អាជ្ញាធរនៅប្រទេសសៀរ៉ាឡែអូន (Sierra Leone) បានកម្ទេចផ្នែកមួយភាគធំមួយនៃរដ្ឋធានីចោល ដោយបានបន្សល់ទុកឲ្យមនុស្សជាច្រើនគ្មានទីជម្រក។ មន្រ្តីរដ្ឋាភិបាលនិយាយថា ពួកគេបានជូនដំណឹងដល់ប្រជាពលរដ្ឋអស់រយៈពេលជាច្រើនឆ្នាំអំពីគម្រោងនេះ ហើយថា ប្រជាពលរដ្ឋទាំងនោះរស់នៅតំបន់នោះដោយខុសច្បាប់។ ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្សបានបង្ហាញការព្រួយបារម្ភ។ ពួកគេនិយាយថា ការវាយកម្ទេចនេះបានធ្វើជនដែលងាយរងគ្រោះបំផុតរងការប្រឈមកាន់តែខ្លាំងខណៈពេលមានវិបត្តិជំងឺអេបូឡា (Ebola)។ នាងNina DeVries រាយការណ៍ពីរដ្ឋធានី Freetown ហើយនាងលី ម៉ូរីវ៉ាន់ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖
នាង Juliana Sesay ជាពលរដ្ឋមួយរូបដែលរងការប៉ះពាល់ដោយការកម្ទេចតំបន់ស្នាក់អាស្រ័យនៅទីក្រុងនេះ។ នាងមានអាយុ២៣ឆ្នាំ និងជាអ្នកធ្លាប់រងគ្រោះដោយជំងឺអេបូឡា។ នាងធ្លាប់រស់ នៅក្នុងតំបន់មួយហៅថា ភូមិ Tambakula ដែលមានមនុស្សរស់នៅប្រមាណចំនួន៥០០នាក់។ តំបន់នេះជា កន្លែងចំណតទូកអ្នកនេសាទមួយកន្លែងដែលមានហាងមួយចំនួននៅទីនោះ ដែលមនុស្សមួយចំនួនដូចនាង Sesay បានយកជាជម្រក។
តំបន់នេះទាំងមូលត្រូវបានបំផ្លាញកាលពីរបីសប្ដាហ៍មុន ហើយឥឡូវនាងកំពុងតែស្នាក់នៅជាមួយមិត្តភក្តិម្នាក់ និងដេកនៅក្នុងបន្ទប់មួយជាមួយមនុស្សបីនាក់ផ្សេងទៀត ក្មេងតូចពីរនាក់ និងទារកពីរនាក់។
នេះមិនមែនជារបៀបដែលនាងមើលឃើញជីវិតនាងបន្ទាប់ពីជាសះស្បើយពីជំងឺដែលបានសម្លាប់មនុស្សជាង១១.០០០នាក់នៅក្នុងទ្វីបអាហ្រិកខាងលិចនោះទេ។
នាង Sesay និយាយថា «ខ្ញុំភ័យខ្លាច។ បន្ទាប់ពីពួកគេបំផ្លាញទីកន្លែងដែលខ្ញុំនិយាយខាងលើ ខ្ញុំចង់សម្លាប់ខ្លួនឯង ដោយសារតែខ្ញុំមិនដឹងថា ចាប់ផ្តើមពីកន្លែងណាទៀតនោះទេ»។
នាង Sesay និយាយថា គ្មានអ្នកណាម្នាក់មកជួយ ឬផ្ដល់សំណងខូចខាតចំពោះការវាយកម្ទេចផ្ទះរបស់នាងទេ។ នាងបារម្ភថាតើនាងនឹងរស់នៅបានដូចម្ដេច។
ក្រៅពីសហគមន៍មួយចំនួនត្រូវបានបំផ្លាញរួចមក ផ្នែកទាំងមូលតាមបណ្តោយផ្លូវឆ្នេរដ៏សំខាន់មួយនៅក្នុងរដ្ឋធានីហ្រ្វ៊ីថោន (Freetown) ទីដែលកាលពីមុនធ្លាប់មានភោជនីយដ្ឋាន និងរង្គសាលជាច្រើនត្រូវបានវាយកម្ទេចផងដែរ។
មន្រ្តីរដ្ឋាភិបាលនិយាយថា ពួកគេត្រូវការសម្អាតតំបន់នេះឲ្យស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនជាងមុន។
លោក Agibu Jalloh អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលបានឲ្យដឹងថា ការវាយកម្ទេចនេះត្រូវបានគ្រោងទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក Agibu Jalloh និយាយថា «កាលពីបីឆ្នាំមុន មានកិច្ចប្រជុំជាច្រើនដែលក្រុមការងាររដ្ឋាភិបាលបានប្រាប់អភិបាលស្រុកនៅជុំវិញតំបន់នេះថា ពលរដ្ឋទាំងនេះមិនមានសិទ្ធិរស់នៅក្នុងតំបន់នេះទេ»។
ក្រុមអង្គការសិទ្ធិមនុស្សបានលើកឡើងពីការព្រួយបារម្ភពីរបៀបដែលរដ្ឋាភិបាលកំពុងដោះស្រាយស្ថានការណ៍នេះ។
លោក Solomon Sogbandi នាយកអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅប្រទេសសៀរ៉ាឡែអូននិយាយថា «រដ្ឋាភិបាលមានបំណងល្អ ប៉ុន្តែហេតុអ្វីបានជាមិនជ្រើសយកដំណោះស្រាយសាងសង់លំនៅឋានថ្មីសម្រាប់ពលរដ្ឋទាំងនេះ? ផ្លាស់ប្តូរទីលំនៅថ្មីទៅកន្លែងណាមួយ។ ប្រសិនបើអ្នកគ្រាន់តែបណ្ដេញពួកគេដោយបង្ខិតបង្ខំ វាអាចជាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សផ្សេងទៀត»។
ការបណ្តេញបែបនេះក៏ជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាព។ លោក Sogbandi និយាយថា វាស្ថិតនៅក្នុងរដូវភ្លៀងនៅឡើយ ហើយរឿងនេះអាចធ្វើឲ្យពលរដ្ឋងាយរងគ្រោះពីជំងឺដូចជាជំងឺគ្រុនចាញ់ ប្រសិនបើពួកគេមិនមានជម្រកត្រឹមត្រូវ។
លោក Jalloh និយាយថា ពលរដ្ឋទាំងនោះត្រូវបានគេផ្ដល់ឲ្យកន្លែងផ្សេងទៀតកាលពីពីរឆ្នាំមុន។ លោកបានឲ្យដឹងថា ពលរដ្ឋមួយចំនួនបានចាកចេញទៅ ប៉ុន្តែបន្ទាប់មក ពួកគេបានត្រឡប់មកវិញ។
ប៉ុន្តែពលរដ្ឋដែលធ្លាប់នៅតំបន់នោះនិយាយថា ពួកគេមិនបានទទួលជំនួយអ្វីណាមួយឡើយ៕
ប្រែសម្រួលដោយ ឡេង ឡែន