ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ត្រូវ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ


លោក ព្រុំ ចាន់នី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៩ ខែកក្កដា ក្រោយអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ដោយសង្ស័យពីការប្រព្រឹត្តអំពើពុករលួយ។ (Facebook / អគ្គនាយករដ្ឋានពន្ធនាគារ)
លោក ព្រុំ ចាន់នី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៩ ខែកក្កដា ក្រោយអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ដោយសង្ស័យពីការប្រព្រឹត្តអំពើពុករលួយ។ (Facebook / អគ្គនាយករដ្ឋានពន្ធនាគារ)

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​មហាផ្ទៃ​ដែល​មាន​តំណែង​ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ ត្រូវ​បាន​ចោទ​ប្រកាន់ ​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ​ក្រោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU)​ បាន​ចាត់​វិធាន​ការ​លើ​ករណី​នេះ។ ​នេះ​បើ​យោង​តាម​មន្រ្តី​ពាក់ព័ន្ធ។​

លោក​ ព្រុំ ចាន់នី ​អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា ​ក្រោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​ ដោយ​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ​មន្រ្តី​ជាន់​ខ្ពស់​រូប​នោះ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី ១ ​ដោយ​ជាប់​ចោទ​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ស៊ី​សំណូក​ រំលោភ​អំណាច ​និង​បទ​ប្រកាស​មិន​ត្រឹម​ត្រូវ​នូវ​ទ្រព្យ​សម្បត្តិ ​និង​បំណុល។​

អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​លោក​ សយ​ ចន្ទវិចិត្រ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ដោយ​សារ​តែ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត ​លោក​មិន​អាច​និយាយ​លម្អិត​អំពី​ករណី​នេះ​បាន​នៅ​ឡើយ​ទេ។ ​លោក​បន្ថែម​ថា​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ចាត់​វិធាន​ការ​តឹងរ៉ឹង​លើ​ករណី​នេះ។​

លោក​ថ្លែង​ថា៖​ «យុទ្ធ​សាស្រ្ត​សំខាន់​គឺ​ការ​អប់រំ​ ការ​បង្ការ​ទប់​ស្កាត់​ ហើយ​នឹង​មួយ​ទៀត​គឺ​ការ​អនុវត្ត​ច្បាប់។​ អ៊ីចឹង​ ក្រៅ​ពី​វិធាន​ការ​នៃ​ការ​អប់រំ​ដល់​សារធារណ​ជន​ឱ្យ​គាត់​យល់ ​ឱ្យ​គាត់​ដឹង​អំពី​អំពើ​ពុក​រលួយ​ហើយ​ឱ្យ​គាត់​ចៀស​វាង យើង​ក៏​មាន​វិធាន​ការ​បង្ការ​កុំ​ឱ្យ​វា​កើត​ឡើង​ ក៏​ដូច​ជា​វិធាន​ការ​ទប់​ស្កាត់​កុំ​ឱ្យ​វា​កើត​ឡើង»។​

លោក ​នុត សវនា ​អ្នក​នាំពាក្យ​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ជន​ត្រូវ​ចោទ​លោក ​ព្រុំ ​ចាន់នី ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ឯ​មណ្ឌល​កែ​ប្រែ​ទី ១។ ​លោក​មិន​អាច​បញ្ជាក់​ព័ត៌មាន​លម្អិត​បាន​ទេ ​ដោយ​សារ​ករណី​នេះ​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិបាយ​ពី​លោក ​អ៊ី រិន្ទ ​អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

លោក ​ប៉ិច ពិសី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​យល់​ឃើញ​ថា​ ចំណាត់​ការ​លើ​មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ​ ជា​សញ្ញា​មួយ​ដែល​រដ្ឋាភិបាល​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ ​និង​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​លើ​បុគ្គល​នានា ​បើ​ទោះ​បី​ជា​អ្នក​មាន​អំណាច​ក៏​ដោយ។​

លោក​ថ្លែង​ថា៖​ «កន្លង​មក ​យើង​ឃើញ​មាន​ការ​ដាក់​បន្ទុក​ផ្នែក​ច្បាប់ ​គឺ​អ្នក​ធំ​ ​មិន​សូវ​មាន​ការ​ប៉ះ​ពាល់​ធំ​ធេង​ទេ។ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​យើង​ឃើញ​មាន​ជំហាន​ផ្សេងៗ​ដែល​ជា​ជំហាន​វិជ្ជមាន​នៅ​ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ជន​សង្ស័យ​ផ្សេងៗ​ដែល​អាច​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ពុក​រលួយ​ស៊ី​សំណូក»។​

លោក ​ប៉ិច ពិសី ​ជំរុញ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា​លើ​មន្រ្តី ​ដោយ​មិន​ខ្វល់​អំពី​អំណាច​ ឬ​ក៏​សែស្រឡាយ​បក្ស​ពួក​នោះ​ទេ ​និង​ត្រូវ​តែ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពី​ពុក​រលួយ​នេះ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ទាំង​អស់។​

គួរ​បញ្ជាក់​ថា​ អំពើ​ពុក​រលួយ​នៅ​កម្ពុជា​នៅ​តែ​ជា​ក្តី​បារម្ភ​មួយ​ ខណៈ​កាល​ពី​ឆ្នាំ​ ២០២៣ ​កម្ពុជា​បាន​ចំណាត់​ថ្នាក់​ ១៥៨ ​ក្នុង​ចំណោម​ប្រទេស ​និង​ដែន​ដី ​១៨០ ​នៅ​លើ​ពិភព​លោក ​គឺ​ទទួល​បាន​ពិន្ទុ​ ២២។​ ចំណាត់​ថ្នាក់​របស់​កម្ពុជា​អន់​ថយ​បន្តិច​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ​ដែល​កាល​នោះ ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ ២៤ ​នៅ​លេខ​រៀង​ទី​ ១៥០។​ នេះ​បើ​តាម​របាយ​ការណ៍​ស្តីពី​សន្ទស្សន៍​អំពើ​ពុក​រលួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា ​កាល​ពី​ខែ​មករា​ ឆ្នាំ​ ២០២៤៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG