រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Bill Barr បានអនុញ្ញាតឲ្យរដ្ឋអាជ្ញាសហព័ន្ធ ធ្វើការស៊ើបអង្កេតលើ «ការចោទប្រកាន់ណាដែលមានទម្ងន់» ដែលថាមានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន។
លោក Barr បានចេញអនុស្សារណៈមួយទៅកាន់មេធាវីនានារបស់សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទម្សិលមិញ ដោយមិនបានលើកឡើងអំពីឧទាហរណ៍ជាក់លាក់ណាមួយនៃការចោទប្រកាន់ដែលថាមានការលួចបន្លំនៅក្នុងការបោះឆ្នោតនោះទេ។
លោកបាននិយាយថា ការស៊ើបអង្កេត «អាចធ្វើឡើង ប្រសិនបើមានការចោទប្រកាន់ជាក់ច្បាស់ដែលអាចទុកចិត្តបាននៃភាពមិនប្រក្រតីនោះ ដែលថា ប្រសិនបើពិតអាចមានផលប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតសហព័ន្ធនៅក្នុងរដ្ឋនីមួយៗ»។
លោក Barr បានបន្ថែមថា៖ «វាជាការចាំបាច់ដែលការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន ត្រូវដោះស្រាយឲ្យទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។ វាក៏ជាការចាំបាច់ដូចគ្នាដែរ ដែលមន្ត្រីក្រសួងយុត្តិធម៌អនុវត្តនូវការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ និងរក្សាការតាំងចិត្តដ៏មុតមាំរបស់ក្រសួងយុត្តិធម៌ចំពោះភាពត្រឹមត្រូវ អព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធ»៕