លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានព្រមានមន្ត្រីរាជការដែលចូលរួមក្នុងកម្មវិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ២០១៧» ថា គណបក្សកាន់អំណាច អាចនឹងចាញ់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ប្រសិនបើមន្ត្រីដែលមកពីគណបក្សប្រជាជនកម្ពុជាមិនខិតខំប្រឹងប្រែងធ្វើការងារដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋដោយស្មោះត្រង់ទេនោះ។
លោក ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធីបើកសន្និបាត ដែលបានរៀបចំនៅក្រសួងបរិស្ថាន កាលពីថ្ងៃពុធ កន្លងទៅថា គណបក្សប្រជាជនកម្ពុជា អាចនឹងបាត់បង់អំណាច ក្នុងការបោះឆ្នោតនៅក្នុងពេលខាងមុខ ហើយនឹងនាំឲ្យមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល។
«អំណាចនេះតែបាត់អាបោះឆ្នោតសកលមួយហើយ គឺទៅហើយ។ ប៉ុន្តែ សកលវាបានពីណា? ផ្សំពីបោះឆ្នោតឃុំ-សង្កាត់ហ្នឹងហើយ។ បើអាឃុំសង្កាត់ហ្នឹងវាទៅ ក្រុមប្រឹក្សាស្រុក ដែលក្នុងស្រុក ឃុំប្រឹក្សាសង្កាត់គេ ហើយបើគេក្រុមប្រឹក្សាហើយ គេហើយមានអីទៀត»។
លោក ប៊ិន ឈិន បានបន្តព្រមានថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ចាញ់ការបោះឆ្នោតមែននោះ នឹងមានការផ្លាស់ប្ដូរតួនាទី និងតំណែងមន្ត្រីរាជការ និងមន្ត្រីយោធាដែលមានតួនាទីនៅក្នុងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននាពេលបច្ចុប្បន្ននេះ។
លោកបានបញ្ជាក់ថា ក្រុមមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្ន មិនត្រូវប្រព្រឹត្តអំពើពុករលួយ ដែលត្រូវបានក្រុមមន្ត្រីនៃគណបក្សប្រឆាំងឃ្លាំមើលយ៉ាងដិតដល់នោះឡើយ។
«ខ្ញុំនិយាយឲ្យការពិតទៅ នៅវេទិកាសភាយើង យើងចេះតែប្រឹងការពារ យើងមិនចេះតែបណ្ដោយ។ ប៉ុន្តែគ្នាយើងត្រូវគិត តើអញមែនអត់? អាហ្នឹងធំណាស់។ លុយទម្លាក់មកយ៉ាងនេះ បានទៅធ្វើប៉ុណ្ណេះ រត់ការអស់ប៉ុណ្ណោះ អាហ្នឹងវាមានអត់?»
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានលើកឧទាហរណ៍ ទាក់ទិនករណីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចប្រកបដោយភាពមិនប្រក្រតីដែលត្រូវបានធ្វើកាលពីពេលកន្លងមកថា៖
«ពួកនេះជួនកាល បានន័យថា ដើរចុច GPS ប៉ុណ្ណេះ ទីនេះ ក្រុមហ៊ុននេះ អញ្ចឹងទៅ ឲ្យទៅ។ នៅក្រសួងបរិស្ថាននេះ ចាយ សាមិត្តនេះ ហ្នឹងក៏នេះដែរ អញប្រាប់ថា ហ្អែងចុចឲ្យអញមកមើល ចុចចឹងៗ ឲ្យមួយម៉ឺនហិកតារទៅ។ អញ្ចឹងបានជា ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ទាំងមនុស្សកន្លែងខ្លះ ឲ្យក្រុមហ៊ុនខ្លះ ៣៥ម៉ឺនហិកតារ ឲ្យទាំងកន្លែងដែលខ្លួនឯងកំពុងអង្គុយ សម្បទានដីសេដ្ឋកិច្ច ឲ្យដោយទាំងមន្ទីរកសិកម្មខ្លួនឯង»។
ថ្វីដ្បិតតែមានការលើកឡើងអំពីការផ្លាស់ប្ដូរមុខនាទី និងតំណែងរបស់មន្ត្រីរាជការ និងកងទ័ពក្នុងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សផ្សេងក្ដី អ្នកនយោបាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រជែងយ៉ាងសំខាន់ជាមួយគណបក្សប្រជាជនកម្ពុជា អះអាងថា ការផ្លាស់ប្ដូរនេះ នឹងមិនអាចកើតមាននោះឡើយ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រាប់VOA ថា គណបក្សប្រឆាំងមានជំនឿថា នឹងឈ្នះការបោះឆ្នោតនៅពេលខាងមុខ ហើយថា ការផ្លាស់ប្ដូរមន្ត្រីរដ្ឋបាលក្នុងជួររដ្ឋាភិបាលនឹងមិនអាចកើតមាននោះទេ។
លោក អេង ឆៃអ៊ាង និយាយថា រដ្ឋាភិបាលថ្មីនឹងធ្វើការផ្លាស់ប្ដូរមន្ត្រីក្នុងក្របខ័ណ្ឌនយោបាយតែប៉ុណ្ណោះ។
«យើងផ្លាស់ប្ដូរក្របខ័ណ្ឌមន្ត្រីនយោបាយទេបាទ។ ចំពោះមន្ត្រីរដ្ឋបាលគឺអត់ទេ គឺយើងនឹងរៀបចំធ្វើម៉េច ឲ្យរដ្ឋបាលរបស់រដ្ឋទៅជា ជាស្ថាប័នអព្យាក្រឹត ធ្វើការបម្រើប្រជាពលរដ្ឋ មិនមែនបម្រើបក្សទេ»។
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៣ គណបក្សប្រជាជនកម្ពុជា ទទួលបានកៅអីចំនួន ៦៨ ខណៈដែលគណបក្សសង្គ្រោះជាតិ ទទួលបានកៅអីចំនួន ៥៥នៅរដ្ឋសភា។
ការកើនឡើងកៅអីរបស់គណបក្សប្រឆាំងត្រូវបានគេជឿថា បណ្ដាលមកពីកម្មវិធីនយោបាយរបស់គណបក្សនេះដែលមានដូចជាការដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកម្មករ ការផ្ដល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់ ការលើកស្ទួយជីវភាពប្រជាកសិករតាមរយៈការការពារតម្លៃកសិផលរបស់ពួកគេជាដើម។
ការធ្លាក់ចុះនូវចំនួនអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាយ៉ាងគំហុកកាលពីឆ្នាំ២០១៣ ត្រូវបានអ្នកឃ្លាំមើលនយោបាយខ្មែរ សន្និដ្ឋានថា ដោយសារប្រជាពលរដ្ឋខ្មែរ ចង់ផ្លាស់ប្ដូរគណបក្សកាន់អំណាចហើយពួកគេមិនចង់ឃើញលោក ហ៊ុន សែន បន្តកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។
ក្រុមអ្នកឃ្លាំមើលថ្លែងថា អំពើអយុត្តិធម៌សង្គមនានា ដូចជាការបណ្ដេញប្រជាជនចេញពីផ្ទះសម្បែងដើម្បីការអភិវឌ្ឍ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងគំលាតសេដ្ឋកិច្ចដ៏ធំរវាងអ្នកមាន និង អ្នកក្រ ក៏បានរួមចំណែកដល់ការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាចជិត៤០ឆ្នាំមកហើយនេះ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ប្រាប់ VOAថា គណបក្សប្រជាជន បានបាត់បង់ជាង២០កៅអីនៅសភាជាតិ ដោយសារការគ្រប់គ្រងធនធានធម្មជាតិមិនបានត្រឹមត្រូវ រហូតមកដល់ការបោះឆ្នោតឆ្នាំ ២០១៣។
លោក ថ្លែងថា ទោះជារដ្ឋាភិបាលបានប្រកាសការធ្វើកំណែទម្រង់ធំៗក្នុងការគ្រប់គ្រងធនធានធម្មជាតិនេះក្ដី ក៏សកម្មភាពកាប់បំផ្លាញព្រៃឈើ នៅបន្តកើតមានដដែល។
លោកថា ការណ៍នេះជាកត្តាមួយ ដែលអាចនាំឲ្យគណបក្សកាន់អំណាចបាត់ការគាំទ្រនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ នាពេលឆាប់ៗខាងមុខនេះ។
«រឿងព្រៃឈើ រឿងធនធានធម្មជាតិនេះ វាបង្កមិនមែនត្រឹមតែការអស់ឈើ អស់ធនធានទេ ប៉ុន្តែ វាបង្កើតនូវអំពើអយុត្តិធម៌ អំពើពុករលួយ ការរំលោភអំណាចនៅក្នុងទៀត។ វាសព្វគ្រប់ គឺថាមួយចង្កោមរឿងរ៉ាវហ្នឹង ដែលធ្លាក់បន្ទុកមកលើរដ្ឋាភិបាលទាំងអស់ ព្រោះអីនៅក្នុងរឿងព្រៃឈើ វាមានអ្នកមានអំណាចទៅរំលោភ កាប់ព្រៃឈើ ឬក៏រកស៊ីព្រៃឈើ វាមានការធ្វើអំពើពុករលួយនៅក្នុងហ្នឹង។ អញ្ចឹងទាំងអស់ហ្នឹងសុទ្ធតែជាផ្នែកមួយដែលប៉ះពាល់ដល់កិត្តិយសដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលទាំងអស់»។
ក្រុមអ្នកឃ្លាំមើលស្ថានភាពនយោបាយរបស់កម្ពុជាទាំងនៅថ្នាក់ជាតិនិងអន្តរជាតិ បាននិយាយថាបញ្ហាពុករលួយរបស់កម្ពុជានៅតែជាបញ្ហាចម្បងរបស់ប្រទេសដ៏ក្រីក្រនេះ៕