រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា លោកមិនបានត្រៀមខ្លួនផ្តល់កិច្ចសហប្រតិបត្តិការរបស់ក្រសួងការបរទេសដល់ក្រុមកិច្ចការផ្ទេរអំណាចរបស់លោក Biden ដែលត្រូវគេព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីនោះទេ ដោយលោកបានបន្ថែមថា ការតតាំងខាងផ្លូវច្បាប់របស់លោកប្រធានាធិបតី Donald Trump ចំពោះលទ្ធផលនៃការបោះឆ្នោត ត្រូវតែផ្តល់ពេលវេលាឲ្យដើម្បីដោះស្រាយ ហើយសន្លឹកឆ្នោតត្រឹមត្រូវតាមច្បាប់ទាំងអស់ត្រូវតែរាប់។
នៅពេលដែលអ្នកកាសែតម្នាក់បានសួរក្នុងអំឡុងពេលនៃសន្និសីទកាសែតនៅក្រសួងការបរទេស ថាតើលោកនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមកិច្ចការផ្ទេរអំណាចរបស់លោក Biden ដែរឬទេ លោក Pompeo បាននិយាយថា៖ «យើងនឹងមានដំណើរការអន្តរកាលប្រកបដោយជោគជ័យមួយឆ្ពោះទៅរដ្ឋបាលរបស់លោកប្រធានាធិបតី Trump នៅអាណត្តិទី ២»។
លោករដ្ឋមន្ត្រីការបរទេសបានបន្ថែមទៀតថា៖ «ពិភពលោកកំពុងសម្លឹងមើលអ្វីដែលកំពុងកើតឡើង។ យើងនឹងរាប់សន្លឹកឆ្នោតទាំងអស់។ នៅពេលដែលដំណើរការនេះបញ្ចប់ នឹងមានការជ្រើសរើសអង្គបោះឆ្នោត។ នេះគឺជាដំណើរការ។ រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់អំពីរឿងនេះ»។
នៅពេលដែលសួរថាតើការមិនសុខចិត្តរបស់លោកប្រធានាធិបតី Trump នៅក្នុងការចុះចាញ់នៅក្នុងការបោះឆ្នោត ធ្វើឲ្យប៉ះពាល់ដល់ការណែនាំរបស់សហរដ្ឋអាមេរិកដល់ប្រទេសនានាឲ្យរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ និងសម្រាប់អ្នកចាញ់ឲ្យសុខចិត្តទទួលយកលទ្ធផលនៃការបោះឆ្នោតដែរឬក៏យ៉ាងណានោះ លោក Pompeo បានហៅសំណួរនោះថា «ជាការគួរឲ្យអស់សំណើច»។
លោក Pompeo បាននិយាយថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងថា ការបោះឆ្នោតនៅជុំវិញពិភពលោកមានភាពសេរី យុត្តិធម៌ និងសុវត្ថិភាព។ លោកបានបន្ថែមថា «មន្ត្រីរបស់ខ្ញុំបានប្តូរជីវិត» ដើម្បីធ្វើឲ្យប្រាកដថា រឿងនេះកើតឡើង។
លោក Elliot Engel ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ បានរិះគន់លើការលើកឡើងទាំងនេះរបស់លោក Pompeo ដោយបាននិយាយថា៖ «លោករដ្ឋមន្ត្រី Pompeo មិនគួរយល់ស្របតាមការវាយប្រហារដោយគ្មានមូលដ្ឋាននិងមានគ្រោះថ្នាក់លើភាពស្របច្បាប់នៃការបោះឆ្នោតកាលពីសប្ដាហ៍មុនទេ»៕