ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រជាធិបតេយ្យ​អាមេរិក ត្រួតត្រា​ព្រឹទ្ធសភា​នៅពេល​សមាជិក​ថ្មី​៣នាក់​ស្បថ​ចូល​កាន់តំណែង


អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris បាន​ដឹកនាំ​ការស្បថ​ចូល​កាន់​តំណែង​របស់​សមាជិក​ព្រឹទ្ធសភា​៣រូប គឺ​លោក Raphael Warnock លោក Alex Padilla និង​លោក Jon Ossoff នៅ​វិមាន​សភា​កាពីតូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris បាន​ដឹកនាំ​ការស្បថ​ចូល​កាន់​តំណែង​របស់​សមាជិក​ព្រឹទ្ធសភា​៣រូប គឺ​លោក Raphael Warnock លោក Alex Padilla និង​លោក Jon Ossoff នៅ​វិមាន​សភា​កាពីតូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក បាន​ចាប់ផ្តើមត្រួតត្រា​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ពុធ ​នៅ​ពេល​ដែល​អ្នកស្រី​អនុប្រធានាធិបតី Kamala Harris បានដឹកនាំ​ការ​ស្បថ​ចូល​កាន់​តំណែង​របស់សមាជិក​ព្រឹទ្ធសភា៣​រូប ​ដែល​នេះធ្វើ​ឲ្យ​គណបក្ស​នេះ​ត្រួតត្រា​សភា​ទាំង​២ ព្រម​ទាំងសេតវិមាន​ជា​លើក​ទី១​ ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Raphael Warnock និង​លោក Jon Ossoff ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Georgia និង​លោក Alex Padilla នៃ​រដ្ឋ California បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ព្រឹទ្ធសភា​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​ប្រធានាធិបតី Joe Biden បាន​ស្បថ​ចូល​កាន់​តំណែង។

លោក Warnock និង​លោក Ossoff បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​ផ្តាច់ព្រ័ត្រកាល​ពី​ថ្ងៃ​ទី៥ ខែ​មករា​ ដែលនេះ​ បាន​បែងចែក​អាសនៈ​ព្រឹទ្ធសភា​ឱ្យស្មើ​គ្នា៥០ ​ទល់​នឹង៥០​ ដោយ​អ្នកស្រី​អនុប្រធានាធិបតី Harris ខាង​បក្ស​ប្រជាធិបតេយ្យ​មាន​មួយ​សំឡេង​សំខាន់​ដែលអាច​សម្រេច​សេចក្តីបាន​ ក្នុង​ករណី​ដែល​លទ្ធផលបោះឆ្នោត​ស្មើ​គ្នា​រវាងបក្ស​ទាំង​ពីរ។

ចំណែក​លោក Padilla ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ដើម​កំណើត​ឡាទីន​លើក​ដំបូង​ពី​រដ្ឋ ​California បាន​ត្រូវ​ជ្រើសតាំង​ដើម្បី​បំពេញ​អាសនៈ​ព្រឹទ្ធសភា​របស់​អ្នកស្រី Harris បន្ទាប់​ពី​អ្នកស្រី​បាន​លា​ចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ចន្ទ​ ដើម្បី​ស្បថ​ចូលកាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​កាលពី​ថ្ងៃ​ពុធ។

សមាជិក​ព្រឹទ្ធសភា​ថ្មី​ទាំង​បី​រូប នឹង​ផ្តល់​ឱ្យ​លោក​ប្រធានាធិបតី Joe Biden នូវ​សំឡេង​គ្រប់គ្រាន់​ដើម្បី​សម្រេចតាម​គោលនយោបាយមួយ​ចំនួន​ដែល​មាន​ក្នុង​រៀបវារៈ​របស់​លោក។

ការ​ផ្លាស់ប្តូរ​សមាសភាព​ព្រឹទ្ធសភា​នេះ ក៏​បាន​ធ្វើ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាធិបតេយ្យលោក Chuck Schumer ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​មេដឹកនាំ​សំឡេង​ភាគ​ច្រើន ខណៈ​ដែល​អតីត​ប្រធាន​ព្រឹទ្ធសភា​លោក Mitch McConnell ក្លាយ​ជា​មេដឹកនាំ​សំឡេង​ភាគ​តិច​នៃ​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG