លោក Joe Biden ដែលត្រូវបានគេព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា លោកមិនមានការព្រួយបារម្ភអំពីការមិនសុខចិត្តចុះចាញ់របស់លោកប្រធានាធិបតី Donald Trump នោះទេ ក៏ប៉ុន្តែ លោកគិតថា វាជា «ភាពអាម៉ាស់» សម្រាប់លោក Trump និងប្រទេសជាតិ។
លោក Biden បានបញ្ជាក់ថា៖ «ខ្ញុំគិតថា វានឹងមិនជួយដល់កេរតំណែលរបស់លោកប្រធានាធិបតី Trump ទេ»។ លោក Biden បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ដែលជាកន្លែងដែលលោកកំពុងធ្វើការលើដំណើរការអន្តរកាលរបស់លោកឆ្ពោះទៅការកាន់អំណាច និងកំពុងរៀបចំផែនការដំណាក់កាលទី ១ របស់លោក ក្រោយពេលដែលលោករំពឹងថានឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករាខាងមុខ។
លោកប្រធានាធិបតី Trump ដែលមិនបានផ្តល់ភស្តុតាងអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ឬភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត បានដាក់ពាក្យបណ្តឹងជាង ១០ នៅក្នុងបណ្តារដ្ឋមួយចំនួន ដើម្បីព្យាយាមទាត់ចោលនូវជ័យជម្នះរបស់លោក Biden ដែលត្រូវគេព្យាករណ៍ទុកនោះ។
ក៏ប៉ុន្តែ លោក Biden បាននិយាយថា៖ «យើងបានចាប់ផ្តើមដំណើរការអន្តរកាលនៃការផ្ទេរអំណាចរួចហើយ» ហើយការបដិសេធមិនព្រមចុះចាញ់របស់លោក Trump «មិនបានផ្លាស់ប្តូរថាមភាពវិវឌ្ឍនេះទេ»។
លោក Biden កំពុងផ្តោតការយកចិត្តទុកដាក់ដំបូងលើការដោះស្រាយបញ្ហាឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងជាង ២៣៨.០០០ នាក់ ដែលជាចំនួនច្រើនបំផុតជាងប្រទេសណាៗទាំងអស់។
លោក Biden បានលើកឡើងថា លោកប្រហែលជាធ្វើការតែងតាំងបុគ្គលមួយចំនួនសម្រាប់មុខតំណែងសំខាន់ៗនៅក្នុងរដ្ឋបាលរបស់លោក មុនពេលថ្ងៃឈប់សម្រាក «ទិវាថ្លែងអំណរគុណ (Thanksgiving)» ចូលមកដល់នៅថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខនេះ។
ចំណែកឯលោក Trump វិញ នៅក្នុងការព្យាយាមតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត បានធ្វើឲ្យមន្ត្រីរដ្ឋបាលរបស់លោកមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមតំណាងរបស់លោក Biden ដើម្បីរៀបចំដំណើរការផ្ទេរអំណាច៕