ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Rosenstein នឹង​ជួប​ជាមួយ​លោក Trump នៅ​ថ្ងៃព្រហស្បតិ៍


អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstein ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​យុត្តិធម៌​ កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstein ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​យុត្តិធម៌​ កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា​ អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstein នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី Donald Trump នៅ​ថ្ងៃព្រហស្បតិ៍​ បន្ទាប់​ពី​សារព័ត៌មាន​បាន​រាយការណ៍​ថា​ មន្ត្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌​រូបនេះ​ត្រូវ​គេ​រំពឹង​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង។

ការ​ប្រកាស​នេះ​បាន​ធ្វើឡើង​នៅប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​សារព័ត៌មាន The New York Times ​បាន​រាយការណ៍​ថា​ កាល​ពី​ឆ្នាំមុន​លោក Rosensteinបាន​ស្នើ​ឲ្យ​លួចថត​សម្លេង​លោក​ប្រធានាធិបតី Donald Trump និង​ថា​លោក​បាន​ផ្តល់​គំនិត​ឲ្យ​ប្រើប្រាស់​វិសោធនកម្ម​ទី២៥​ដើម្បី​ដក​លោក Trump ចេញ​ពី​តំណែង។

លោក Rosenstein បាន​បដិសេធ​ទៅនឹង​សេចក្តី​រាយការណ៍​នេះ​ដែល​បាន​ចុះផ្សាយ​កាល​ពី​សប្តាហ៍​មុន។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Sanders កាល​ពី​ថ្ងៃចន្ទ​បាន​ប្រកាស​ថា «យោង​តាម​ការ​ស្នើ​របស់​លោក​អនុរដ្ឋមន្ត្រី Rod Rosenstein លោក​ និង​លោកប្រធានាធិបតី Trump ត្រូវ​ជួប​ពិភាក្សា​គ្នា​អំពី​របាយការណ៍​ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ដោយសារ​តែ​លោកប្រធានាធិបតី​ត្រូវ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​និង​ត្រូវ​ជាប់​រវល់​ជួបជាមួយ​មេដឹកនាំ​មក​ពី​ជុំវិញ​ពិភពលោក​នោះ​ ការ​ប្រជុំ​រវាង​អ្នក​ទាំង​ពីរ​នឹង​ត្រូ​វធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​នេះ​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ត្រឡប់​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ»។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​រាយការណ៍​ថា​លោក Rosenstein បាន​ពិភាក្សា​អំពី​ការ​លាលែងចេញ​ពី​តំណែង​ ខណៈបណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​ទៀត​រាយការណ៍​ថា​លោក​នឹង​មិន​លាលែង​ចេញ​ពី​តំណែង​ទេ​ លុះត្រាតែ​លោក​ត្រូវ​បាន​គេ​បណ្តេញ​ចេញ៕

XS
SM
MD
LG