អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃទី២៣ ខែសីហាថា៖ «ជាផ្នែកមួយនៃការពិភាក្សា យើងបានព្រមព្រៀងបន្តវាយតម្លៃកម្មវិធីរបស់យើង និងប្តូរទិសដៅមូលនិធិទាំងអស់ ដែលមិនបានជួយគាំទ្រដោយផ្ទាល់ដល់គោលដៅអាទិភាពរបស់យើង»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «កិច្ចប្រឹងប្រែងនេះនឹងធានាថា កម្មវិធីផ្ដល់ជំនួយបរទេសទាំងអស់ដែលផ្តល់មូលនិធិដោយអ្នកបង់ពន្ធអាមេរិក ត្រូវតែមានប្រសិទ្ធភាព និងគាំទ្រគោលនយោបាយការបរទេសអាទិភាពរបស់យើង»។
កម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតដែលស្ថិតនៅក្រោមការវាយតម្លៃ គឺជំនួយបរទេសរបស់អាមេរិកទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ ក្វាតេម៉ាឡា និងហុងឌូរ៉ាស។ ក្រសួងការបរទេសនិយាយថា ប្រទេសទាំងនេះមិនបានចាត់វិធានការម៉ត់ចត់ដើម្បីកាត់បន្ថយចំនួនជនចំណាកស្រុកខុសច្បាប់ដែលចូលមកក្នុងសហរដ្ឋអាមេរិកនោះទេ។
លោកប្រធានាធិបតី ត្រាំ បានពិចារណាកាត់បន្ថយការចំណាយនៅក្នុងប្រទេសនានា ដោយយល់ថា វាជាចំណាយមិនចាំបាច់ និងខ្ជះខ្ជាយ ប៉ុន្តែលោកបានដកការពិចារណានេះវិញ នៅពេលតំណាងរាស្ត្រសំខាន់ៗមួយចំនួនបានប្រឆាំងនឹងផែនការនេះ។
មន្ត្រីនៃរដ្ឋបាលលោកប្រធានាធិបតី ត្រាំ បានផ្អាកការចំណាយរបស់ក្រសួងការបរទេស និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដោយពិនិត្យដិតដល់លើសំណើថវិកាដែលគេហៅថា «ការដកថវិកាមកវិញ» ដើម្បីកាត់បន្ថយទឹកប្រាក់ចំនួន ៤ពាន់បីរយលានដុល្លារ ពីខ្ទង់ចំណាយដែលអនុម័តយល់ព្រមរួចហើយដោយព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក។
មន្ត្រីជាន់ខ្ពស់នៃសេតវិមានម្នាក់បានប្រាប់ VOA ថា៖ «លោកប្រធានាធិបតីច្បាស់ក្នុងចិត្តថា វាជាការខ្ជះខ្ជាយ និងការបំពាននៅក្នុងជំនួយបរទេសរបស់យើង ហើយយើងត្រូវមានភាពឆ្លាតវៃ ថាតើប្រាក់របស់យើងត្រូវបានចំណាយលើអ្វីខ្លះ។ នេះជាមូលហេតុដែលលោកបានស្នើសុំឲ្យរដ្ឋបាលរបស់លោកសិក្សាពីជម្រើសក្នុងការកាត់បន្ថយ»។
ប៉ុន្តែបន្ទាប់ពីអ្នកតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យបានប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់សេតវិមានក្នុងការបង្កកជំនួយបរទេសដែលបានអនុម័តពីសភារួចហើយនោះ រដ្ឋបាលលោក ត្រាំ ក៏បញ្ឈប់ការជំទាស់ទៅនឹងការទាមទាររបស់តំណាងរាស្ត្រទាំងនោះ។
ជំនួយការនៃសេតវិមានម្នាក់បាននិយាយថា៖ «វាច្បាស់ណាស់ថា មានតំណាងរាស្ត្រជាច្រើននៅក្នុងសភាដែលមិនចង់ទប់ស្កាត់ការចំណាយខ្ជះខ្ជាយនេះទេ»។
ការកាត់បន្ថយថវិកាធំៗរបស់លោកត្រាំគឺការកាត់បន្ថយជំនួយបរទេសឲ្យសល់ត្រឹមតែជំនួយចាំបាច់នានា ដែលជាសញ្ញានៃវិបត្តិថវិកា បន្ទាប់លោកត្រាំបានចុះហត្ថលេខាលើផែនការចំណាយប្រាក់២,៧ លានលានដុល្លាររយៈពេល២ឆ្នាំ។
ប៉ុន្តែប្រធានរដ្ឋសភាលោកស្រី Nancy Pelosi ដែលដឹកនាំតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យបាននិយាយថា ការកាត់មិនផ្ដល់ថវិកានោះនឹងបំពានដល់ «គោលការណ៍សុច្ចរិត» នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ជំនួយរយៈពេលវែង។
សភាតំណាងរាស្ត្រពីររូបពីគណបក្សសាធារណរដ្ឋ គឺលោក Lindsey Graham ដែលសមាជិកព្រឹទ្ធសភា និងលោកតំណាងរាស្ត្រ Hal Rogers និយាយថា ការបង្កកជំនួយបរទេសនឹងប៉ះពាល់ «យ៉ាងខ្លាំង» ដល់សន្តិខុសជាតិ និងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ហើយវាក៏ធ្វើឲ្យមានភាពស្មុគស្មាញក្នុងការចរចាលើចំណាយរវាងសភា និងសេតវិមាននៅពេលអនាគត។
លោក ត្រាំ បានបង្ហាញជំហរមិនច្បាស់លាស់ចំពោះបញ្ហានេះ។
លោកប្រធានាធិបតីបានប្រាប់អ្នកសារព័ត៌មាននៅពាក់កណ្តាលខែសីហា ថា៖
«យើងបានផ្តល់ប្រាក់រាប់លានដុល្លារទៅឲ្យប្រទេសដែលមិនចូលចិត្តយើង សូម្បីតែបន្តិច។ ខ្ញុំកំពុងតែកាត់បន្ថយចំណាយនេះ។ យើងទើបតែផ្តល់កញ្ចប់ថវិកាចំនួន៤ប៊ីលានដុល្លារ។ ក្នុងករណីខ្លះ ខ្ញុំយល់ថា វាមានផ្លូវពីរ។ នៅក្នុងករណីខ្លះ ប្រទេសទាំងនោះមិនមែនជាប្រទេសដែលយើងគួរតែផ្តល់ថវិកាឲ្យនោះទេ»។
អតីតមន្ត្រីទីភ្នាក់ងារ USAID បានរិះគន់ផែនការរបស់សេតវិមានក្នុងការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក ដែលជាឧបករណ៍មួយសម្រាប់ជាប្រយោជន៍ដល់អាមេរិក។
នៅក្នុងសារតាមបណ្តាញ Twitter មួយ លោកស្រី Gayle Smith អតីតអ្នកគ្រប់គ្រងទីភ្នាក់ងារ USAID បាននិយាយថា ផែនការ «ដកប្រាក់រាប់សិបលាននៅក្នុងមូលនិធិអភិវឌ្ឍន៍ គ្មានប្រសិទ្ធភាពនោះទេ និងជាការមិនចេះខ្មាស់គេ»។
លោកស្រីបានបន្ថែមថា មូលនិធិអភិវឌ្ឍន៍ «មិនគ្រាន់តែដើម្បីសប្បុរសធម៌នោះទេ» ប៉ុន្តែជាវិធីមួយដើម្បីបង្កើនគុណតម្លៃ គោលនយោបាយបរទេស សន្តិសុខជាតិ និងប្រយោជន៍សេដ្ឋកិច្ចរបស់អាមេរិក៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា