វើ​ដំណើរ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​បរទេស»។

បទ​បញ្ជា​បញ្ជូន​ចេញ​នេះ គឺ​ជា​បទ​បញ្ជា​និរទេស​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ក្នុង​ចំណោម​ចំណុច​ទាំង​ពីរ​នេះ ឯកសារ​ធ្វើ​ដំណើរ​គឺ​ជា​ចំណុច​លំបាក​បំផុត​មួយ​ដែល​ពិបាក​នឹង​សម្រេច​បាន។ ឯកសារ​ធ្វើ​ដំណើរ​អាច​ជា​ការ​អនុញ្ញាត​ពី​ប្រទេស​ដែល​ទទួល​យក​អ្នក​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក ឬ​ក៏​អាច​ជា​លិខិត​ឆ្លង​ដែន​មាន​សុពលភាព។ ប៉ុន្តែ ឯកសារ​ទាំង​ពីរ​នេះ​តម្រូវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​ដែល​ទទួល​យក​អ្នក​ដែល​ត្រូវ​និរទេស​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ជា​ទូទៅ គេ​ឃើញ​មាន​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្តន៍​ជា​លាយលក្ខណ៍​អក្សរ។ ប៉ុន្តែ លោក Leon Fresco អតីត​មន្ត្រី​អន្តោប្រវេសន៍​នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា ជា​រឿយៗ ការ​និរទេស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ផ្អែក​លើ​មូលដ្ឋាន​គោល​បំណង​ជាក់​លាក់​ណា​មួយ។

ដោយ​ប្រើ​ឧទាហរណ៍​ស្មាន​ទុក​មួយ​អំពី​ជន​អន្តោប្រវេសន៍​មួយ​រូប​ដែល​ត្រូវ​បញ្ជូន​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក លោក Leon Fresco បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ករណី​នេះ​តាម​ពិត​មិន​មែន​ជា​រឿង​ពិត​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ សន្មត់​ថា យើង​ព្យាយាម​បញ្ជូន​នរណា​ម្នាក់​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ប្រសិនបើ​យន្តហោះ​មិន​អាច​ចុះ​ចត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន អ្វី​ដែល​យើង​ប្រហែល​ជា​អាច​ធ្វើ​បាន​គឺ​ឲ្យ​យន្តហោះ​ចុះ​ចត​នៅ​ទីក្រុង Tijuana ប្រទេស​ម៉ិកស៊ិក ហើយ​បណ្ដើរ​ជន​នោះ​ទៅ​កាន់​ព្រំដែន​រវាង​ម៉ិកស៊ិក និង​សហរដ្ឋ​អាមេរិក។ ហើយ​ពេល​ខ្លះ ជន​នោះ​ត្រូវ​គេ​មក​ទទួល​យក​នៅ​ឯ​ព្រំដែន​នោះ​តែ​ម្ដង។ ដូច្នេះ​ហើយ យើង​ធ្វើ​រឿង​បែប​នេះ​ខ្លះ​ដែរ»។

លោក Leon Fresco បាន​បន្ថែម​ទៀត​ថា ប្រសិន​បើ​ជន​ដែល​ត្រូវ​និរទេស​ចេញ​នោះ​ត្រូវ​បញ្ជូន​ចេញ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​តាម​យន្តហោះ យើង​តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​ពី​ប្រទេស​ដែល​ជន​នោះ​ត្រូវ​បញ្ជូន​ទៅ ដែល​ចំណុច​នេះ​ហើយ​គឺ​បណ្ដាល​ឲ្យ​មាន​ការ​បង្កើត​នូវ​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្តន៍​ឡើង។

មន្ត្រី​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​អាមេរិក​មួយ​រូប​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «បណ្ដា​ប្រទេស​ដែល​ទទួល​យក​ជន​ត្រូវ​និរទេស​ចេញ​ពី​សហរដ្ឋ​អាមេរិក ត្រូវ​ពិនិត្យ​មើល​បញ្ជី​អ្នក​ដែល​ត្រូវ​បញ្ជូន​ចេញ​តាម​យន្តហោះ និង​ត្រូវ​ឯកភាព​ជាមួយ​នឹង​រឿង​នេះ។ ដូច្នេះ យើង​ឃើញ​ថា មាន​ជំហាន​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ដូចជា​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ទទួល​យក​ជន​ទាំង​នោះ ត្រូវ​ចេញ​លិខិត​ធ្វើ​ដំណើរ​ដល់​អ្នក​ទាំង​នោះ ត្រូវ​យល់ព្រម​ឲ្យ​យន្តហោះ​ដែល​ដឹក​អ្នក​ទាំង​នោះ​ហោះ​ហើរ​ក្នុង​ដែន​អាកាស​របស់​ខ្លួន និង​ត្រូវ​ឯកភាព​ទទួល​យក​អ្នក​ដែល​ជិះ​នៅ​លើ​យន្តហោះ​នោះ​ជា​ដើម»។

ដូច​ដែល VOA បាន​រាយការណ៍​កាល​ពី​ដើម​ខែ​នេះ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ដក​ប្រទេស​ជាង ១០ ចេញ​ពី​បញ្ជី​ប្រទេស «រឹង​ទទឹង»។ ប្រទេស​ទាំង​នេះ​គឺ​ជា​ប្រទេស​ដែល​ធ្លាប់​បដិសេធ​មិន​ទទួល​យក​ជនជាតិ​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ចង់​បញ្ជូន​អ្នក​ទាំង​នោះ​ទៅ​ឲ្យ។

ករណី​នេះ​ទំនងជា​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​ជា​ច្រើន​បន្ថែម​ទៀត​កំពុង​ទទួល​យក​ជនជាតិ​របស់​ពួកគេ​ត្រឡប់​ទៅ​វិញ។ ជាង​នេះ​ទៅ​ទៀត ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​អាមេរិក រួម​ជាមួយ​នឹង​ទីភ្នាក់ងារ​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​អាមេរិក បាន​បញ្ជាក់​ថា ខ្លួន​កំពុងតែ​បង្កើត​កិច្ច​ព្រមព្រៀង​ឡើង។

មន្ត្រី​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​អាមេរិក​បាន​ប្រាប់ VOA ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជាពិសេស​ក្រសួង​សន្តិសុខ​មាតុភូមិ​ដែល​មាន​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ ក៏​ដូចជា​ក្រសួង​ការបរទេស​អាមេរិក​ដែល​មាន​ការិយាល័យ​កិច្ចការ​ទូត​កំពុង​ធ្វើ​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ ដើម្បី​ធ្វើ​ការ​លើ​ដំណើរការ​ទាំង​មូល​នៃ​ទំនាក់ទំនង​ទ្វេភាគី»។

ប៉ុន្តែ ការ​ចរចា​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ដែល​ត្រូវ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នេះ​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន។

ការ​ចរចា​ជាមួយ​នឹង​ប្រទេស​ឡាវ

VOA ទទួល​បាន​ឯកសារ​មួយ​ចំនួន​ដែល​បង្ហាញ​ឲ្យ​ឃើញ​បន្តិចបន្តួច​អំពី​ដំណើរការ​ដ៏​រដាក់រដុប​នៃ​ការ​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ឡាវ ទាក់ទិន​នឹង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ដែល​ត្រូវ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក។

សារ​តេឡេក្រាម​របស់​ស្ថានទូត​អាមេរិក​ចំនួន​ពីរ​ដែល​មួយ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០៨ និង​មួយ​ទៀត​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០៩ និង​ដែល​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​អង្គការ WikiLeaks បាន​រៀបរាប់​អំពី​កិច្ច​ប្រឹងប្រែង​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក និង​មន្ត្រី​រដ្ឋាភិបាល​ឡាវ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្តន៍​មួយ។

ឯកសារ​ទាំង​ពីរ​នេះ​បាន​បង្ហាញ​ថា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០០៩ មន្ត្រី​រដ្ឋាភិបាល​អាមេរិក ៣ រូប ដែល​មក​ពី​ក្រសួង​ការបរទេស និង​មក​ពី​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ ដើម្បី​ពិនិត្យ​មើល​ពី​វិធី​ក្នុង​ការ​បញ្ជូន​ជនជាតិ​ឡាវ​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ទោះបីជា​ក្រសួង​ការបរទេស​អាមេរិក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​ជា​ពិសេស​នេះ​ក៏​ដោយ ក៏ «ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​គឺ​ជា​ទីភ្នាក់ងារ​ដែល​បាន​ព្យាយាម​ប្រឡូក​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ការទូត​បញ្ជូន​មនុស្ស​ចេញ​ពី​សហរដ្ឋ​អាមេរិក​នេះ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Leon Fresco។ ប៉ុន្តែ​បើ​តាម​ទស្សនៈ​របស់​លោក​វិញ លោក​គិត​ថា មានតែ​ក្រសួង​ការបរទេស​អាមេរិក​តែ​ប៉ុណ្ណោះ​ដែល​មាន​ឥទ្ធិពល «អាច​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​សហការ​ជាមួយ​បាន»។

លោក​បាន​សន្និដ្ឋាន​យ៉ាង​ដូច្នេះ​ថា៖ «លទ្ធផល​នៅ​ទី​បំផុត​គឺ​ថា យើង​មិន​មាន​ការ​រៀបចំ​ផ្លូវការ​បែប​ការទូត​ទាំង​នេះ​នោះ​ទេ»។

កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​ឆ្នាំ ២០០៩ នេះ បាន​បង្ហាញ​ថា ប្រទេស​ឡាវ​បាន​ស្នើ​ម្ដង​ហើយ​ម្ដង​ទៀត​ថា កិច្ច​ព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្តន៍​ចាំបាច់​ត្រូវ​ចរចា​មួយ​ករណី​ម្ដងៗ ចំណែក​ឯ​សហរដ្ឋ​អាមេរិក​វិញ សង្ឃឹម​ថា ករណី​នីមួយៗ​អាច​ដោះស្រាយ​បាន​នៅ​ក្នុង​រយៈពេល ៦០ ថ្ងៃ។

ប៉ុន្តែ រដ្ឋាភិបាល​ឡាវ​បាន​បញ្ជាក់​ថា ការ​ផ្ទៀងផ្ទាត់​ជនជាតិ​របស់​ខ្លួន ជាពិសេស​បន្ទាប់ពី​អ្នក​ទាំង​នោះ​មិន​បាន​រស់នៅ​ក្នុង​ប្រទេស​ឡាវ​អស់​រយៈពេល​ជា​យូរ​មក​ហើយ អាច​មាន​បញ្ហា ដោយសារតែ​ឈ្មោះ​ស្រុក និង​ភូមិ​តាម​ជនបទ​មួយ​ចំនួន​ជា​រឿយៗ​ត្រូវ​បាន​ផ្លាស់ប្ដូរ។

បុគ្គល​ម្នាក់ៗ​ប្រហែល​ជា​អាច​នៅ​ចាំ​ឈ្មោះ​ភូមិ​កំណើត​របស់​ខ្លួន ប៉ុន្តែ​ឈ្មោះ​ភូមិ​កំណើត​នោះ​ប្រហែល​ជា​ត្រូវ​បាន​គេ​ប្ដូរ​ចេញ​បាត់​ទៅ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Mai Sayavongs អតីត​អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អឺរ៉ុប និង​អាមេរិក​នៃ​ក្រសួង​ការ​បរទេស​ឡាវ។

បញ្ហា​មួយ​ទៀត​សម្រាប់​ជនជាតិ​ឡាវ​ដែល​ត្រូវ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក គឺ​សញ្ជាតិ​ហួស​កាល​កំណត់​ដែល​ពួកគេ​ទទួល​បាន​ពី​ប្រទេស​កំណើត​របស់​ពួកគេ។

អ្នក​ដែល​រស់នៅ​ក្រៅ​ប្រទេស​កំណើត​របស់​ខ្លួន​ត្រូវ​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​ជាមួយ​នឹង​ស្ថានទូត​នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​បាន​រស់នៅ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​បាត់បង់​សញ្ជាតិ​កំណើត​របស់​ខ្លួន​ក្នុង​រយៈពេល ១០ ឆ្នាំ​ក្រោយ​មក។

ឃ្លា​បញ្ចប់​នៃ​សារ​តេឡេក្រាម​ឆ្នាំ ២០០៩ បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​ឡាវ​នៅតែ​សង្ឃឹម​ថា «អាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​លើ​នីតិ​វិធី​មូលដ្ឋាន​ដែល​គ្រប​ដណ្ដប់​លើ​គ្រប់​ករណី​ទាំង​អស់»។

ប៉ុន្តែ ការ​ព្រមព្រៀង​នេះ​មិន​ដែល​កើត​ឡើង​នោះ​ទេ។ ប្រទេស​ឡាវ​មិន​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​រឹង​ទទឹង​ក្នុង​សម័យ​លោក បារ៉ាក់ អូបាម៉ា ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នោះ នៅ​ក្នុង​សម័យ​លោក ដូណាល់ ត្រាំ ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បច្ចុប្បន្ន​បាន​ប្រាប់ VOA ថា ក្រសួង​ការបរទេស​មិន​អាច​បញ្ជាក់​អះអាង ឬ​ក៏​បញ្ចេញ​យោបល់​លើ «អ្វី​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ជា​ឯកសារ​ផ្ទៃ​ក្នុង​របស់​ក្រសួង​នោះ​ទេ»។

នៅ​ពេល​ដែល​ការ​ចរចា​បរាជ័យ

នៅ​ពេល​ដែល​ឯកសារ​ធ្វើ​ដំណើរ​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​អាមេរិក​នឹង​ចាត់​វិធានការ​ផ្សេង​ទៀត ដូចជា​ការ​ផ្ញើ​លិខិត​ទៅកាន់​ស្ថានទូត​នៃ​ប្រទេស​ទាំង​នោះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​ជំរុញ​ឲ្យ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ដំណើរការ​បញ្ជូន​ចេញ និង​ស្នើ​ដាក់​ប្រទេស​ទាំង​នោះ​ចូល​ទៅ​ក្នុង​បញ្ជី​ប្រទេស​រឹង​ទទឹង។

មន្ត្រី​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​អាមេរិក​បាន​ប្រាប់ VOA ថា៖ «ប្រសិនបើ​សហរដ្ឋ​អាមេរិក​អាច​ហោះហើរ​យន្តហោះ​របស់​ខ្លួន​នៅ​ពេល​ណា​ដែល​ខ្លួន​ចង់​ធ្វើ និង​ដាក់​មនុស្ស​ចុះ​តាម​តែ​ចិត្ត​ចង់​ធ្វើ​នោះ នោះ​នឹង​មិន​មាន​បញ្ជី​ប្រទេស​រឹង​ទទឹង​នោះ​ទេ។ ក្នុង​ទិដ្ឋភាព​មួយ​ចំនួន រឿង​នេះ​មិន​ដំណើរការ​ដូច​នេះ​នោះ​ទេ»។

ប្រសិនបើ​គ្មាន​វិធានការ​ណា​មួយ​ដូច​រៀបរាប់​ខាង​លើ​អាច​ដំណើរ​ការ​ទៅ​បាន នោះ​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​អាមេរិក​នឹង​ស្នើ​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក​ចេញ​នូវ​ការ​ណែនាំ​ជា​ផ្លូវការ​ចំពោះ​ប្រទេស​ណា​ដែល​មិន​សហការ។ ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​អាច​ស្នើ​ឲ្យ​មាន​ការ​ដាក់​កំហិត​ទិដ្ឋាការ​នៅ​ក្រោម​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​បាន។

នេះ​គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​របស់​លោក ត្រាំ បាន​ធ្វើ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន នៅ​ពេល​ដែល​ខ្លួន​បាន​ដាក់​កំហិត​ទិដ្ឋាការ​លើ​ប្រទេស​កម្ពុជា អេរីទ្រី ហ្គីណេ និង​សៀរ៉ាឡែអូន ដោយសារតែ​ប្រទេស​ទាំង​នេះ​មិន​ព្រម​ទទួល​យក​ជនជាតិ​របស់​ខ្លួន​ដែល​សហរដ្ឋ​អាមេរិក​គ្រោង​បញ្ជូន​ចេញ​ត្រឡប់​ទៅ​វិញ។

នៅ​ក្នុង​សារ​តេឡេក្រាម​ឆ្នាំ ២០០៩ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ Wikileaks នេះ​ដែរ លោក Mai Sayavongs បាន​កត់​សម្គាល់​ឃើញ​ថា កាល​ពី​ឆ្នាំ ២០០៧ នៅ​ពេល​ដែល​លោក George W. Bush ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​បញ្ជូន​ជនជាតិ​ឡាវ ២៦ នាក់​ទៅ​កាន់​ប្រទេស​ឡាវ​វិញ «ប៉ុន្តែ នីតិវិធី​ធ្វើ​មាតុភូមិ​និវត្តន៍​នេះ​មិន​មាន​ភាព​ស៊ី​សង្វាក់​គ្នា ហើយ​ពេល​ខ្លះ​បង្ក​ជា​បញ្ហា​ផង​ដែរ នៅ​ពេល​ដែល​ឡាវ​មិន​បាន​ដឹង​អំពី​ការ​បញ្ជូន​ជន​ទាំង​នេះ​ទៅ រហូត​ទាល់តែ​ដល់​ពេល​ដែល​យន្តហោះ​ដឹក​ជន​ទាំង​នោះ​ហោះ​ទៅ​ដល់​ប្រទេស​ឡាវ»។

លោកស្រី Quyen Dinh នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​ធនធាន​អាស៊ី​អាគ្នេយ៍ (Southeast Asia Resource Action Center) បាន​និយាយ​ថា សកម្មភាព​អនុវត្ត​ច្បាប់​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ដ៏​គឃ្លើន​ជាង​មុន​របស់​រដ្ឋាភិបាល​អាមេរិក ជាពិសេស​ចំពោះ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «នេះ​ជា​ផ្នែក​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ។ ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​អាមេរិក​អាច​បញ្ជូន​មនុស្ស​ចេញ​ពី​សហរដ្ឋ​អាមេរិក ទោះបីជា​ពួកគេ​មិន​មាន​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ប្រទេស​ដែល​ត្រូវ​បញ្ជូន​មនុស្ស​ទៅ​ក៏​ដោយ។ គ្មាន​អ្វី​មួយ​អាច​រារាំង​សហរដ្ឋ​អាមេរិក​មិន​ឲ្យ​បញ្ជូន​អ្នក​ដែល​មិន​មែន​ជា​ពលរដ្ឋ​អាមេរិកាំង​ចេញ​ពី​សហរដ្ឋ​អាមេរិក​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG