ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ប្រកាស​ការ​ដាក់​ពាក្យ​សម្រាប់​បេក្ខភាព​គ.ជ.ប.​ថ្មី


លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធាន​​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធាន​​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ​បាន​ប្រកាស​ជ្រើស​រើស​បេក្ខជន​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ចំនួន​៩​រូប។​

មន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បានឲ្យ​ដឹង​ក្រៅ​ផ្លូវ​ការ​ថា ​សមាជិក​៦រូបត្រូវ​កំណត់​រួច​ហើយ។​

យោង​តាម​កិច្ច​ព្រមព្រៀង​នយោបាយនៃ​គណបក្ស​ទាំង​ពីរ ​គណបក្ស​និមួយៗត្រូវ​ស្នើ​បេក្ខភាព​ឥស្សរជន​ចំនួន​បួន​រូប​ និង​បេក្ខជន​ទី​៩​គឺ​ជា​បុគ្គល​ឯករាជ្យ​ ហើយ​ត្រូវ​ស្នើ​ក្រោម​ការ​ព្រម​ព្រៀង​ឯកភាព​ដោយ​គណបក្ស​ទាំង​ពីរ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​យ៉ាង​ឆាប់​រហ័ស​មួយ​ដែល​មាន​រយៈ​ពេល​ជិត​មួយ​ម៉ោងនៅ​ព្រឹកថ្ងៃ​នេះ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​ស្នើ​ឲ្យ​សាធារណជន​ដែល​មាន​បំណង​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិក​គ.ជ.ប.​ថ្មី​ត្រូវ​ដាក់​ពាក្យនៅ​អគ្គ​លេខាធិការដ្ឋាន​របស់​រដ្ឋ​សភា​សុំ​ឈរ​ឈ្មោះ​ចាប់​ពីថ្ងៃ​សុក្រ​ទី​២៧​ខែ​មិនា​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​៦​ខែ​មេសា។ ​ហើយ​ការ​ទទួល​ពាក្យ​នឹង​ធ្វើ​ឡើង​ទាំង​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ទៀត​ផង។​

បេក្ខជន​ឈរ​ឈ្មោះ​ត្រូវ​ភ្ជាប់ជា​មួយ​នូវ​ជីវប្រវត្តិ​សង្ខេប​ ច្បាប់​ចម្លង​សំបុត្រ​កំណើត ​ច្បាប់​ចម្លង​អត្តសញ្ញាណ​បណ្ណសញ្ជាតិ​ខ្មែរ ​សេចក្តី​ប្រកាស​អំពី​សញ្ជាតិ​ សេចក្តី​បញ្ជាក់​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ត្រូវមាន​សញ្ញា​ប័ត្រ​ចាប់​ពី​ឧត្តម​សិក្សា​ឡើងទៅ។​ បេក្ខជន​ត្រូវ​មាន​បទ​ពិសោធន៍​ការងារ​យ៉ាង​តិច​ដប់​ឆ្នាំ​ជាដើម។​

លោក​យ៉ែម ប៉ុញ្ញារិទ្ធ​ អ្នក​នាំពាក្ស​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​ឲ្យ​ដឹង​ថា ​គណបក្ស​របស់​លោកបាន​សម្រេច​ជ្រើស​រើស​យក​លោក​គួយ ប៊ុនរឿន ដែល​ជា​សហ​ប្រធាន​ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ​ឲ្យធ្វើ​ជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​បួន​រូបពី​គណបក្ស​នេះ។​

«ជា​ការណ៍​ពិត​ ឯក​ឧត្តម​គួយ ប៉ុនរឿន​ត្រូវ​ដាក់​ពាក្យ​មក​សភា​ ដូច​គេ ​ដូច​ឯង​ដែរ ហើយ​គណបក្ស​នឹងគាំទ្រ​សមាស​ភាព​របស់​លោក។ ​ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ពី​សមាសភាព​៣​រូប​ផ្សេង​ទៀត​ទេ»។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ VOA ​កាល​ពីម្សិល​មិញ​ថា​ បេក្ខភាព​សមាស​ភាព​គ.ជ.ប.​ថ្មី​ទាំង​បួន​រូប​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​ជា​មានលោក ​ប៊ិន ឈិន​ ប្រធាន​ក្រុម​ការងារ​ចរចា​ផ្នែក​កិច្ច​ការ​បោះឆ្នោត លោក​កើត រិទ្ធ​ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ​លោកព្រំ សុខា​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​លោក​ស៊ិក ប៊ុនហុក​ ​តំណាង​រាស្ដ្រ។ ​បេក្ខជន​ទាំង​បួន​ស្ថិត​នៅ​ក្នុង​ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ដោយ​ឡែក​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺលោក​ឈឹម ផលវរុណ បាន​ទាត់​ចោល​ការ​អះអាង​ខាង​លើ​នេះ​ដោយ​លោក​និយាយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទាន់​បាន​សម្រេច​ដាក់​បញ្ជី​ឈ្មោះ​បេក្ខភាព​គ.ជ.ប.​ទៅ​កាន់​សភាជាតិ​នៅ​ឡីយ​នោះ​ទេ។​

គណ​បក្ស​ទាំង​ពីរ​បាន​ឯកភាព​រួច​ហើយ​ថា ​នឹង​ទទួល​យក​លោក​ស្រី​ពុង ឈីវកេក​ ដែល​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​កម្ពុជា ឲ្យ​ធ្វើ​ជា​មាជិក​ឯករាជ្យ​ទី​៩របស់​គណៈ​កម្មាធិការ​នេះ។​ VOA ​បាន​ព្យាយាម​ទាក់ទង​លោកស្រី​ពុង ឈីវកេក​ ដែល​មាន​សញ្ជាតិ​បារាំង ​និង​ខ្មែរ ដើម្បី​សុំ​ការ​អធិប្បាយ​ទាក់​ទិន​នឹង​ការ​សម្រេច​ចិត្ត​របស់​លោកស្រី​ ​ តែ​មិន​អាច​ទាក់ទងបាន​ទេ។​

យោង​តាម​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សមាជិក​នៃ​គណៈកម្មាធិការនេះត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុន្នី ​បាន​ឡាយ​ព្រះ​ហស្ថ​លេខា​ដាក់ឲ្យ​ប្រើ​ប្រាស់​ច្បាប់​ធំៗ​២​ទាក់​ទង​នឹង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​គឺ​ច្បាប់ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គ.ជ.ប. និង ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ។​

កាលពី​សប្តាហ៍​មុន ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​ឈាង វុន​ អ្នក​នាំពាក្ស​រដ្ឋ​សភា ​បាន​ប្រកាស​ជា​សាធារណៈ​ថា​ សភាជាតិ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​បង្អស់​លើ​សមាស​ភាព​គ.ជ.ប.​ទាំង​៩រូប​នៅ​ថ្ងៃទី​១៣​ខែ​មេសា​ខាង​មុខ​នេះ៕

XS
SM
MD
LG