បេក្ខជនសមាជិកព្រឹទ្ធសភាពីររូបមកពីគណបក្សប្រជាធិបតេយ្យនិងពីររូបមកពីគណបក្សសាធារណរដ្ឋកំពុងប្រជែងគ្នាផ្តាច់ព្រ័ត្រនៅរដ្ឋចរចា (Georgia) នៅក្នុងការបោះឆ្នោតនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដើម្បីគ្រប់គ្រងព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលជាស្ថាប័ននីតិប្បញ្ញត្តិដ៏សំខាន់។
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន នឹងតៀមចេញទៅបោះឆ្នោត ហើយខ្លះបោះឆ្នោតមុនកាលកំណត់ដែលជាការអនុញាតឲ្យធ្វើនៅពេលដែលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលយ៉ាងខ្លាំង។
លោក ពេត្រូស ញ៉ឹប ជាគ្រូគង្វាលព្រះវិហារ Baptist Church មួយកន្លែងក្នុងទីក្រុងអាត្លង់តា (Atlanta) រដ្ឋ Georgia មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយបានមករស់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៨២។
លោកបានថ្លែងថា ការបោះឆ្នោតព្រឹទ្ធសភាគឺជាការបោះឆ្នោតសំខាន់ ទោះជាលោកត្រូវបោះឆ្នោតម្តងទៀត ក្រោយពីបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្តី។ លោកថា ពលរដ្ឋត្រូវជ្រើសរើសអ្នកតំណាងនិងជាដឹកនាំល្អ ក្រៅពីលោកបញ្ជាក់ពីការគាំទ្រដល់សំឡេងចម្រុះគណបក្សក្នុងព្រឹទ្ធសភាដែលលោកថា អាចនឹងផ្តល់ការផ្ទៀងផ្ទាត់និងត្រួតពិនិត្យកិច្ចការរដ្ឋាភិបាល ឬភាគីម្ខាងទៀត ដើម្បីកុំឲ្យសម្រេចកិច្ចការម្នាក់ឯង។
«ខ្ញុំចង់ឲ្យស្រុកយើង មានដូចកាលមុនពីមុនទៅ វាមានទាំងសងខាងហ្នឹង វា Balance (មានតុល្យភាពអំណាច) វាស្រួល» ។
លោកថា លោកបានទៅបោះឆ្នោតមុនកាលកំណត់កាលពីសប្តាហ៍មុន សម្រាប់ជ្រើសរើសសមាជិកព្រឹទ្ធសភា ក្រោយពីការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកថា ការបោះឆ្នោតលើកនេះមានលក្ខណ:ប្រទាញប្រទង់គ្នាខ្លាំង ដោយសារភាគីប្រជែងទាំងពីរប្រជែងគ្នាជ្រុល ហើយការបោះឆ្នោតទៀតសោតមិនប្រព្រឹត្តទៅដោយរលូន។
«វាដូចជាស្មុគស្មាញ វាមិនសូវល្អដូចជាឆ្នាំធម្មតាពីមុនៗមកលើកនេះ ដូចជាមួយចំហៀងៗម្នាក់ៗ ដូចជាចង់យកតែឈ្នះរៀងខ្លួន»។
លោកចង់ឃើញសហរដ្ឋអាមរិកវិលទៅរកប្រក្រតីភាពដូចពីមុនវិញ ដែលមិនសូវមានចលាចលនយោបាយនិងមានស្ថិរភាព។
មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយមករស់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៨០ លោក ស៊ីថា ច័ន្ទ ខ្មែរអាមេរិកាំងក្នុងទីក្រុង Atlanta ដែលធ្វើការផ្នែកវិស្វករសំណង់អគារ បានអះអាងថា លោកគ្រោងនឹងចេញទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃទី៥ស្អែកនេះ ព្រោះនេះជាកាតព្វកិច្ចពលរដ្ឋតាមច្បាប់ និងជារឿងសំខាន់ក្នុងប្រព័ន្ធផ្ទៀងផ្ទាត់អំណាចហៅថា checks and balances ។
«បាទលើកទី២ រឿងរើស Senator វាជារឿងចាំបាច់ ដើម្បីឲ្យមានសំឡេងខាងស្តាំខ្លះនៅក្នុងរដ្ឋសភា ពីព្រោះអីត្រូវការសំឡេងពីខាងគណបក្សសាធារណរដ្ឋ Republican ដើម្បីឲ្យមាន check and balance ហ្នឹង តាមដែលខ្ញុំយល់ទេ»។
លោកបានលើកឡើងថា ការមានប្រព័ន្ធផ្ទៀងផ្ទាត់អំណាចក្នុងការសម្រេចអ្វីមួយកិច្ចការធំដំណាមួយសម្រាប់ប្រទេសគឺត្រូវការសំឡេងទាំងសងខាង ដើម្បីជួយថ្លឹងថ្លែងច្បាស់លាស់។ លោកថ្លែងយ៉ាងដូច្នេះ ដោយកំពុងដាក់ក្តីបារម្ភថា គណបក្សប្រជាធិបតេយ្យនឹងមានជំហរខ្សោយទៅលើសង្គ្រាមអ្វីមួយ ប្រសិនជាកើតឡើងវិស័យការពារប្រទេស និងជំហរថ្នាក់ថ្នមជាមួយចិនខ្លាំងពេក រឿងបញ្ហាសេដ្ឋកិច្ចជាដើមនោះ។
«តែខ្ញុំចង់និយាយថា ជំហររបស់គណបក្សសាធារណរដ្ឋ តាមដែលយើងខ្ញុំមើលពីចម្ងាយ អត់យល់ពីខាងក្នុង ថាមានភាពខ្លាំងជាងទៅខាងការពារប្រទេសរបស់ខ្លួន»។
ការបោះឆ្នោតមុនកំណត់កំពុងតែប្រព្រឹត្តទៅនៅក្នុងរដ្ឋ Georgia ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក សម្រាប់អាសនៈពីរនៅក្នុងព្រឹទ្ធសភា ដោយសារតែគ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងឆ្នោតភាគច្រើន នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។ លទ្ធផលនៃការបោះឆ្នោតផ្តាច់ព្រ័ត្រនៅថ្ងៃទី៥ ខែមករានេះ នឹងសម្រេចពីតុល្យភាពអំណាចក្នុងសភាអាមេរិក។
លោកប្រធានាធិបតី Donald Trump បានប្រាប់ក្រុមអ្នកគាំទ្រថ្មីៗនេះនៅរដ្ឋ Georgia ថា៖ «អ្នកបោះឆ្នោតនៅរដ្ឋ Georgia នឹងកំណត់ថាតើគណបក្សនយោបាយណាមួយ នឹងដឹកនាំរាល់គណៈកម្មាធិការតាក់តែងច្បាប់ និងត្រួតត្រារាល់ប្រាក់ដុល្លារដែលពលរដ្ឋអាមេរិកបានបង់ពន្ធជូនរដ្ឋ»។
លោក Trump បានថ្លែងយ៉ាងដូច្នេះ ខណៈដែលលោកបានជំរុញឲ្យមានការគាំទ្រសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបច្ចុប្បន្នគឺអ្នកស្រី Kelly Loeffler និងលោក David Perdue។
តែប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ដែលឈ្នះនាំមុខសំឡេងឆ្នោត មិនដល់១ភាគរយ ក្នុងរដ្ឋចរចា ពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះ បានឃោសនាឲ្យបេក្ខជនសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យគឺលោក Raphael Warnock និងលោក Jon Ossoff។
លោកបានប្រាប់ក្រុមអ្នកគាំទ្រ កាលពីថ្ងៃទី១៥ ខែធ្នូ ថា៖ «បោះឆ្នោតឲ្យបេក្ខជនទាំងពីរហើយយើងនឹងគ្រប់គ្រងព្រឹទ្ធសភា និងផ្លាស់ប្ដូរជីវិតរបស់ពលរដ្ឋ Georgia»។
នៅក្នុងការបោះឆ្នោតព្រឹទ្ធសភាផ្តាច់ព្រ័ត្រនៅរដ្ឋ Georgia នេះ ប្រសិនបើបេក្ខជនគណបក្សប្រជាធិបតេយ្យទាំងពីរនាក់ឈ្នះ នោះគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ នឹងមានអាសនៈ ៥០ ស្មើគ្នា» ដូច្នេះអ្នកដែលអាចបោះឆ្នោត ដើម្បីបំបែកភាពជាប់គាំងបានគឺលោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីជាប់ឆ្នោតខាងគណបក្សប្រជាធិបតេយ្យ ដែលនឹងដឹកនាំព្រឹទ្ធសភា។
គណបក្សប្រជាធិបតេយ្យចាំបាច់ត្រូវឈ្នះអាសនៈទាំងពីរ ដើម្បីគ្រប់គ្រងព្រឹទ្ធសភា រីឯគណបក្សសាធារណរដ្ឋត្រូវការឈ្នះតែមួយអាសនៈប៉ុណ្ណោះ។
មិនមែនពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់ចេញទៅបោះឆ្នោតបានទេ នៅរដ្ឋចរចា។ ពលរដ្ឋខ្លះមានហេតុផលរៀងខ្លួន ទាក់ទងនឹងបញ្ហាលំបាកភាសាអង់គ្លេស និងអ្នកខ្លះមិនទាន់សម្រេចចិត្តចូលរួមក្នុងការបោះឆ្នោត ដែលជាកាតព្វកិច្ចតាមច្បាប់។
លោក សន ក្លូត (Sorn Clot) ជាគ្រូគង្វាលព្រះវិហារគ្រិស្ត Baptist Church មានស្រុកំណើតនៅខេត្តកំពង់ស្ពឺ ហើយមករស់នៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៨៣។ លោកជាពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងសង្កាត់មួយក្នុងទីក្រុង Atlanta បច្ចុប្បន្ននេះ។
លោកបានថ្លែងតាមត្រង់ថា លោកមិនធ្លាប់ទៅបោះឆ្នោតទេ ដោយសារតែលោកមិនចេះភាសាអង់គ្លេស ដល់កម្រិតយល់ដឹងបានពីប្រព័ន្ធបោះឆ្នោត។ តែលោកចង់ទៅបោះឆ្នោតរើសប្រធានាធិបតីនិងរើសសភាជាដើម តែលោកថាឧបសគ្គសម្រាប់លោក គឺភាសាអង់គ្លេស។
«ក៏ប៉ុន្តែដោយសារខ្ញុំវាអត់ចេះ ហ្នឹងបានជាខ្ញុំអត់ទៅបោះឆ្នោតបាននឹងគេទី១ អត់ដឹងថា គេធ្វើអី ក្រដាស់ស្នាមយ៉ាងម៉េច គេចុចរបៀបម៉េចនោះ»។
លោកបានបង្ហាញការយល់ដឹងពីសារ:សំខាន់នៃការបោះឆ្នោត ដែលលោកថា ការបោះឆ្នោតរើសអ្នកដឹកនាំជារឿងសំខាន់ ដែលផ្តល់ភាពសុខសាន្តដល់ពលរដ្ឋ និងជួយពលរដ្ឋលើបញ្ហាជាច្រើនទៀតតែលោកមិនចង់ទៅបោះឆ្នោត ទាំងការមិនយល់និងមិនដឹងនោះឡើយ។
ទោះជាយ៉ាងណា លោកបានគាំទ្រភាពចម្រុះគណបក្សក្នុងព្រឹទ្ធសភាថា ជារឿងសំខាន់ដែលលោកមិនចង់ឲ្យគណបក្សណាមួយកាន់កាប់អំណាចផ្តាច់មុខ ដោយប្រៀបធៀបទៅនឹងការដឹកនាំក្នុងព្រះវិហារ។
«ទាល់តែយើងមានអ្នកជំនួយការឲ្យគំនិតគ្នាទៅវិញទៅមក អាហ្នឹងបានល្អ។ ឧទាហរណ៍នៅក្នុងក្រុមជំនុំក៏ដោយ បើថាយើងគ្រូគង្វាល Pastor បើយើងយកតែគំនិតម្នាក់ឯង អត់យកគំនិតក្រុមជំនុំជាជំនួយអត់បានទេ នេះតាមគំនិតខ្ញុំយល់ឃើញអីចឹងណា»។
នៅពេលសួរពីកម្មវិធីបោះឆ្នោតសម្រាប់មនុស្សចាស់និងអ្នកមិនសូវចេះភាសាអង់គ្លេស ឬអ្នកមិនចេះភាសាអង់គ្លេស ដូចជាកម្មវិធីនៅរដ្ឋខ្លះ ដែលមានសរសេរអក្សរខ្មែរផងនោះ លោកថា នៅរដ្ឋរបស់លោកមិនមានកម្មវិធីដូច្នោះទេ។
លោក កែវ សម្បត្តិ អាយុ៦៨ ឆ្នាំ មានស្រុកកំណើតនៅស្រុកគិរីវង់ ខេត្តតាកែវ បានមករស់រស់នៅក្នុងសង្កាត់មួយនៃទីក្រុង Atlanta តាំងពីឆ្នាំ១៩៨១ បានថ្លែងថា លោកមិនដែលទៅបោះឆ្នោតដែរ ដោយប្រកាន់ទស្សនៈថា លោកចង់នៅជាអព្យាក្រិត មិនចង់ប្រកាន់និន្នាការនយោបាយ។
«ធម្មតាយើងចូលសញ្ជាតិអាមេរិកាំង យើងត្រូវទៅបោះឆ្នោតហើយធម្មតានោះ ខ្ញុំនឹកអីចឹងណាស់តែឥឡូវខ្ញុំមិនទាន់សម្រេចនៅឡើយទេ»។
ទោះជាយ៉ាងណាលោកចង់បានអ្នកដឹកនាំមានសីលធម៌ល្អ មិនប្រកាន់ពូជសាសន៍។
ក៏ប៉ុន្តែសម្រាប់លោក គីម សាង ជាពលរដ្ឋខ្មែរអាមេរិកាំងមានដើមកំណើតនៅរាជធានីភ្នំពេញ និង មានឪពុកម្តាយជាខ្មែរក្រោម បានមករស់នៅក្នុងសង្កាត់មួយនៃទីក្រុង Atlanta កាលពីឆ្នាំ១៩៨៥ បានថ្លែងថា លោកនឹងចេញទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមករា ដើម្បីជ្រើសរើសព្រឹទ្ធសភាដែលកំពុងមានការប្រជែងគ្នាយកប្រៀបគ្រប់គ្រងព្រឹទ្ធសភា។
«ខ្ញុំយល់ថា រឿងហ្នឹងវាសំខាន់ណាស់ តែវាអាស្រ័យទៅលើព្រឹទ្ធសភាមកពីយ៉ាងម៉េចមកពីយើងមិនដឹងច្បាស់ថា តើយើងបោះឆ្នោតហ្នឹងហើយព្រឹទ្ធសភាដែលគេបង្គ្រប់កិច្ចហ្នឹងវាទៅតាមភាពសេរី ឬក៏វាមានការលម្អៀង ទៅតាមនិន្នាការណាមួយយើងក៏មិនអាចដឹងច្បាស់»។
លោកថ្លែងយ៉ាងដូច្នេះដោយមិនដឹងច្បាស់ថា តើការបោះឆ្នោតនេះអាចនឹងប្រព្រឹត្តទៅត្រឹមត្រូវតាមច្បាប់ ឬយ៉ាងណានោះទេ ដោយសារលោកបានឃើញមានព័ត៌មានស្តីពីការបន្លំសន្លឹកឆ្នោត នៅតាមរដ្ឋខ្លះ នៅពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយសមាជិកព្រឹទ្ធសភាយ៉ាងតិច ១១ រូបនៃគណបក្សសាធារណរដ្ឋ ដឹកនាំដោយលោក Ted Cruz មកពីរដ្ឋតិចសាស់ (Texas) បានគាំទ្រកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការប្រឆាំងនឹងឆន្ទៈរបស់អ្នកបោះឆ្នោត។
ការណ៍នេះកើតឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភារដ្ឋ Missouri គឺលោក Josh Hawley និយាយដំបូងគេថា លោកនឹងចូលរួមជាមួយសមាជិកសភាព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋផ្សេងទៀត ដើម្បីជំទាស់ការរាប់សន្លឹកឆ្នោតរបស់រដ្ឋនីមួយៗ នៅពេលដែលសម័យប្រជុំរួមគ្នារបស់សភាទាំងពីរថ្នាក់ ធ្វើឡើងនៅថ្ងៃទី៦ ខែមករាខាងមុខ ដែលជាកម្មវិធីចុងក្រោយមួយ មុនប្រធានាធិបតីជាប់ឆ្នោតត្រូវចូលកាន់មុខតំណែងតាមច្បាប់រដ្ឋធម្មនុញ្ញ។
ក៏ប៉ុន្តែគេមិនរំពឹងថា ការជំទាស់នឹងការរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតនេះ នឹងនាំឲ្យផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតដែលលោក Joe Biden បានឈ្នះនោះទេ ពីព្រោះដើម្បីផ្លាស់ប្តូរលទ្ធផលសភាសហរដ្ឋអាមេរិកទាំងពីរ ចាំបាច់ត្រូវយល់ស្រប ហើយបច្ចុប្បន្នគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើនក្នុងរដ្ឋសភា។
ក្រុមអ្នកប្រជាធិបតេយ្យបានការពារសំឡេងឆ្នោត ហើយអះអាងថា គ្មានភស្តុតាងអំពីការបន្លំសន្លឹកឆ្នោត ដែលលេខាធិការប្រចាំរដ្ឋនីមួយៗ បានផ្តល់ការបញ្ជាក់ពីលទ្ធផលឆ្នោតជាផ្លូវការរួចហើយនោះទេ ហើយក្រុមអង្គប្រតិភូ ឬអង្គបោះឆ្នោត ក៏បានបោះឆ្នោតគាំទ្រលោកប្រធានាធិបតីជាប់ឆ្នោត Biden ជាផ្លូវការរួចហើយដែរ កាលពីថ្ងៃទី១៤ ខែធ្នូ ដោយរង់ចាំការធ្វើពិធីស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ តែប៉ុណ្ណោះ បន្ទាប់ពីការរាប់សន្លឹកឆ្នោតនៅសភា នាថ្ងៃទី៦ ខែមករាខាងមុខ៕