ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទំាងក្រុមហ៊ុនទូរគមនាគមន៍ MPT របស់រដ្ឋផងនោះ បានបិទមិនឲ្យពលរដ្ឋនៅក្នុងប្រទេសប្រើប្រាស់ហ្វេសប៊ុកនិងបណ្ដាញសង្គមមួយចំនួនទៀតរបស់ក្រុមហ៊ុនហ្វេសប៊ុកនេះទេ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយពេលមេដឹកនាំយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាច។
លិខិតមួយច្បាប់ដែលត្រូវបានបង្ហោះដោយក្រសួងទំនាក់ទំនង និងព័ត៌មាន បានឲ្យដឹងថា ហ្វេសប៊ុក នឹងត្រូវបានបិទរហូតដល់ថ្ងៃទី៧ ខែកុម្ភ: ដើម្បី «ស្ថិរភាព»។
អ្នកប្រើប្រាស់មួយចំនួននៅក្នុងប្រទេសមីយ៉ាន់បានរាយការណ៍ថា ពួកគេមិនអាចប្រើប្រាស់ហ្វេសប៊ុក និងបណ្ដាញសង្គមមួយចំនួនទៀតរបស់ក្រុមហ៊ុនហ្វេសប៊ុកបានទេ។
ក្រុមអ្នកឃ្លាំមើល NetBlocks បានបញ្ជាក់ថាក្រុមហ៊ុនទូរគមនាគមន៍របស់រដ្ឋ MPT ដែលបានឲ្យដឹងថាខ្លួនមានអ្នកប្រើប្រាស់ជាង ២៣ លាននាក់ បានបិទទំាងហ្វេសប៊ុក កម្មវិធី Messenger កម្មវិធី Instagram និងកម្មវិធី Whatsapp ផងដែរ។ ក្រុមហ៊ុន Telenor Asa របស់ប្រទេសន័រវែសបានឲ្យដឹងថា ខ្លួនបានបិទតែហ្វេសប៊ុកប៉ុណ្ណោះ ដើម្បីអនុវត្តតាមបទបញ្ជា។
លោក Andy Stone អ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វេសប៊ុក បានទទួលស្គាល់ថា ការបិទនេះពិតជាមានមែន។
លោកបាននិយាយថា៖ «យើងជំរុញឲ្យអាជ្ញាធរបើកការទំនាក់ទំនងនេះឡើងវិញ ដើម្បីឲ្យប្រជាជនមីយ៉ាន់ម៉ា អាចទាក់ទងទៅកាន់គ្រួសារ មិត្តភក្តិ និងបើកមើលព័ត៌មានសំខាន់ៗបាន»។
ពាក់កណ្ដាលនៃចំនួនប្រជាជនមីយ៉ាន់ម៉ាសរុប ៥៣ លាននាក់ប្រើប្រាស់ហ្វេសប៊ុក។
លិខិតរបស់ក្រសួងទំនាក់ទំនង និងព័ត៌មានមីយ៉ាន់ម៉ា បានឲ្យដឹងថា៖ «ឥឡូវនេះ ពលរដ្ឋដែលបង្កបញ្ហាដល់ស្ថិរភាពប្រទស...កំពុងតែចែកចាយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដែលបង្កឲ្យមានការយល់ច្រឡំក្នុងហ្វូងមហាជន តាមរយ:ការប្រើប្រាស់ហ្វេសប៊ុក»។
កាលពីថ្ងៃអង្គារ យោធាបានព្រមានប្រឆាំងនឹងការបង្ហោះអ្វី ដែលពួកគេនិយាយថាជាពាក្យចចាមអារាមនៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលអាចញុះញង់ឲ្យមានកុបកម្ម និងបង្កឲ្យមានអស្ថិរភាព៕