អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺគ្រុនឈាមកំពុងកើនឡើងនៅទូទាំងពិភពលោក ដោយសារតែបម្រែបម្រួលអាកាសធាតុ រួមផ្សំជាមួយនឹងកត្តាសង្គម បរិស្ថាន និងកត្តាផ្សេងៗទៀត ដូចជា កំណើនប្រជាជន និងសាកលភាវូបនីយកម្មនៃការធ្វើដំណើរ ដែលសម្រួលដល់ការរីករាលដាលនៃការឆ្លងជំងឺបង្កពីមេរោគមួយនេះ។
អ្នកស្រី Diana Rojas Alvarez ប្រធានក្រុមផ្នែកជំងឺឆ្លងតាមរយៈសត្វល្អិតនៃអង្គការសុខភាពពិភពលោក WHO បានថ្លែងថា៖ «បម្រែបម្រួលអាកាសធាតុមានឥទ្ធិពលទៅលើការចម្លងមេរោគ ដោយសារតែវាបង្កឲ្យមានភ្លៀងធ្លាក់ច្រើន សំណើម និងកំណើនសីតុណ្ហភាព»។
អ្នកស្រីបន្តថា៖ «សត្វមូសងាយនឹងប្រែប្រួលទៅតាមសីតុណ្ហភាព ហើយសីតុណ្ហភាពនេះកំណត់ទៅលើរយៈពេលដែលវាលូតលាស់ និងរយៈពេលដែលពងរបស់វាវិវត្តក្នុងខ្លួនរបស់វា»។
ទិន្នន័យផ្សព្វផ្សាយដោយអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រកន្លងទៅ បានកត់ត្រាការកើនឡើងនៃកំណើនគ្រុនឈាមខ្ពស់ជាង ១០ដង នៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ គឺកើនពី ៥សែនករណី នៅឆ្នាំ២០០០ ទៅដល់ ៥លាន ២សែនករណី នៅក្នុងឆ្នាំ២០១៩។
ទីភ្នាក់ងារសុខាភិបាលអង្គការសហប្រជាជាតិនិយាយថា ការបន្តចម្លងជំងឺនេះគួបផ្សំជាមួយនឹងការកើនឡើងយ៉ាងគំហុកនៃករណីគ្រុនឈាមនៅក្នុងឆ្នាំនេះផងនោះ «បានបណ្ដាលឲ្យចំនួនករណីជំងឺនេះកើនជិតដល់កម្រិតកំណត់ត្រាខ្ពស់បំផុត ដែលមានជាង ៥លានករណី និងមានអ្នកស្លាប់ពាក់ព័ន្ធទៅនឹងជំងឺគ្រុនឈាមនេះជាង៥ពាន់ករណី នៅក្នុងប្រទេសនិងដែនដីជាង៨០»។
អង្គការ WHO ព្រមានថា ការកើនឡើងយ៉ាងគំហុកនៃការឆ្លងជំងឺគ្រុនឈាមបង្កបញ្ហាប្រឈមជាចម្បងដល់សុខភាពសាធារណៈ ពីព្រោះប្រជាជននៅលើពិភពលោកជិតពាក់កណ្ដាល ឬប្រមាណ ៤ ពាន់លាននាក់ មានហានិភ័យពីការឆ្លងជំងឺនេះ។
ដោយផ្អែកលើកត្តាទាំងនេះហើយ ទើបលោកស្រី Rojas Alvarez ថ្លែងថា៖ «អង្គការ WHO បានវាយតម្លៃថា ជំងឺគ្រុនឈាមមានហានិភ័យខ្ពស់នៅលើពិភពលោក ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ និងការឆ្លើយតបក្នុងកម្រិតខ្ពស់បំផុតពីគ្រប់លំដាប់ថ្នាក់នៃអង្គការនេះ»។
គ្រុនឈាមគឺជាជំងឺឆ្លងដែលជាធម្មតាបង្កដោយមេរោគចម្លងទៅមនុស្សតាមរយៈមូសខាំ។ ជំងឺនេះគេតែងឃើញកើតមាននៅតំបន់ប្រជុំជន នៅក្នុងតំបន់ដែលមានអាកាសធាតុត្រូវពិចនិងអនុត្រូពិច។
មនុស្សភាគច្រើនដែលឆ្លងជំងឺគ្រុនឈាមមិនមានរោគសញ្ញាអ្វីទេ។ ប៉ុន្តែសម្រាប់អ្នកដែលឆ្លងហើយមានចេញរោគសញ្ញា ជាទូទៅពួកគេមានអាការៈក្ដៅខ្លួនខ្លាំង ឈឺក្បាល ឈឺខ្លួនប្រាណ ចង់ក្អួត និងមានកន្តួលលើស្បែកជាដើម។
មនុស្សភាគច្រើននឹងជាសះស្បើយនៅក្នុងរយៈពេលមួយទៅពីរសប្ដាហ៍។ ដោយសារតែគ្មានវិធីព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺគ្រុនឈាម អង្គការ WHO និយាយថា ការរកឃើញជំងឺនេះបានឆាប់រហ័សនៅដំណាក់កាលដំបូង និងការទទួលបានការថែទាំផ្នែកវេជ្ជសាស្ត្របានត្រឹមត្រូវនោះ នឹងជួយឲ្យការវិវត្តនៃជំងឺនេះទៅរកភាពធ្ងន់ធ្ងរ ឬការស្លាប់មានកម្រិតទាប។
នៅក្នុងឆ្នាំនេះអង្គការ WHO និយាយថា ជំងឺគ្រុនឈាម ៨០ភាគរយ ឬ ប្រមាណ ៤លាន ១សែនករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសនៅទ្វីបអាហ្វ្រិក បន្ទាប់មកនៅតំបន់អាស៊ីអាគ្នេយ៍ និង តំបន់ប៉ាស៊ីហ្វិកខាងលិច។ អ្នកស្រី Rojas Alvarez បានកត់សម្គាល់ថា ចំនួនសត្វមូសបានប្រែប្រួលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែកត្តាបរិស្ថាន បម្រែបម្រួលអាកាសធាតុ ហើយនៅឆ្នាំ ២០២៣នេះ មានបាតុភូតអែលនីញ៉ូ (El Nino) បានកើតឡើង។
អ្នកស្រីថ្លែងបន្តទៀតថា៖ «ការនេះបានបណ្ដាលឲ្យមានការរកឃើញករណីឆ្លងជំងឺគ្រុនឈាមកាន់តែច្រើនឡើង នៅក្នុងប្រទេសដែលពីមុនមិនធ្លាប់មានជំងឺគ្រុនឈាម ដូចជាប្រទេសបារាំង អ៊ីតាលី និង អេស្ប៉ាញ»។ អ្នកស្រីបន្តទៀតថា ការចម្លងមេរោគដែលបង្កជំងឺនេះតាមរយៈការធ្វើដំណើរក៏កំពុងតែបង្កហានិភ័យខ្ពស់ ទៅដល់ប្រជាជនដែលមិនធ្លាប់មានជំងឺនេះពីមុនមកផងដែរ។
អ្នកស្រីនិយាយថា៖ «អ្នកដែលនាំមេរោគនេះទៅកន្លែងផ្សេងៗគឺមនុស្ស ពីព្រោះសត្វមូសមិនអាចហើរលើសពី ២០០ម៉ែត្រ នៅជុំវិញផ្ទះ ឬឆ្ងាយពីកន្លែងដែលវាញាស់កូននោះទេ»។
អ្នកស្រីថ្លែងថា៖ «វាក៏ជាក្ដីបារម្ភផងដែរ ដែលការផ្ទុះឡើងនៃជំងឺគ្រុនឈាមកំពុងកើតឡើងនៅក្នុងប្រទេសដែលងាយបែកបាក់ និងមានជម្លោះនៅតំបន់មេឌីទែរ៉ាណេខាងកើត ដូចជាអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ស៊ូដង់ សូម៉ាលី និងប្រទេសយេម៉ែន។ ប្រទេសទាំងនេះកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺមួយចំនួនក្នុងពេលតែមួយ ការបម្លាស់ទីរបស់ប្រជាជនក្នុងទ្រង់ទ្រាយធំ ហេដ្ឋារចនាសម្ព័ន្ធទឹកនិងអនាម័យខ្សោយ និងការរងគ្រោះធម្មជាតិជាច្រើនលើកច្រើនសា»។
អង្គការ WHO បានអះអាងថា ទ្វីបអាហ្វ្រិកគឺជាទ្វីបមួយក្នុងចំណោមតំបន់ទាំងបួន ដែលរងគ្រោះខ្លាំងបំផុតពីជំងឺឆ្លងបង្កដោយមេរោគនានា រួមមានជំងឺគ្រុនលឿង គ្រុនឈាម គ្រុន Rift Valley និងជំងឺហ្សីកា។ នៅក្នុងឆ្នាំ ២០២៣ នេះ មានករណីជំងឺគ្រុនឈាមជិត ១សែន ៧ម៉ឺន ២ពាន់ករណី និងមានមនុស្សស្លាប់ចំនួន ៧៥៣នាក់ ត្រូវបានរាយការណ៍នៅទ្វីបអាហ្វ្រិក ដែលទ្វីបនេះត្រូវបានគេរកឃើញថា មានភ័ស្តុតាងបង្ហាញពីការរាលដាលនៃជំងឺគ្រុនឈាម នៅក្នុងចំណោមប្រជាជនមូលដ្ឋាន ហើយជំងឺនេះក៏ត្រូវបានរកឃើញនៅលើអ្នកដំណើរមួយចំនួន ដែលបានត្រឡប់មកពីប្រទេសចំនួន ៣០ នៅទ្វីបអាហ្វ្រិក។
អ្នកស្រី Rojas Alvarez បានឲ្យដឹងថា មានប្រទេសចំនួន ១៥ នៅទ្វីបអាហ្វ្រិកដែលត្រូវបានរាយការណ៍ថា មានការផ្ទុះឡើងជំងឺគ្រុនឈាម រួមមានប្រទេសបេណាំង ឆាត អេត្យូពី និងប្រទេសហ្គាណា ប៉ុន្តែប្រទេសដែលមានការផ្ទុះឡើងខ្លាំងជាងគេ គឺប្រទេសបួគីណាហ្វាសូ ដែលមកទល់នឹងពេលនេះ មានករណីគ្រុនឈាមជិត ១សែន ៥ម៉ឺនករណីហើយ។
ទោះបីជាទ្វីបអាហ្វ្រិកធ្លាប់មានបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្វមូសដែលចម្លងជំងឺគ្រុនចាញ់ក៏ដោយ ក៏អ្នកស្រីនិយាយថា សត្វមូសដែលចម្លងជំងឺគ្រុនឈាមមានលក្ខណៈផ្សេងពីនោះ។ ដូច្នេះវិធីសាស្ត្រមួយចំនួនដែលប្រើដើម្បីគ្រប់គ្រងការរាលដាលនៃជំងឺគ្រុនចាញ់ មិនមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺគ្រុនឈាមនេះទេ»។
មន្ត្រីអង្គការ WHO រូបនេះបញ្ជាក់ថា កំណើនភ្លៀងធ្លាក់ច្រើន និងសំណើមបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ បានផ្តល់អំណោយផលកាន់តែល្អដល់សត្វមូសក្នុងការចម្លង បង្កើតកូន និងរាលដាល។
អ្នកស្រីថ្លែងថា៖ «អំណោយផលនេះ បានធ្វើឲ្យសត្វមូសកើតមានឡើងនៅក្នុងប្រទេសមួយចំនួន ដែលពីមុនគ្មានវត្តមានវាទេ ដូចជានៅក្នុងទ្វីបអឺរ៉ុប ភាគខាងត្បូងនៃទ្វីបអាមេរិកខាងជើង និងតំបន់ភាគខាងត្បូងនៃអាមេរិកឡាទីន ដូចជាប្រទេសអ៊ុយរូហ្គាយ និងរដ្ឋធានីប៊ុយណូស៊ែរនៃប្រទេសអាហ្សង់ទីនជាដើម។
នៅទ្វីបអាមេរិកខាងជើង មូសប្រភេទ Aedes Aegypti កំពុងរាតត្បាតឆ្ពោះទៅកាន់ដែនដីព័រតូរីកូ។ អ្នកស្រី Rojas Alvarez និយាយថា មូសប្រភេទនេះក៏បង្ហាញវត្តមាននៅក្នុងរដ្ឋភាគខាងត្បូងរបស់សហរដ្ឋអាមេរិកផងដែរ ដូចជា រដ្ឋតិចសាស់ និងហ្វ្លរីដា។
អ្នកស្រីបន្តថា៖ «ដូច្នេះ ហានិភ័យគឺនៅត្រង់នេះ។ បញ្ហានៃមេរោគនេះគឺថា ការឆ្លងភាគច្រើនគឺការការឆ្លងដែលគ្មានរោគសញ្ញា។ ដោយសារតែបញ្ហានេះហើយ វាអាចមានការចម្លងក្នុងរយៈពេលជាច្រើនសប្ដាហ៍មុនពេលដែលយើងឃើញករណីទីមួយកើតឡើង»។
អ្នកស្រីបន្តថា វាជារឿងចាំបាច់ដែលរដ្ឋនានាត្រូវតែចាត់វិធានការកាត់បន្ថយចំនួនមូស មុនពេលជំងឺនេះរីករាលដាល់ដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងបាន និងបង្កហានិភ័យធ្ងន់ធ្ងរដល់ប្រជាជន។
អង្គការសុខភាពពិភពលោក បានណែនាំឲ្យប្រទេសនិងសហគមន៍នានាមានការប្រុងប្រយ័ត្ន និង ត្រៀមខ្លួនដើម្បីរកឲ្យឃើញការចម្លងនៃជំងឺនេះនៅក្នុងតំបន់ត្រូពិច និងនៅតំបន់អឌ្ឍគោលខាងត្បូង ដែលនៅទីនោះ រដូវក្ដៅនិងរដូវគ្រុនឈាមជិតចាប់ផ្ដើមហើយ។
ទីភ្នាក់ងារសុខាភិបាលពិភពលោកនេះក៏បានជំរុញឲ្យមនុស្សទូទៅ ធ្វើយ៉ាងណាឲ្យហានិភ័យនៃការឆ្លងជំងឺនេះនៅទាប តាមរយៈការបញ្ចៀសកុំឲ្យមូសខាំ។ អង្គការ WHO បានស្នើឲ្យប្រើសារធាតុបណ្ដេញមូស និងការពារកុំឲ្យមូសខាំនៅពេលថ្ងៃ ជាពិសេសពីរម៉ោងក្រោយថ្ងៃរះ និងមុនពេលថ្ងៃលិច ដែលជាពេលដែលមូសមានសកម្មភាពខ្លាំងបំផុត៕